ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅក្នុងពិធីអបអរខួបអនុស្សាវរីយ៍លើកទី ១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ ដែលបាន ប្រារព្ធធ្វើឡើងនៅសាលមហោស្រពកោះពេជ្រនាព្រឹកថ្ងៃទី៥ ខែមីនា នេះបានអំពាវនាវគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯក ជននិងជនរួមជាតិទូទាំងប្រទេសចូលរួមទាំងអស់គ្នាដើម្បីអនុវត្តនូវចំណុចសំខាន់ៗចំនួន ៥ ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងកិច្ចគាំពារសង្គម ឲ្យមានប្រសិទ្ធភាពនិងតម្លាភាព។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលក្នុងមុំទី៤ គឺការពង្រឹងសមត្ថភាពយេនឌ័រនិងការគាំពារសង្គមដើម្បីលើកស្ទួយតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ។ ក្នុងន័យដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងកិច្ចគាំពារសង្គមឲ្យមានប្រសិទ្ធភាពនិងតម្លាភាពខ្ញុំសូមអំពាវនាវគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍសង្គមស៊ីវិលវិស័យឯកជននិងជនរួមជាតិទូទាំង ប្រទេសសូមចូលរួមទាំងអស់គ្នាដើម្បីអនុវត្តនូវចំណុចសំខាន់សំខាន់ដូចខាងក្រោម៖ ទី១.ត្រូវរួមគ្នាយកចិត្តទុកដាក់តាមរយៈការផ្ដល់អតិភាពបង្កើនចំនួនស្ត្រីឲ្យមានតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់វិស័យនិងគ្រប់កម្រិតទៅតាមសមត្ថភាពដែលមានហើយត្រូវជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅក្នុងឱកាសបំពេញការងារតាមតួនាទីរបស់ពួកគាត់។
ទី២.ត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់និងត្រូវពន្លឿនដំណើរការទឹកដីឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់អំពើហិង្សាទាក់ទងនិងយេនឌ័រហើយត្រូវសហការគ្នាបង្កើតឲ្យមានមូលដ្ឋានស្ថិតិរួមជាផ្លូវការមួយដែលអាចតាមដាននិងវាយតម្លៃអំពីប្រសិទ្ធភាពនៃការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
ទី៣.ក្រសួងអប់រំយុវជននិងកីឡាត្រូវធ្វើការណែនាំដល់គ្រប់គឺស្ថានសិក្សាទាំងអស់ឲ្យពង្រឹងការអនុវត្តវិន័យទន្ទឹមនឹងនេះ ត្រូវបន្តផ្ដល់ឱកាសដល់ក្មេងស្រីនឹកគ្រប់កម្រិតដើម្បីបានសិក្សាមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM)ដែលជាយុគទំនើបកម្មបច្ចេកវិទ្យា។
ទី៤.ក្រសួងមហាផ្ទៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងក្រសួងព័ត៌មានត្រូវគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតនៅទូទាំងប្រទេសឲ្យមាន ប្រសិទ្ធភាពដើម្បីទប់ស្កាត់បញ្ហាជាច្រើនដែលពាក់ព័ន្ធនឹងអំពើហិង្សាការកេងប្រវ័ញ្ចលើស្ត្រីនិងក្មេងស្រីតាមប្រព័ន្ធអ៊ីនធឺណិតនិងបណ្ដាញផ្សព្វផ្សាយផ្សេងៗដែលធ្វើឲ្យបាត់សណ្តាប់ធ្នាប់សង្គម។
ទី៥.ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងព័ត៌មាននិងបណ្ដាញផ្សព្វផ្សាយទាំងអស់ត្រូវបន្តពង្រឹងនិងលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរតាមរយៈការបង្កើតកម្មវិធីអប់រំល្អល្អដើម្បីបង្ហាញអំពីអត្តចរិតស្ត្រីខ្មែរជាពិសេសការស្លៀកពាក់ប្រកបដោយភាពថ្លៃថ្នូរមានលក្ខណៈជាស្ត្រីខ្មែរស័ក្ដិសមជាប្រទេសដែលមានអរិយធម៌រុងរឿងនៅគ្រប់ជំនាន់។
ទិវាអន្តរជាតិនារី ៨មីនាខួបលើកទី១០៨ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស»។ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនាត្រូវបានពិភពលោកប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរីភាពនិងគេចផុតពីទង្វើជិះជាន់នានា។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាតែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្ត្រីរហូតបង្កើតបានជាពាក្យស្លោកថា «ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។
