ភ្នំពេញ ៖ ជាមួយការគាំទ្រឲ្យស្ថាប័ននៅថ្នាក់ក្រោមជាតិផ្តល់តួនាទីដល់ស្ត្រីឲ្យបានច្រើន សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានផ្តល់ជាដំបូន្មានឲ្យក្រសួងស្ថាប័នរដ្ឋទាំងអស់នោះ ត្រូវតែផ្តល់នូវសិទ្ធិអំណាចនិង ការទទួលខុសត្រូវដល់ស្ត្រីទាំងអស់ផងដែរ។ សម្តេចតេជោបានលើកឡើងថា កុំតែងតាំងគ្រាន់តែល្អមើលថាខ្លួនមាន សមភាពយ៉េនឌ័រ ប៉ុន្តែទីបំផុតស្ត្រីនៅតែមិនបានចូលរួមធ្វើសេចក្តីសម្រេចចិត្តនិងមិនបានចូលរួមបំពេញមុខងារក្នុងស្ថាប័នជំនាញនោះទេ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងបែបនេះ នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនាខួបលើកទី១០៨ នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃទី ៥ ខែមីនានេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា វាជាការងាយស្រួលទេបើនិយាយពីការយកចិត្តទុកដាក់ចំពោះស្ត្រីក៏ប៉ុន្តែបើគ្មានការអនុវត្តជាក់ស្ដែងណាមួយចំពោះស្ត្រីទេនោះវាក៏គ្មានន័យអ្វីដែរ។ សម្តេចបន្តថា ខ្ញុំនៅតែបន្តទាមទារឲ្យពង្រីកនូវអត្រានៃការចូលរួមពីស្ត្រីឲ្យបានច្រើន ជាពិសេសធ្វើការតែងតាំងស្ត្រីនៅក្នុងមុខងារតួនាទីដែលពួកគេគួរត្រូវបានបង្កើន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ខ្ញុំសូមស្នើឲ្យគ្រប់ក្រសួងទាំងអស់រៀបចំឲ្យមាន ខ្ញុំគាំទ្រឲ្យមានសម្រាប់មុខតំណែងនៅតាមស្ថាប័នថ្នាក់ក្រោម ខ្ញុំបានធ្វើរួចមកហើយសម្រាប់តាមស្ថាប័ន ថ្នាក់ជាតិ ដែលមានកម្រិតដូចជាចំនួនស្ត្រីជារដ្ឋលេខាធិការ ជាអនុរដ្ឋលេខាធិការនិងនៅក្នុងក្របខ័ណ្ឌគណៈអភិបាលខេត្ត គណៈអភិបាលស្រុក គឺមានស្ត្រីរួចមកហើយ»។
សម្តេចតេជោបន្តថា សម្តេចមិនទាន់ច្បាស់ទេថា តើឥឡូវនៅតាមបណ្តាអគ្គនាយកដ្ឋាននៅតាមនាយកដ្ឋានតើមានស្ត្រីក្នុងមុខតំណែងជាអគ្គនាយកអគ្គនាយករងមានគ្រប់គ្រាន់ហើយ ឬនៅ? បើមិនទាន់មានទេសូមស្នើឲ្យគ្រប់ក្រសួងស្ថាប័នពិនិត្យទទួលយកស្ត្រីឲ្យមានគ្រប់នៅក្នុងរចនាសម្ព័ន្ធនៃកិច្ចការរបស់យើង។
សម្តេចបន្តទៀតថា សម្តេចយល់ថា បច្ចុប្បន្នស្ត្រីរបស់យើងបានកសាងសមត្ថភាពគ្រាន់បើហើយ។ ដូច្នេះការចាក់បញ្ចូលឲ្យគាត់ទទួលបន្ទុកជាអគ្គនាយកឬអគ្គនាយករង គឺជាការល្អក៏ប៉ុន្តែបុរសក៏ត្រូវកាន់កាប់នៅកន្លែងនោះដែរ ប៉ុន្តែកន្លែងដែលជាអគ្គនាយកដ្ឋាននីមួយៗមានអគ្គនាយករង ចំនួន ៤ ឬ ៥នាក់ គប្បីមានស្ត្រីម្នាក់ ឬ ពីរនាក់នៅក្នុងនោះដែរ។ ចំណែកនៅនាយកដ្ឋានបើមិនបានធ្វើប្រធាននាយកដ្ឋានទេគប្បីមានអនុប្រធាននាយកដ្ឋានម្នាក់ផងដែរ បើរៀបចំបែបនេះគឺជាការល្អ។ ប៉ុន្តែសម្តេចនៅតែបញ្ជាក់បន្ថែមថា