ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកទឹកចិត្តឲ្យក្រសួងសន្តិសុខឡាវ និង ក្រសួងមហាផ្ទៃកម្ពុជា ធ្វើកិច្ចពិភាក្សាបន្តទៀតជាពិសេសសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់ប្រជាជនទាំងសងខាងនៅតាមព្រំដែន។ សម្ដេចក៏បានថ្លែងនូវក្ដីរីករាយផងដែរលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនិងបញ្ហាគ្រឿងញៀន។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃទី៥មីនានេះ នៅវិមានសន្តិភាពបានអនុញ្ញាតឲ្យប្រតិភូក្រសួងសន្តិសុខសាធារណៈឡាវដឹកនាំដោយលោក វីល័យ ឡាខាំហ្វង រដ្ឋមន្ត្រីសន្តិសុខសាធារណៈឡាវ ចូលជួបសំដែងការគួរសម។
លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថា លោក វីល័យ ឡាខាំហ្វង បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃជំនួបពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ដែលបានផ្លាស់ប្ដូរនូវព័ត៌មានក៏ដូចជាផ្លាស់ប្ដូរនូវបទពិសោធន៍មួយចំនួន ហើយក៏បានពិភាក្សានិងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការមួយចំនួនរួមមាន ការទប់ស្កាត់ការជួញដូរគ្រឿងញៀន, បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន, បញ្ហាការកាប់ឈើខុសច្បាប់ និង ការពង្រឹងសន្តិសុខសុវត្ថិភាពតាមព្រំដែន និង ធ្វើយ៉ាងណាសម្រួលឲ្យប្រជាជនទាំងសងខាងអាចធ្វើដំណើរឆ្លងកាត់ធ្វើអាជីវកម្មឆ្លងកាត់តាមព្រំដែនបានស្រួលនិងប្រកបដោយ សុវត្ថិភាព។
លោក វីល័យ ឡាខាំហ្វង ក៏បានគោរពជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថាការធ្វើទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះគឺឆ្លើយតបទៅនឹងអ្វីដែលបានសម្រេចកន្លងមកគឺកម្ពុជានិងឡាវត្រូវជួបគ្នាក្នុងមួយឆ្នាំម្ដងដើម្បីពិភាក្សា និង ពិនិត្យមើលលើអ្វីដែលបានធ្វើកន្លងមកហើយនិងដាក់ទិសដៅសម្រាប់ធ្វើការងាររួមគ្នា ស្របតាមអ្វីដែលបានសម្រេចដោយថ្នាក់ដឹកនាំ ប្រទេសទាំងពីរ។
ជាការឆ្លើយតបសម្ដេចតេជោហ៊ុន សែន បានសំដែងនូវការអបអរសាទរនិងស្វាគមន៍ចំពោះអ្វីដែល បានពិភាក្សា និង ឯកភាពជាមួយសម្ដេចក្រឡាហោម ស ខេង ហើយក៏បានសំដែងនូវការរីករាយផងដែរថា អ្វីដែលជាកិច្ចពិភាក្សានាជំនួបរវាងលោក វីល័យ ឡាខាំហ្វង និង សម្ដេចក្រឡាហោម ស ខេង គឺឆ្លុះបញ្ចាំងនូវទំនាក់ទំនងពិសេសរវាងប្រទេសយើងទាំងពីរនោះ គឺជំនួបជាប្រចាំឆ្នាំដែលអនុញ្ញាតឲ្យ ប្រទេស ទាំងពីរបានជួបពិភាក្សាគ្នាពិនិត្យមើលលើអ្វីដែលបានសម្រេចដោយថ្នាក់ដឹកនាំហើយ , ហើយអ្វីដែលត្រូវធ្វើបន្តទៀត។
ក្នុងន័យនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឲ្យមានកិច្ចពិភាក្សាបន្តទៀតជាពិសេសសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់ប្រជាជនទាំងសងខាងនៅតាមព្រំដែនហើយសម្ដេចក៏បានថ្លែងនូវក្ដីរីករាយផងដែរលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលបានលើកឡើងលើបញ្ហាគ្រឿងញៀន៕
Source: Kampuchea Thmey Daily
0 Comments