សកម្មជនសិទ្ធិនារីកាលពីថ្ងៃសុក្រ បានថ្កោលទោសការសម្លាប់អ្នកទម្លាយការសម្ងាត់ម្នាក់នៅក្នុងករណី “ការសម្លាប់ដើម្បីកិត្តិយស” ដ៏ល្បីល្បាញដែលបានបំភ្លឺពីការយកចិត្តទុកដាក់អស់រយៈពេលជាច្រើនឆ្នាំមកហើយទៅលើជនរងគ្រោះជាស្ត្រីនិងបុរសដែលការពារពួកគេ។
ប៉ូលិសបាននិយាយថា លោក Afzal Kohistani ដែលជាបុរសដំបូងដែលបានទាក់ទាញការយកចិត្តទុកដាក់ចំពោះឧប្បត្តិហេតុដ៏អាក្រក់កាលពីឆ្នាំ២០១២ត្រូវបានគេបាញ់សម្លាប់នៅទីក្រុង Abbottabad កាលពីថ្ងៃពុធ។
គាត់បានតាមដានរឿងក្តីមួយដែលក្នុងនោះ បព្វជិតម្នាក់បានបញ្ជាឲ្យមានការសម្លាប់ភ្ញៀវអាពាហ៍ពិពាហ៍ប្រុសនិងស្រីដែលបានបង្ហាញពីការរីករាយក្នុងវីដេអូមួយ។
ព័ត៌មានលម្អិតច្បាស់លាស់នៅតែត្រូវបានលាក់ទុកក្នុងភាពអាថ៌កំបាំងប៉ុន្តែលោក Kohistani បានបញ្ជាក់ជាយូរមកហើយថា ស្ត្រីនៅក្នុងវីដេអូនោះត្រូវបានគេធ្វើឃាត។
លោក Abdul Aziz Afridi មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បានប្រាប់ AFP ថា គាត់ត្រូវបានគេបាញ់ប្រាំគ្រាប់នៅលើផ្លូវដ៏មមាញឹកមួយហើយបានស្លាប់នៅនឹងកន្លែង។
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រថា មនុស្សយ៉ាងតិចពីរនាក់ត្រូវបានចាប់ខ្លួន។
លោក Shaukat Yousafzai រដ្ឋមន្ត្រីព័ត៌មានខេត្តបានប្រាប់ AFP ថា “ជនល្មើសនៃឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃនេះនឹងត្រូវនាំយកទៅកាត់ទោស”។
ឃាតកម្មរបស់លោក Kohistani បានបង្កឲ្យមានកំហឹងនៅក្នុងប្រទេសប៉ាគីស្ថានដែលជាកន្លែងក្រុមសកម្មជនសិទ្ធិមនុស្សបានប្រយុទ្ធប្រឆាំងជាយូរមកហើយលើការសម្លាប់ដើម្បីកិត្តិយសដែលប្រកាន់យកជាទូទៅនៅទូទាំងតំបន់អាស៊ីខាងត្បូងមួយនេះ។
ស្ត្រីត្រូវបានបាញ់សម្លាប់ ចាក់នឹងកាំបិត គប់ដុំថ្ម ដុតនិងចងកដោយសារការនាំ “ភាពអាម៉ាស់” មកឲ្យក្រុមគ្រួសាររបស់ពួកគេដូចជាការបដិសេធសំណើរៀបការឬរៀបការជាមួយបុរសខុសនិងជួយមិត្តភក្តិឲ្យលួចរត់ទៅរៀបការ។
បុរសក៏អាចជាជនរងគ្រោះផងដែរបើទោះបីជាវាកម្រមានក៏ដោយ។ សកម្មជនសិទ្ធិមនុស្សដែលចូលរួមក្នុងការហែក្បួនមួយដើម្បីប្រារព្ធទិវានារីអន្តរជាតិកាលពីថ្ងៃសុក្របានថ្កោលទោសការបាញ់ប្រហារលើលោក Kohistani៕ AFP
Source: Kampuchea Thmey Daily
0 Comments