បើផ្តល់តួនាទីឲ្យស្ត្រីទៅកាន់ការងារហើយត្រូវផ្ដល់ការងារឲ្យពួកគាត់ធ្វើផងមិនមែនគ្រាន់តែតែងតាំងដើម្បីបង្គ្រប់កិច្ចថា អង្គភាពរបស់ខ្ញុំមានសមភាពយ៉េនឌ័រល្អណាស់ ព្រោះមានស្ត្រីភាគរយប៉ុណ្ណោះភាគរយ។ ប៉ុន្តែទីបំផុតស្ត្រីមិនបានចូលរួមធ្វើសេចក្តីសម្រេចចិត្តនិងមិនបានចូលរួមបំពេញមុខងារក្នុងស្ថាប័នជំនាញនោះទេ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បន្តជំរុញឲ្យរដ្ឋមន្ត្រីនៅតាមក្រសួងនានាគួរគប្បីជួបស្ត្រីឲ្យបាន២-៣ដងក្នុងមួយឆ្នាំ ដើម្បីបានស្តាប់នូវការលើកឡើងនូវមតិយោបល់នានារបស់ស្ត្រី។ បើនៅតាមក្រសួងនិងស្ថាប័ននានា ធ្វើសកម្មភាពបានច្រើននោះ បញ្ហារបស់ស្ត្រីនឹងត្រូវបានដោះស្រាយ ហើយធ្វើឲ្យការលើកកម្ពស់សិទ្ធិរបស់ស្ត្រីនឹងកាន់តែប្រសើរ។
យោងតាមរបាយការណ៍របស់ក្រសួងកិច្ចការនារីឆ្នាំ២០១៨ សរុបចំនួនមុខតំណែងចាប់ពីមន្ត្រីរហូតដល់ថ្នាក់ដឹកនាំជាស្ត្រីមានចំនួន ៨៥.២១៧នាក់។ ឆ្នាំ២០១៨ បរិមាណទ័ពនារីក្នុងកងយោធពលខេមរភូមិន្ទដែលក្រសួងការពារជាតិមានចំនួន១២៣នាក់ត្រូវបានទទួលការដំឡើងឋានៈតួនាទីបានកើនឡើងគួរឲ្យកត់សម្គាល់ថ្នាក់ឧត្តមសេនីយ៍ទោ និងឧត្តមសេនីយ៍ត្រី។ ស្ត្រីនៅក្នុងមុខតំណែងជាឯកអគ្គរាជទូតក្នុងឆ្នាំ២០១៨មានចំនួន៤រូប និងមន្ត្រីការទូតជាស្ត្រីប្រចាំនៅបរទេសមានចំនួន៤៩រូប។ ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៧រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការបានបណ្តុះបណ្តាលក្រឡាបញ្ជីជាស្រីចំនួន២៦នាក់ ជាមេធាវី ១២នាក់ និងចៅក្រម៣៤នាក់។ ក្រសួងអប់រំយុវជននិងកីឡាបានបង្កើនអាហារូបករណ៍ជាអាទិភាពដល់និស្សិតនារីរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជនប្រមាណ ៥.០០០នាក់ ក្នុងនោះផ្តល់អាទិភាពដល់សិស្សក្រីក្រ(១៥%)សិស្សមកពីតំបន់ដាច់ស្រយាល(១០%)សិស្សនារី(១៥%) និងសិស្សទូទៅ(១០)ចំនួននិស្សិតនារីដែលបានបញ្ចប់ថ្នាក់ឧត្តមសិក្សាមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងនោះថ្នាក់បរិញ្ញាប័ត្ររងមាន ៤៨,៥៨%, បរិញ្ញាប័ត្រ ៤៦,៧៥%, បរិញ្ញាប័ត្រជាន់ខ្ពស់ ២៧,៤៨% និងថ្នាក់បណ្ឌិត ១៧នាក់។ ឆ្នាំ២០១៨និស្សិតនារីត្រូវបានជ្រើសរើសសម្រាប់អាហារូបករណ៍មានចំនួន៤.៣៥៩នាក់ ស្មើនឹង៦០,៦៣%នៃចំនួនសរុប៧.១៧១នាក់ ក្នុងនោះនិស្សិតនារីទទួលអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសមាន ២៤,០២%នៃចំនួននិស្សិតសរុប៩២០នាក់។ ឆ្នាំសិក្សា ២០១៧-២០១៨ ចំនួននិស្សិតនារីស្នាក់នៅក្នុងអន្តេវាសិកដ្ឋានមានចំនួន ២.៣៤៨ នាក់៕
Source: Kampuchea Thmey Daily
0 Comments