ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើច្បាប់ដ៏ចម្រូងចម្រាសដែលអនុញ្ញាតឲ្យតុលាការពិន័យនិងដាក់ពន្ធនាគារដល់មនុស្សដែលមិនគោរពចំពោះអាជ្ញាធរនិងរារាំងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការចេញផ្សាយ “ព័ត៌មានក្លែងក្លាយ”។
លោក Putin បានចុះហត្ថលេខាលើច្បាប់ប្រឆាំងនឹងដំបូន្មានរបស់សកម្មជនសិទិ្ធមនុស្សដែលបានព្រមានថា ច្បាប់នេះនឹងបង្កទៅជាការគាបសង្កត់ហើយនឹងបង្ក្រាបលើសេរីភាពនៃការបញ្ចេញមតិ។
ច្បាប់ស្តីពីការមិនគោរពអាជ្ញាធរបានគាំទ្រការដាក់ទណ្ឌកម្មចំពោះ “ការល្មើសនិមិត្តសញ្ញារដ្ឋ” ហើយបានចែងពីការផាកពិន័យយ៉ាងធ្ងន់ធ្ងរនិងការដាក់ពន្ធនាគាររយៈពេល១៥ថ្ងៃសម្រាប់ជនដែលល្មើសម្តងហើយម្តងទៀត។
ច្បាប់មួយទៀតបានអនុញ្ញាតឲ្យអាជ្ញាធរសម្រេចថាតើអ្វីទៅជា “ព័ត៌មានក្លែងក្លាយ” ហើយផ្តល់ឲ្យក្រុមឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយនូវអំណាចដើម្បីទាមទារឲ្យសារព័ត៌មានលុបព័ត៌មាន។
គេហទំព័រដែលមិនបានធ្វើតាមនេះនឹងត្រូវបានបិទ។
ការពិន័យអាចមានចំនួនរហូតដល់ទៅ១.៥លានរូបល (ជាង២២,៧០០ដុល្លារអាមេរិក) ប្រសិនបើបទល្មើសឈានទៅរកផលវិបាកធ្ងន់ធ្ងរដូចជាការស្លាប់ឬកុបកម្មជាដើម។
ក្រុមសកម្មជនសិទិ្ធមនុស្សបាននិយាយថា ចាប់តាំងពីក្លាយជាប្រធានាធិបតីលើកដំបូងក្នុងឆ្នាំ ២០០០មក លោក Putin បានរឹតបន្តឹងជាបន្តបន្ទាប់លើសេរីភាពនៅក្នុងប្រទេសរុស្ស៊ី បំបិទមាត់អ្នករិះគន់និងដាក់ទូរទស្សន៍ក្រោមការគ្រប់គ្រង។
ក្រុមអ្នករិះគន់បាននិយាយថា ច្បាប់នេះមានអត្ថន័យមិនច្បាស់លាស់និងមានវិសាលភាពធំធេងសម្រាប់ការរំលោភបំពាន ធ្វើឲ្យមានភាពស្មុគស្មាញបន្ថែមទៀតនិងរាំងស្ទះដល់ការងាររបស់សកម្មជនសិទ្ធិមនុស្សនិងអ្នកកាសែតប្រឆាំងនៅក្នុងប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា អាជ្ញាធរបានបញ្ចេញការបង្ក្រាបដ៏ធំមួយទៅលើអ្នកប្រឆាំងបន្ទាប់ពីលោក Putin វិលត្រលប់មកវិមានក្រឹមឡាំងវិញកាលពីឆ្នាំ២០១២នៅពេលប្រឈមមុខនឹងការតវ៉ាដ៏ធំមួយ៕ AFP
Source: Kampuchea Thmey Daily
0 Comments