Ad Code

ផ្ទុះ​គ្រាប់​កែច្នៃ​ទៀតហើយ​! យុវជន​ម្នាក់​ បាន​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់ពី​កែច្នៃ​គ្រាប់បែក​ត្រូវ​ខ្លួនឯង នៅ​ស្រុក​អូ​រយ៉ា​ដាវ​



រតនគិរី ៖ យុវជន​ម្នាក់ ខណៈ​យក​គ្រាប់រំសេវ​ផាវ​មក​កែច្នៃ​បោក​ត្រី បាន​ភ្លាត់ស្នៀត​ ត្រូវ​ខ្លួនឯង​រង​របួស​ធ្ងន់ធ្ងរ​។​

​ករណី​ផ្ទុះ​គ្រាប់​កែច្នៃ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក ថ្ងៃ​អង្គារ ១៤​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ ចំណុច​ដង​ទន្លេ​សេសាន ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ភូមិ​ប៉ា​តាង ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ​។​

មន្ត្រីនគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ រ​ម៉ាស ធាន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ច្រាយ រស់នៅ​ភូមិ​/​ឃុំ កើតហេតុ​ខាងលើ រង​របួស​ធ្ងន់ បែក​ភ្នែក​ខាងស្តាំ ដាច់​ប្រអប់​ដៃ​ខាងឆ្វេង និង​ត្រង់​ភ្លៅ​ខាងឆ្វេង​ផងដែរ​។​

ក្រោយពេល​កើតហេតុ​ ជនរងគ្រោះ​ ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ស្រុក​អូរ​យ៉ា​ដាវ​ ដើម្បី​ជួយសង្គ្រោះ​ភ្លាមៗ​ផង​ដែរ​។​

សូម​បញ្ជាក់​ថា ករណី​ផ្ទុះ​គ្រាប់​កែច្នៃ​បោក​ត្រី​ធ្វើ​អំពី​រំសេវ​ផាវ​នេះ កន្លងមក​មាន​ប្រជាពលរដ្ឋ​បាន​រង​របួស​ជា​បន្តបន្ទាប់ ដោយសារ​ករណី​ខាងលើនេះ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​ពុំ​មាន​ចំណាត់​ទាល់តែសោះ​ទៅលើ​ពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​គ្រាប់បែក​កែច្នៃ​មួយ​នេះ​។​ ឬមួយ​អាជ្ញាធរ​មូលដ្ឋាន​ទាំងនោះ​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​?៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu