ភ្នំពេញ ៖ បន្ទាប់ពីមានការរិះគន់បាញ់ចាក់ស្រោចយ៉ាងគំហុកលើនាយ ចឺម និងអ្នកនិពន្ធនៅផលិតកម្មសាន់ដេ ដែលបានយកបទចម្រៀងមរតកដើមមានចំណងជើងថា នឹកភូមិភ្នំធំ ទៅចេតនាកែច្នៃ កាឡៃ ចេញជាបទថ្មីមានចំណងជើងថា អូនជាអ្នកមានសម នឹង អ្នកមានដូចគ្នា បណ្តាលឲ្យខូចទម្រង់ដើមនោះ ពេលនេះក៏ស្រាប់តែលោក ហ៊ាង ម៉េងហួរ បានចេញមុខសូមទោសជាសាធារណៈដល់ក្រុមគ្រួសាររបស់កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន និងមហាជន។
អ្នកនិពន្ធនៅផលិតកម្មសាន់ដេ ហ៊ាង ម៉េងហួរ បានចេញមុខប្រកាសសូមទោសជាសាធារណៈបែបនេះថា ខ្ញុំបាទ ហ៊ាន ម៉េងហួរ ដែលជាអ្នកនិពន្ធប្រចាំផលិតកម្មសាន់ដេ ពេលនេះសូមចេញជាវីដេអូសូមទោសជាសាធារណៈ…..។ ជាដំបូងខ្ញុំបានសូមទោសដល់លោកតា គង្គ ប៊ុនឈឿន និងក្រុមគ្រួសាររបស់លោកគ្រូ ព្រមទាំងមហាជនទាំងអស់ ដែលខ្ញុំបានយកបទចម្រៀងមរតកដើមបទ នឹកភូមភ្នំធំ ឬថ្ងៃដែលអូនចុកឈាម មកកែប៉ារូល….។
អ្នកនិពន្ធរូបនេះបានបន្តថា ករណីកំហុសឆ្លងនេះដោយសារតែលោកមានវ័យនៅក្មេងហើយមិនបានគិតឲ្យបានដិតដល់។ បន្ទាប់ពីបទនេះបានបង្ហោះភ្លាមៗនោះ បានធ្វើឲ្យក្រុមគ្រួសាររបស់លោកតា គង្គ ប៊ុនឈឿន មិនសប្បាយចិត្ត ដូច្នេះហើយទើបខាងផលិតកម្មសម្រេចចិត្តលុបចោលពីបណ្តាញសង្គមយូធូប និងផេកផ្លូវការរបស់ក្រុមហ៊ុនតែម្តង។
លោក ហ៊ាង ម៉េងហួរបានបញ្ជាក់បន្ថែមថា រឿងរ៉ាវនេះក៏បានធ្វើឡើងស្របទៅតាមការសំណូមពររបស់ប្រធានសមាគមសិល្បករខ្មែរផងដែរ។ ដូច្នេះជាចុងក្រោយខ្ញុំបាទមានតែលើកម្រាមដៃ១០ដើម្បីសំពះសូមអភ័យទោសដល់វិញ្ញាណក្ខន្ធរបស់លោកតាគង្គ ប៊ុនឈឿន និងក្រុមគ្រួសារ ព្រមទាំងមហាជនទាំងអស់មេត្តាលើកលែងទោសនិងអធ្យាស្រ័យឲ្យខ្ញុំផង។
គួររម្លឹកថា តារាចម្រៀងនិងជាអតីតតារាកំប្លែងនាយ ចឺម កាលពីថ្មីៗនេះបានផ្ទុះការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីត្រូវបានខាងភាគីផលិតកម្មសាន់ដេបានបញ្ចេញផ្សព្វផ្សាយនូវបទចម្រៀងដែលមានចំណងជើងថា អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា ខណៈដែលសាច់ភ្លេងនិងទំនុកច្រៀងគឺកាឡៃចេញពីបទចម្រៀងមរតកដើមមានចំណងជើងថា នឹកភូមិភ្នំធំ ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា។
ជាការកត់សម្គាល់កាលនោះក្រោយពេលចេញផ្សព្វផ្សាយនូវបទចម្រៀង អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា របស់តារាវ័យក្មេងនាយ ចឺម មិនបានប៉ុន្មានម៉ោងផងក៏មានទស្សនិកជនជាច្រើនបានបញ្ចេញមតិប្រតិកម្មនិងរិះគន់ដោយមិនសំចៃមាត់លើការនិពន្ធនិងច្រៀបបទមួយនេះ។មិនតែប៉ុណ្ណោះក៏មានមហាជនមួយចំនួនបានលើកឡើងថា នាយ ចឺម និងផលិតកម្មសាន់ដេកំពុងតែចង់កាឡៃបទមរតកដើមឲ្យក្មេងជំនាន់ក្រោយលែងស្គាល់ទៀតផង៕
Source: Kampuchea Thmey Daily
0 Comments