ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ក្រសួងគ្រោងនឹងរៀបចំប្រព័ន្ធទំនាក់ទំនងតាមអនឡាញជាមួយគ្រឹះស្ថានសហគ្រាសនានានៅទូទាំងប្រទេសដើម្បីងាយស្រួលក្នុងការចុះអន្តរាគមន៍និងដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលានៅពេលមានបញ្ហាអ្វីកើតឡើង។
ថ្លែងក្រោយពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ និងការប្រកាសដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១ ៩ ២០២៣កាលពីព្រឹកថ្ងៃទី៥ខែមីនាឆ្នាំ២០១៩នៅទីស្តីការក្រសួង លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថាការរៀបចំប្រព័ន្ធទំនាក់ទំនងតាមអនឡាញជាមួយគ្រឹះស្ថានសហគ្រាសនេះនឹងជួយសម្រួលដល់រោងចក្រសហគ្រាសនានា មា នពេលវេលាគ្រប់គ្រាន់ក្នុងការបង្កើនផលិតភាពរបស់ខ្លួនឲ្យបានច្រើនថែមទៀតពិសេសកាត់បន្ថយការចំណា យក្រៅផ្លូវការផងដែរ។
លោកបណ្ឌិត អ៊ិត សំហេង បានបន្តថា«អានេះគឺយើងជួយសម្រួលដល់វិស័យឯកជនដើម្បីទុកឱកាសឲ្យសហគ្រាសគ្រឹះស្ថានមានពេលវេលាគ្រប់គ្រាន់ដើម្បីបង្កើននូវផលិតភាពអានេះក៏ស្របទៅតាមកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលហើយដែលក្រសួងការងារបានរួមចំណែកជាមួយស្ថាប័នផ្សេងទៀតដើម្បីបន្ថយចំនួនចុះទៅអធិការកិច្ច»។
ជាមួយគ្នានេះដែរ លោកបណ្ឌិតរដ្ឋមន្ត្រីបានបន្ថែមទៀតថា ចាប់ពីឆ្នាំ២០១៩នេះតទៅក្រសួងនឹងកាត់បន្ថយការចុះអធិការកិច្ច ដែលតាមធម្មតាក្នុង១ឆ្នាំចុះយ៉ាងតិចពីរដងនៅតាមរោងចក្រសហគ្រាសនោះមកនៅត្រឹមមួយដងវិញប៉ុណ្ណោះដោយផ្តល់ឱកាសឲ្យផ្នែកឯកជនស្វ័យអធិការដោយខ្លួនឯងផ្ទាល់តែម្តងរួចរាយការណ៍មកក្រសួង។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ប៉ុន្តែក្នុងករណីមានវិវាទការងារ មានការប្តឹងផ្តល់គ្នា គ្រោះថ្នាក់ការងារនិងមានបញ្ហាផ្សេងៗទៀតកើតឡើងនៅតាមរោងចក្រសហគ្រាសនីមួយៗកើតឡើងនោះទើបក្រុមអធិការកិច្ចក្រសួងចុះទៅស្រា វជ្រាវនិងដោះស្រាយទៅតាមច្បាប់ដើម្បីជួយសម្រួលទំនាក់ទំនងវិជ្ជាជីវៈឲ្យកាន់តែប្រសើរ។
ទន្ទឹមនឹងនេះលោករដ្ឋន្ត្រី ក៏មានបំណងចង់ឲ្យអន្តរក្រសួងដែលមានក្រុមអធិការធ្វើការពិភាក្សាគ្នាដើម្បីពិនិត្យមើលលទ្ធភាពក្នុងការច្របាច់បញ្ចូលក្រុមអធិការកិច្ចតែមួយសម្រាប់ចុះទៅអធិការកិច្ចនៅតាមសហគ្រាសរោងចក្រនានា។
ចំណែក លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានថ្លែងឲ្យដឹងកាលពីថ្ងៃទី៥មីនាថានេះគឺគម្រោងដ៏ល្អមួយព្រោះវាបានជួយសម្រួលដល់វិស័យឯកជនក្នុងការប្រកបអាជីវកម្មបានពេញលេញដោយមិនចាំបាច់ចំណាយពេលវេលាទៅទទួលឬឆ្លើយសំណួរពីមន្ត្រីអធិការកិច្ចទៀតទេ។ លោកស្នើទៅក្រសួងគួររៀបចំប្រព័ន្ធទំនាក់ទំនងតាមអនឡាញនេះឲ្យបានលឿនដើម្បីងាយស្រួលដល់គ្រឹះ ស្ថា នសហគ្រាសក្នុងការទំនាក់ទំនងនិងដោះស្រាយបញ្ហាបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ លោកបានលើកឡើងថា បើនៅស្រុកគេគេមានប្រព័ន្ធគ្រប់គ្រងហានិភ័យមួយសម្រាប់គ្រប់គ្រងនៅតាមរោងចក្រសហគ្រាសដែលប្រព័ន្ធនេះមិនតម្រូវឲ្យក្រុមអធិការកិច្ចចុះទៅគ្រប់រោងចក្រសហគ្រាសនោះទេ។មានន័យថារោងចក្រណាអនុវត្តបានល្អស្របតាមច្បាប់កំណត់គេមិនសូវចុះទៅធ្វើអធិការកិច្ចទេពោលគឺគេចុះទៅអធិការកិច្ចទៅលើរោងចក្រណាដែលអនុវត្តមិនបានល្អដូចជាឧស្សាហ៍មានបញ្ហាផ្សេងៗជាដើម។
លោក កាំង ម៉ូនីកាបានឲ្យដឹងថា ទោះបីជាក្រសួងកាត់បន្ថយចំនួនអធិការកិច្ចក៏ដោយក៏គ្រឹះស្ថានរោងចក្រសហគ្រាសនៅតែបន្តអនុវត្តនិងកែលម្អនូវអ្វីដែលខ្វះខាតដើម្បិចូលរួមលើកកម្ពស់វិស័យការងារនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត។
គួរបញ្ជាក់ថា ឆ្នាំ២០១៨ កន្លងទៅនេះក្រសួងការងារបានធ្វើអធិការកិច្ចការងារចំនួន ៩ ៣៥០លើក, បានដាក់កំហិត ចំនួន ១ ០៥១សហគ្រាស, បានផាកពិន័យ ១០០សហគ្រាស និងប្តឹងទៅតុលាការ ៤សហគ្រាស។
បានផ្សះផ្សាវិវាទការងារសរុបចំនួន ៥៨០ករណី ក្នុងនោះវិវាទការងារ រួមចំនួន ១៦៣ករណី នៃ ១២៥សហគ្រាស គ្រឹះស្ថាន (កម្មករនិយោជិត ៩៣ ៥២១នាក់) ដោយសះជាចំនួន ២៩៦ករណី, មិនសះជាចំនួន ២២៤ករណី និងមោឃៈចំនួន ៦០ករណី។ សំណុំរឿងដែលក្រុមប្រឹក្សាអាជ្ញា កណ្តាលទទួលបានមានចំនួន ៥៣ករណី បានចេញសេចក្តីបង្គាប់ចំនួន ៤១ករណី និងសះជា ១២ករណី៕
Source: Kampuchea Thmey Daily
0 Comments