នៅក្នុងឱកាសនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានលើកឡើងផងដែរថា ប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស»ក្នុងគោលបំណងអនុវត្តគោនយោបាយជាតិគាំពារសង្គម ដែលធានាបាននូវបរិយាប័ន្ន និង សមធម៌ឆ្លើយតបនឹងបញ្ហាយេនឌ័រ ដែលស្ត្រីគ្រប់រូបមានសិទ្ធិនិងកាតព្វកិច្ចដូចបុរស ដើម្បីទទួលបានឱកាស និងអត្ថប្រយោជន៍ផ្សេងៗ តាមរយៈសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍឥតឈប់ឈរនាពេលបច្ចុប្បន្ននេះ។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានកោតសរសើរក្រសួងកិច្ចការនារីក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងស្ថាប័ន ពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ អន្តរជាតិទាំងអស់ដែលបានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិឋានៈ តួនាទី សុខុមាលភាពរបស់ស្ត្រី និងកុមារនិងការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព។
សម្តេចក៏បានសម្តែងនូវអំណរគុណជូនចំពោះជនរមជាតិទូទាំងប្រទេសដែលបានផ្តល់ភាពយុត្តិធម៌និងជំនឿទុកចិត្តមកលើការដឹកនាំរបស់សម្តេចនិងគណបក្សប្រជាជនកម្ពុជាដោយបានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ជូនគណបក្សប្រជាជនឲ្យបន្តដឹកនាំប្រទេសជាតិតទៅមុខទៀតដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនជាពិសេសគឺការថែរក្សានិងការពារសុខសន្តិភាពឲ្យបានគង់វង្សជារៀងរហូត។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា ការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រីកម្ពុជាដែលជាកម្លាំងចលករមួយក្នុងការរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ គឺជាកិច្ចការអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត។
របាយការណ៍វាយតម្លៃរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៨ បង្ហាញឲ្យឃើញថា ភាពរីកចម្រើនរបស់ស្ត្រីកម្ពុជាក្នុងវិស័យសេដ្ឋកិច្ច និងវិស័យអប់រំ ទាំងស្ត្រី និងក្មេងស្រីទទួលបានលទ្ធផលល្អ ដោយទទួលបានចំណាត់ថ្នាក់ពីលេខ ១១២ នៅឆ្នាំ ២០១៦ មកលេខ ៩៣ នៅឆ្នាំ ២០១៨។ ទន្ទឹមនេះ កម្ពុជាជាប្រទេសដែលមានអត្រាស្ត្រីចូលរួមក្នុងកម្លាំងពលកម្មខ្ពស់ជាងគេ (៧៩%)ហើយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងប្រទេសកម្ពុជាមាន៦៥% ជាស្ត្រី។
ម្យ៉ាងវិញទៀត ក្នុងវិស័យអប់រំ ស្ត្រី និងក្មេងស្រីមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានការសិក្សាអប់រំក្នុងកម្រិតបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិស្សស្រីដែលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៧២០១៨ មានចំនួន ៣៩.៨៣១ នាក់(សាមសិបប្រាំបួនពាន់ប្រាំបីរយសាមសិបមួយនាក់) ស្មើនឹង ៥២ ៣៨%។ ចំនួនសិស្សស្រីនៅឧត្តមសិក្សាក៏មានការកើនឡើង ក្នុងនោះថ្នាក់បរិញ្ញាប័ត្ររងមាន ៤៩% ថ្នាក់បរិញ្ញាប័ត្រមាន ៤៥, ៩% ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់២១, ៦% និងថ្នាក់បណ្ឌិត ៥,១% ។ មិនតែប៉ុណ្ណោះចំនួនសិស្សនិស្សិត ដែលបានជ្រើសរើសមុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្ត្របច្ចេកទេសវិស្វកម្ម និងគណិតវិទ្យា (STEM) មានការកើនឡើងគឺសរុបមានចំនួន ៤៤. ៣៦៦ នាក់ (សែសិបបួនពាន់បីរយហុកសិបប្រាំមួយនាក់) ក្នុងនោះស្រីមាន ២៩, ៨%៕
Source: Kampuchea Thmey Daily
0 Comments