ប្រធានាធិបតីស្តាំនិយមថ្មីរបស់ប្រទេសប្រេស៊ីលលោក Jair Bolsonaro បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃចន្ទដើម្បីបើកមូលដ្ឋានបាញ់បង្ហោះផ្កាយរណបរបស់អាមេរិកស្របពេលដែលលោកបានអំពាវនាវឲ្យមានទំនាក់ទំនងស្និទ្ធស្នាលជាមួយលោក Donald Trump ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
អ្នកអភិរក្សនិយាយឥតសំចៃម្នាក់រូបនេះនឹងត្រូវជួបលោក Trump នៅឯសេតវិមាននៅថ្ងៃអង្គារ។ លោកមានភាពស្និទ្ធស្នាលខាងមនោគមន៍វិជ្ជាជាមួយមេដឹកនាំអាមេរិកនិងបានធ្វើខុសទម្លាប់របស់ប្រេស៊ីលដោយសារតែការធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនមិនមែនប្រទេសអាហ្សង់ទីនសម្រាប់ការធ្វើដំណើរជាផ្លូវការលើកដំបូងរបស់លោកនៅបរទេស។
ដោយលើកកម្ពស់វិធីសាស្ត្រជំនួញបន្ទាប់ពីការដឹកនាំជាងមួយទសវត្សរ៍ដោយប្រធានាធិបតីសង្គមនិយម, លោក Bolsonaro បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនអាមេរិកលើការការពារបច្ចេកទេសដើម្បីអនុញ្ញាតឲ្យផ្កាយរណបពាណិជ្ជកម្មអាចបាញ់បង្ហោះចេញពីមូលដ្ឋាន Alcantara នៅរដ្ឋ Maranhao ភាគខាងជើងប្រទេសប្រេស៊ីលបាន។
លោក Bolsonaro បានថ្លែងនៅសភាពាណិជ្ជកម្មអាមេរិកថា “យើងគួរតែអរគុណព្រះចំពោះការផ្លាស់ប្តូរមនោគមវិជ្ជានាពេលថ្មីៗនេះនៅក្នុងប្រទេសប្រេស៊ីល។ យើងចង់ឲ្យមានប្រទេសប្រេស៊ីលដ៏អស្ចារ្យដូចដែលលោក Trump ចង់ធ្វើឲ្យអាមេរិកជាប្រទេសដ៏អស្ចារ្យ”។
មូលដ្ឋាន Alcantara គឺជាទីតាំងដ៏ល្អឥតខ្ចោះមួយដែលវាស្ថិតនៅក្បែរខ្សែអេក្វាទ័រដោយកាត់បន្ថយតម្រូវការប្រេងបាន៣០ភាគរយ។
ប្រទេសប្រេស៊ីលសង្ឃឹមថា ខ្លួននឹងទទួលបានចំណែកទីផ្សារលក់រាប់ពាន់លានដុល្លាខណៈដែលខ្លួនកំពុងប្រកួតប្រជែងជាមួយមជ្ឈមណ្ឌលអវកាស Kourou នៅកោះហ្គីណេបារាំង។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះត្រូវការការអនុម័តពីសភាប្រេស៊ីល។ សភាបានរារាំងកិច្ចព្រមព្រៀងស្រដៀងគ្នានេះរបស់អតីតប្រធានាធិបតី Fernando Henrique Cardoso ដោយអះអាងថា ប្រទេសនេះនឹងបាត់បង់អធិបតេយ្យភាពក្នុងដៃសហរដ្ឋអាមេរិក៕ AFP
Source: Kampuchea Thmey Daily
0 Comments