ត្បូងឃ្មុំ ៖ ស្របពេលរដូវនេះជារដូវក្តៅផងនោះ អគ្គិភ័យបានឆាបឆេះលឿនដូចផ្លេកបន្ទោរ ដោយឆេះបំផ្លាញផ្ទះពលរដ្ឋប្រក់ក្បឿងជញ្ជាំងក្តារអស់ចំនួន២ខ្នង ផ្ទះប្រក់ហ្វីបប្រូស៊ីម៉ង់ត៍ ជញ្ជាំងក្តារចំនួន១ខ្នង និងផ្ទះប្រក់ដែកជញ្ជាំងក្តារ ចំនួន១ខ្នងផងដែរ សរុបអស់ ចំនួន៤ខ្នង ដែលហេតុការណ៍នេះ កើតឡើង នៅម៉ោង១៤និង៣០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ តែក្នុងករណីអគ្គិភ័យកំពុងប្រើឥទ្ធិពលឆាបឆេះយ៉ាងចាស់ដៃនេះដែរ គេក៏បានឃើញកម្លាំងសហការរបស់សមត្ថកិច្ចយ៉ាងច្រើន បានរួមគ្នាជួយពន្លត់បានជោគជ័យ បានបាញ់ទឹកស្កាត់មិនឲ្យអណ្ដាតភ្លើងឆេះបន្តរាលដាលដល់ផ្ទះពលរដ្ឋជិតខាងយើងបន្តទៀត ចប់ជាស្ថាពរ នៅម៉ោង៦ល្ងាចថ្ងៃដដែល។
លោកវរសេនីយ៍ទោ សាំ ហេង អធិការនគរបាលស្រុកក្រូចឆ្មារបានបញ្ជាក់ឲ្យដឹងថា ក្នុងករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន០៤ខ្នង ក្នុងនោះ មានម្ចាស់ផ្ទះ ៖
១.ឈ្មោះ គួង ម៉ានី ភេទស្រី អាយុ២៣ឆ្នាំ ផ្ទះតៀប ធ្វើឈើប្រក់ដែក ទំហំ ៤X១០ ម៉ែត្រ ខូចខាត ៖ លុយដុល្លារ 1000$ , លុយខ្មែរ 10 ម៉ឺនរៀល , ស្រូវ 400 kg និងសម្ភារ ប្រើប្រាស់។
២.ឈ្មោះ បឿក អ៊ិន ភេទប្រុស អាយុ៤៨ឆ្នាំ ផ្ទះឈើប្រក់ក្បឿងទំហំ ៥X១៤ ម៉ែត្រ ខូចខាត លុយខ្មែរ 20 លាន,មាស 2 តម្លឹង,ប្លាទីន 1 តម្លឹង , ថ្នាំជក់ 6 តោន, ពោត 15 តោន,ស្រូវ 2 តោន និងសម្ភារៈ ប្រើប្រាស់។
៣.ឈ្មោះ ឌីម ភិន ភេទស្រី អាយុ៤៩ឆ្នាំ ផ្ទះឈើហ្វីបប្រូស៊ីម៉ង់ត៍ ទំហំ ៥ x ១២,៥ម៉ែត្រ ការខូចខាត ៖លុយខ្មែរ 3 លានរៀល , មាស 3 ,5 តម្លឹង, ពោត 14 តោន , ថ្នាំជក់ 130 kg និងសម្ភារៈប្រើប្រាស់។
៤.ឈ្មោះ សេក ស៊ីណាន ភេទប្រុស អាយុ៤០ឆ្នាំ ផ្ទះឈើប្រក់ដែក ទំហំ ៦X៩ ម៉ែត្រ ខូចខាត ៖ មាស 5 ជី, ប្លាទីន 2 ជី ពោត 15 តោន និងសម្ភារៈ ប្រើប្រាស់មួយចំនួន។
លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះករណីអគ្គិភ័យដ៏សន្ធោសន្ធៅនេះ ត្រូវបានគ្រប់គ្រង និងធ្វើការបាញ់ទឹកពន្លត់រលត់វិញទាំងស្រុងនៅវេលាម៉ោងប្រមាណ១៨និង០០នាទី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន07គ្រឿង ក្នុងនោះមានរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ តំបែ សួង ត្បូងឃ្មុំ មេមត់ ស្នងការដ្ឋានខេត្តត្បូងឃ្មុំ និងរថយន្ត ស្រុកឆ្លូងខេត្តក្រចេះ សរុបប្រើប្រាស់ទឹក18ឡាន។ ដែលមូលហេតុ បណ្តាលមកពី ទុស្សេខ្សែភ្លើង។
សរុបការខូចខាត ឆេះផ្ទះអស់ 4 ផ្ទះ លុយដុល្លារ 1,000$ លុយខ្មែរ 23,100,000 ស្រូវ 2,400 kg .មាស 6 តម្លឹង ប្លាទីន 1 តម្លឹង 2 ជី.ថ្នាំជក់ 6,130 kg.ពោត 44,000 kg។ ក្នុងករណីអគ្គីភ័យនេះដែរ គឺ មិនបណ្តាលឲ្យមនុស្សណាម្នាក់ទទួលរងរបួសឡើយ៕
Source: Kampuchea Thmey Daily
0 Comments