នាយករដ្ឋមន្ត្រីប្រទេសនូវែលហ្សេឡង់លោកស្រី Jacinda Ardern បានប្តេជ្ញាកាលពីថ្ងៃអង្គារថានឹងមិននិយាយពីឈ្មោះរបស់ខ្មាន់កាំភ្លើងដែលវាយប្រហារនៅវិហារឥស្លាមពីរកន្លែងទេ ខណៈពេលលោកស្រីបើកសម័យប្រជុំសភាមួយជាមួយនឹងសារសន្តិភាពដល់ជនមូស្លីម។
លោកស្រី Ardern បានសន្យាថា “ខ្មាន់កាំភ្លើងនឹងត្រូវប្រឈមនឹងច្បាប់ពេញលេញក្នុងប្រទេសនូវែលហ្សេឡង់”។
លោកស្រីបានប្រាប់សមាជិកសភាអំពីជនជាតិអូស្ដ្រាលីអាយុ២៨ឆ្នាំដែលរងការចោទប្រកាន់វាយប្រហារនេះថា “គាត់បានស្វែងរកអ្វីជាច្រើនពីទង្វើភេរវកម្មរបស់គាត់ប៉ុន្តែអ្វីតែមួយនោះគឺជាការថ្កោលទោស។ នោះហើយជាមូលហេតុដែលអ្នកមិនដែលលឺខ្ញុំនិយាយពីឈ្មោះរបស់គាត់។ គាត់គឺជាភេរវជន។ គាត់គឺជាឧក្រិដ្ឋជន។ គាត់គឺជាអ្នកជ្រុលនិយម។ ប៉ុន្តែនៅពេលខ្ញុំនិយាយ គាត់នឹងមិនត្រូវបានបញ្ចេញឈ្មោះទេ។ ខ្ញុំសូមអង្វរអ្នក និយាយពីឈ្មោះរបស់អ្នកដែលបានបាត់បង់ជីវិតជាជាងឈ្មោះរបស់បុរសដែលបានយកជីវិតរបស់ពួកគេ”។
មេដឹកនាំវ័យ៣៨ឆ្នាំរូបនេះបានបើកសុន្ទរកថារបស់លោកស្រីនៅក្នុងសភាជាមួយនិមិត្តសញ្ញានៃការស្វាគមន៍ដែលបានប្រកាសទូទាំងពិភពឥស្លាម។
លោកស្រីនិយាយថា “សូមឲ្យសន្តិភាព ក្តីមេត្តាករុណានិងពរជ័យរបស់ព្រះអាឡោះនឹងនៅជាមួយអ្នកផងដែរ”។
លោកស្រីបានបិទសុន្ទរកថារបស់លោកស្រីដោយកត់សម្គាល់ថា “នៅថ្ងៃសុក្រដែលមានរយៈពេលមួយសប្តាហ៍ចាប់តាំងពីការវាយប្រហារមក សមាជិកនៃសហគមន៍មូស្លីមនឹងប្រមូលផ្តុំគ្នាសម្រាប់ការថ្វាយបង្គំនៅថ្ងៃនោះ។ សូមឲ្យយើងដឹងអំពីទុក្ខសោករបស់ពួកគេ”។
មតិយោបល់របស់លោកស្រីបានកើតឡើងខណៈដែលសាច់ញាតិរាប់សិបនាក់នៃអ្នកស្លាប់បានចាប់ផ្តើមធ្វើដំណើរមកពីជុំវិញពិភពលោកមុនពិធីបុណ្យសព។
រហូតមកដល់ពេលនេះ ដំណើរយឺតយ៉ាវនៃការកំណត់អត្តសញ្ញាណនិងឯកសារវេជ្ជសាស្ត្របានធ្វើឲ្យការបញ្ចុះសពមិនអាចធ្វើទៅរួចហើយបង្កើនទុក្ខព្រួយដល់ក្រុមគ្រួសារ។
គួរបញ្ជាក់ថា បន្ទាប់ពីការបាញ់ប្រហារសម្លាប់រង្គាលនេះ លោកស្រី Ardern បានសន្យាថានឹងធ្វើកំណែទម្រង់ច្បាប់កាំភ្លើងរបស់ប្រទេសនូវែលហ្សេឡង់៕ AFP
Source: Kampuchea Thmey Daily
0 Comments