ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ លោក ហាំង ម៉េង អភិបាល នៃគណៈអភិបាលស្រុកបន្ទាយអំពិល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សាចារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ពូ សុធិរៈ ទីប្រឹក្សារាជរដ្ឋាភិបាល និង លោក ពូ សៃយាន អនុប្រធានការិយាល័យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាព ការិយាល័យជំនាញជុំវិញស្រុក លោកមេឃុំភូមិ កម្លាំងប្រដាប់អាវុធទាំងបី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមផងដែរ។
ឆ្លៀតក្នុងឱកាសពិធីបើកសម្ពោធឲ្យប្រើប្រាស់នូវសាលាបឋមសិក្សាចារ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ពូ សុធិរៈ និង លោកពូ សៃយាន ព្រមទាំងក្រុមគ្រួសារ ក៏បាននាំយកសម្ភារៈលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចែកជូនដល់សិស្សនៅក្នុងអង្គពិធីនោះផងដែរ។
ក្នុងពិធីដាក់ឲ្យប្រើប្រាស់នៅសាលា១ខ្នង ៥បន្ទប់ ដែលមានបំពាក់គ្រឿងសង្ហារិមដងទង់ជាតិ នោះឯកឧត្ដម ក៏បានមានប្រសាសន៍ថា លោកពិតជាមានអារម្មណ៍សប្បាយចិត្តយ៉ាងក្រៃលែង ដែលបានជួបបងប្អូនប្រជាពលរដ្ឋនៅទីនោះផ្ទាល់ និងស្នាមញញឹមរបស់សិស្សានុសិស្ស ហើយលោកក៏បានផ្ដល់ជាសាលារៀន ដើម្បីផ្ដល់ជាភាពងាយស្រួលក្នុងកាសិក្សារបស់ប្អូនៗ ដែលជាទំពាំងស្នងឫស្សី សម្រាប់បន្តវេន សម្រាប់សង្គមនាពេលអនាគតផងដែរ៕
Source: Kampuchea Thmey Daily
0 Comments