Ad Code

ការ​ជឿ​ទុក​ចិត្ត​ពី​សប្បុរសជន ​និង​ការ​គិតគូរ​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ ធ្វើ​ឲ្យ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ ​ឆ្លើយតប​បាន​ទាន់​ពេល​លើ​ការងារ​មនុស្សធម៌​



បន្ទាយមានជ័យ ៖ លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​បន្ទាយមានជ័យ ​សូម​អំពាវនាវ ​និង​សង្ឃឹមថា​ឆ្នាំ​២០១៩ ​សប្បុរសជន​ក្នុង​និង​ក្រៅ​ខេត្ត​ នឹង​បន្ត​ការ​ជឿ​ទុកចិត្ត​ចូលរួម​ជា​ទ្រព្យធន​ដល់​សាខា​កាកបាទក្រហម​ខេត្ត​នា​ឧកាស​ប្រារព្ធ​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​២០១៩​នាពេលខាងមុខ​ ដើម្បី​បាន​យក​ទៅ​ទ្រទ្រង់ បាន​បន្ត​ឆ្លើយតបបាន​ទាន់ពេល​ក្នុង​កិច្ចការ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ ដែល​រង​គ្រោះ​ដោយ​គ្រោះធម្មជាតិ អគ្គិភ័យ ឬ​គ្រោះ​មហន្តរាយ​ផ្សេងៗ ជាពិសេស​ពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក។​

ការលើកឡើង​យ៉ាងដូច​នេះ ​កាលពី​ថ្ងៃទី​៨​ ខែ​មីនា ឆ្នាំ​​២០១៩​ នៅ​នឹង​សាខា​កាកបាទក្រហម​កម្ពុជា​សាខា​ខេត្តបន្ទាយមានជ័យ ​ក្នុង​ការផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​ស្ដីពី​សកម្មភាព​មួយ​ឆ្នាំ​២០១៨ ​និង​ការងារ​បន្ត​ឆ្នាំ​២០១៩​ របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ​។​

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ដោយ​តែងតែ​ទទួល​ការណែនាំ និង​ការ​ដាក់​ទិសដៅ​ពី​សំណាក់ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លើ​វិស័យ​ទាំង​៤ ដល់​សាខា​កាកបាទក្រហម​ទាំង​២៥​រាជ​ធានី​ខេត្ត ជាពិសេស​ការឆ្លើយតប ឲ្យ​ទាន់ពេលវេលា​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ នៅ​ឆ្នាំ​២០១៨ សាខា​កាកបាទក្រហម​ខេត្ត​បន្ទាយមានជ័យ ដោយមាន​ការគាំទ្រ​ពី​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ និង​ ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ ឯកឧត្ដម សួន បវរ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​កិត្តិយស​សាខា និង​ក្រោម​ការដឹកនាំ​គ្រប់គ្រង​ពី​លោក​ផ្ទាល់ ព្រមទាំង​សមាជិក​សមាជិកា គណៈកម្មាធិការ​សាខា​ទាំង​អស់ បាន​យកចិត្តទុកដាក់​រួប​រួម​គ្នា ប្រកបដោយ​ស្មារតី​សាមគ្គីភាព និង​មនសិការ ទទួលខុសត្រូវ និង​បាន​លះបង់​ទាំង​ពេលវេលា ធនធាន​ផ្ទាល់ខ្លួន ក្នុងការ​ជំរុញ​សកម្មភាព​សាខា​ដំណើរការ​បោះ​ជំហាន ឈានឡើង​ក្នុង​ទិសដៅ​ឆ្ពោះ​ទៅ​សម្រេច​តាម​ទស្សនវិស័យ​រួម​របស់​កាកបាទក្រហម​កម្ពុជា ដែល​បាន​បំពេញ​ភារកិច្ច តាម​វិស័យ​ស្នូល​ទាំង​៤​រួមមាន ៖ វិស័យ​គ្រប់គ្រង​គ្រោះ​មហន្តរាយ វិស័យ​សុខភាព​ និង​ការថែទាំ​សុខភាព​ក្នុង​សហគមន៍ វិស័យ​លើក​កម្ពស់​គោលការណ៍​គ្រឹះ ​និង​តម្លៃ​មនុស្ស​ធម៌ និង វិស័យ​អភិវឌ្ឍន៍​ស្ថាប័ន​ និង​អភិវឌ្ឍន៍​ធនធានមនុស្ស។

ក្នុង​ឆ្នាំ​២០១៨​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ បានផ្តល់​អំណោយ​មនុស្សធម៌​ជូន​ជនរងគ្រោះ មហន្តរាយ និង​ងាយ​រងគ្រោះ​បំផុត​សរុប​៨៦៤​គ្រួសារ ក្នុងនោះ​ចំនួន​ពីរ​គ្រួសារ​ទទួល​ពី​ថ្នាក់​កណ្តាល ចំនួន​៧៧១​គ្រួសារ​ ទទួលបាន​ពីសា​ខា ​និង​៩១​គ្រួសារ ​ទទួលបាន​ពី​អនុ​សាខា​។​

ប្រជាពលរដ្ឋ​ទទួលផល​ពី​ការឆ្លើយតប​នីមួយៗ​រួមមាន​ គ្រួសារ​ក្រីក្រ ទុរគត​ជន​ជំងឺ​រ៉ាំរ៉ៃ ជន​ពិការ លង់​ទឹក​ស្លាប់ ឧបហេតុ​ផ្សេងៗ​ទាំង​៩​ស្រុក​/ក្រុង ​សរុប​៥០០​គ្រួសារ​។ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទាំ​៩​ស្រុក/​ក្រុង​ សរុប​៣២០​គ្រួសារ​។​ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​ទាំង​៩​ស្រុក​ក្រុង​២៥​គ្រួសារ​។​ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​រន្ទះបាញ់​នៅ​៦​ស្រុក ​សរុប​១០​គ្រួសារ​។​
ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ​នៅ​ស្រុក​អូរជ្រៅ​៦​គ្រួសារ​។​ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ផ្ទុះ​មីន​៣គ្រួសារ​។​

ក្រៅពី​ការងារ​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ជនរងគ្រោះ ​និង​ងាយ​រងគ្រោះ​ខាងលើ​ សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្ត​បន្ទាយមានជ័យ​ ក៏បាន​សកម្ម​យ៉ាងខ្លាំង​ថែមទៀត លើ​វិស័យ​បី​ទៀត ​គឺ​វិស័យ​សុខភាព​ និង​ការថែទាំ​សុខភាព ​ក្នុង​សហគមន៍ វិស័យ​លើក​កម្ពស់​គោលការណ៍​គ្រឹះ ​និង​តម្លៃ​មនុស្សធម៌ និង វិស័យ​អភិវឌ្ឍន៍​ស្ថាប័ន​ និង​អភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ​ការ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ការ​លើក​កម្ពស់​សុខភាព​មាតា ទារក ​និង​កុមារ ការពារ​ជំងឺឆ្លង​ក្នុង​សហគមន៍ ....​។​ល​។​

ជាមួយគ្នា​នោះ​ លោក​ក៏បាន ​ប្ដេជ្ញា​ចិត្ត​ថា ធ្វើយ៉ាងណា​ឲ្យ​មាន​តម្លាភាព និង​គណនេយ្យភាព ដោយ​មិន​ប៉ះពាល់ នូវ​សម្ភារៈ និង​ថវិកា​ដែល សប្បុរសជន ​ផ្តល់​ជូន​ឡើយ គឺ​ធ្វើយ៉ាងណា​ឲ្យ​ដល់ដៃ​ពលរដ្ឋ ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu