ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ បានចេញដីកាសម្រេចឃុំខ្លួនចោរឆក់ ចោរប្លន់ម្នាក់ ដាក់ពន្ធនាគារព្រៃ.ស ក្រោមការចោទប្រកាន់ ពីបទ លួចមានស្ថានទម្ងន់ទោស ពាក់ព័ន្ធនឹងបទល្មើសឆក់កាបូបតាមផ្លូវសាធារណៈ។
ជនជាប់ចោទ ឈ្មោះ ទន់ គីមឡេង ហៅ លោង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករជួសជុលម៉ាស៊ីននាវា ស្នាក់នៅផ្ទះលេខ១២ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី នៅចំណុចបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបដៃ ពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខសាលាតិចណូ ផ្លូវសហព័ន្ធរុស្សី ក្រុម៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ បញ្ជូនមកការិយាល័យ។
ពេលចាប់ខ្លួនជនដៃដល់ សមត្ថកិច្ចបានរឹបអូសម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ទឹកប៊ិចលាយស ស៊េរីឆ្នាំ២០១៨ លេខតួ ៣៣៦០៥៦ លេខម៉ាស៊ីន ៣៣៦០១៧ ពាក់ស្លាកលេខភ្នំពេញ១GY-១២៤៩ ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស។
ជនដៃដល់ ឈ្មោះ ទន់ គឹមឡេង នេះគឺជាបក្សពួករបស់ក្រុមចោរឆក់ប្លន់ចំនួន៥នាក់ ដែលតុលាការទើបឃុំខ្លួន កាលពីសប្ដាហ៍មុន នៅគុកធំ ព្រៃ.ស៕
Source: Kampuchea Thmey Daily
0 Comments