ស្ត្រីជនជាតិជប៉ុនអាយុ ១១៦ ឆ្នាំម្នាក់ដែលចូលចិត្តលេងល្បែងអុកឈ្មោះ Othello ត្រូវបានទទួលស្គាល់កាលពីថ្ងៃសៅរ៍ជាមនុស្សដែលចាស់ជាងគេនៅលើពិភពលោកដោយកំណត់ត្រាពិភពលោក Guinness World Records។
អាជ្ញាធរកំណត់ត្រាពិភពលោកបានទទួលស្គាល់ជាផ្លូវការលោកយាយ Kane Tanaka នៅក្នុងពិធីមួយនៅឯមណ្ឌលថែទាំមនុស្សចាស់ដែលលោកយាយរស់នៅក្នុងទីក្រុង Fukuoka ភាគនិរតីប្រទេសជប៉ុន ។ គ្រួសារ និងចៅហ្វាយក្រុងរបស់លោកយាយក៏មានវត្តមានដើម្បីអបអរសាទរផងដែរ។
លោកយាយ Tanaka កើតថ្ងៃទី ២ ខែមករា ឆ្នាំ ១៩០៣ ជាកូនទីប្រាំពីរក្នុងចំណោមកូនប្រាំបីនាក់ ។ លោកយាយបានរៀបការជាមួយលោកតា Hideo Tanaka នៅឆ្នាំ ១៩២២ ហើយពួកគេមានកូនបួននាក់ និងបានយកកូនចិញ្ចឹមម្នាក់ទៀតផងដែរ។
លោកយាយតែងតែភ្ញាក់នៅម៉ោង ៦ ព្រឹក ហើយចូលចិត្តសិក្សាគណិតវិទ្យា ។
មនុស្សដែលមានវ័យចំណាស់ជាងគេកាលពីមុនគឺស្ត្រីជនជាតិជប៉ុនម្នាក់ឈ្មោះ Chiyo Miyako ដែលបានស្លាប់កាលពីខែកក្កដានៅអាយុ ១១៧ ឆ្នាំ។
ជប៉ុនមាននិន្នាការបង្ហាញពីអាយុវែង និងគ្របដណ្តប់បញ្ជីមនុស្សចាស់បំផុត ។ ទោះបីជាការផ្លាស់ប្តូរទម្លាប់នៃរបបអាហារមានន័យថាការធាត់បានកើនឡើងក៏វានៅតែជារឿងកម្រក្នុងប្រទេសមួយដែលប្រពៃណីធ្វើម្ហូបអាហារផ្តោតលើត្រី អង្ករ បន្លែ និងអាហារដែលមានជាតិខ្លាញ់ទាប។
អាយុក៏ត្រូវបានគោរពតាមប្រពៃណីនៅទីនេះផងដែរ មានន័យថាប្រជាជននៅមានសកម្មភាព និងមានអារម្មណ៍ថាមានប្រយោជន៍នៅក្នុងអាយុ ៨០ ឆ្នាំរបស់ពួកគេ។
ប៉ុន្តែលោកយាយ Tanaka មានមធ្យោបាយឆ្ពោះទៅមុខមុនពេលដែលគាត់ជាមនុស្សចាស់ជាងគេបំផុតក្រោយពីស្ត្រីជនជាតិបារាំងម្នាក់ឈ្មោះ Jeanne Louise Calment ដែលមានអាយុ ១២២ ឆ្នាំ ។ នេះបើយោងតាមកំណត់ត្រាពិភពលោក Guinness World Records។
កំណត់ត្រាពិភពលោក Guinness បាននិយាយថា បុរសចំណាស់ជាងគេនៅលើពិភពលោកកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត បន្ទាប់ពីបុរសដែលត្រូវបានទទួលស្គាល់ឈ្មោះ Masazo Nonaka រស់នៅលើកោះ Hokkaido ភាគខាងជើងប្រទេសជប៉ុនបានស្លាប់នៅក្នុងខែមករា នៅអាយុ ១១៣ ឆ្នាំ៕ AP
Source: Kampuchea Thmey Daily
0 Comments