ប្រជាជនក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា ការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ានិងអ្នកបះបោរជនជាតិភាគតិចរ៉ាក់ឃីនឥឡូវនេះបានឈានដល់ប្រាសាទបុរាណ Mrauk U ហើយដែលជាអតីតរាជធានីរបស់ព្រះរាជាណាចក្ររ៉ាក់ឃីននិងជាទីតាំងទេសចរណ៍ដ៏ពេញនិយមមួយ។
រដ្ឋរ៉ាក់ឃីននៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ាត្រូវបានញាំញីដោយការបែងចែកជាតិសាសន៍និងសាសនា។
រដ្ឋនេះបានស្ថិតនៅក្រោមការយកចិត្តទុកដាក់ជាសកលបន្ទាប់ពីការបង្ក្រាបបង្ហូរឈាមរបស់កងទ័ពឆ្នាំ២០១៧ដែលបានបង្ខំឲ្យជនមូស្លីមរ៉ូហ៊ីងយ៉ាប្រមាណ៧៤០,០០០នាក់ឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសបង់ក្លាដែស។
ប៉ុន្តែពេលនេះ ទាហានកំពុងធ្វើសង្គ្រាមប្រឆាំងនឹងកងទ័ពអារ៉ាកាន (AA) ដែលជាក្រុមបះបោរមួយបានប្រយុទ្ធដើម្បីស្វ័យភាពបន្ថែមទៀតសម្រាប់ពុទ្ធសាសនិកជនជាតិភាគតិចរ៉ាក់ឃីន។
មនុស្សរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅដោយសារអំពើហិង្សាដែលបានរីករាលដាលទៅជិតទីក្រុង Sittwe ហើយឥឡូវនេះបានលេបត្របាក់ទីប្រជុំជន Mrauk U។
អ្នកប្រវត្តិសាស្ត្រក្នុងស្រុកឈ្មោះ Khin Than បានប្រាប់ AFP តាមទូរស័ព្ទកាលពីល្ងាចថ្ងៃចន្ទថា “យើងបានឮស្នូរកាំភ្លើងធុនតូចនិងកាំភ្លើងធំចាប់តាំងពីម៉ោង៧និង៣០នាទីយប់មក”។ លោកស្រីបន្ថែមថា លោកស្រីបានឃើញទាហានបាញ់កាំភ្លើងចេញពីរថយន្តប្រមាណ១០គ្រឿងខណៈពួកគេបើកជុំវិញទីប្រជុំជន។
អ្នកស្រីនិយាយថា “យើងមិនហ៊ានចេញក្រៅទេហើយកំពុងលាក់ខ្លួននៅក្នុងផ្ទះរបស់យើង។ យើងមិនចង់ឲ្យទ្រព្យសម្បត្តិបុរាណរបស់យើងត្រូវបានបំផ្លាញនៅក្នុងការប្រយុទ្ធគ្នានេះទេ”។
ក្នុងចំណោមជនងាយរងគ្រោះបំផុតគឺមានជនជាតិរ៉ូហ៊ីងយ៉ាប្រហែល៦០០,០០០នាក់ដែលរស់នៅក្នុងរដ្ឋរ៉ាក់ឃីនទាំងមិនមានសញ្ជាតិ។
គួរបញ្ជាក់ថា យោធាបានបង្កើនប្រតិបត្តិការប្រឆាំងនឹង AA បន្ទាប់ពីក្រុមឧទ្ទាមប្រដាប់អាវុធមួយនេះបានចាប់ផ្តើមការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិសកាលពីដើមខែមករាដោយបានសម្លាប់មន្ត្រីចំនួន១៣នាក់៕ AFP
Source: Kampuchea Thmey Daily
0 Comments