Ad Code

ក្រសួងសុខាភិបាល ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺគ្រុនឈាម​នៅ​ឆ្នាំ​២០១៩​នេះ​



ភ្នំពេញ​ ៖ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ក្រើនរំលឹក​ដល់​សាធារណជន និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ទាំង​អស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺគ្រុនឈាម​ព្រោះ​នៅ​ឆ្នាំ​២០១៩​នេះ​ជំងឺគ្រុនឈាម​អាច​នឹង​ផ្ទុះឡើង​។

​ការ​ក្រើនរំលឹក​របស់​ក្រសួងសុខាភិបាល​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​គេ​សង្កេត​ឃើញ​ថា ​មាន ករណី​ជំងឺគ្រុនឈាម​នៅ​ទូទាំង​ប្រទេស ក្នុង​ដើមឆ្នាំ​២០១៩​នេះ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​បើ​ប្រៀបធៀប​ទៅ​នឹង​ពេលវេលា​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ។

​ម្យ៉ាងទៀត​តាម​តាម​ការវិភាគ​អេ​ពី​ដេ​មី​សាស្ត្រ និង​ការ​ប៉ាន់​ប្រមើល​លើ​ស្ថានភាព​ជំងឺគ្រុនឈាម​របស់​អង្គការ​សុខភាព​ពិភពលោក បង្ហាញថា​ជំងឺគ្រុនឈាម ប្រហែលជា​អាច​នឹង​ផ្ទុះឡើង នៅក្នុង​ឆ្នាំ​២០១៩​នេះ ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ មានការ​ប្រុងប្រយ័ត្ន​យកចិត្តទុកដាក់​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្តន៍​វិធានការ​មាន​ដូច​ខាង​ក្រោម​ដើម្បី​ជៀស​ផុត​ពី​ភាព​អាចមាន​ការផ្ទុះ​ឡើង​នូវ​ជំងឺគ្រុនឈាម នៅក្នុង​ឆ្នាំនេះ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​

​បើ​តាម​សេចក្តី​ក្រើនរំលឹក​របស់​ក្រសួងសុខាភិបាល ចេញផ្សាយ​កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ២០១៩​បាន​ឲ្យ​ដឹង​ថា ​កត្តា​មួយ​ក្នុងចំណោម​កត្តា​ជាច្រើន​ដែល​បង្ក​ឲ្យ​មាន​ជំងឺគ្រុនឈាម​នោះ គឺ​បម្រែបម្រួល​អាកាសធាតុ និង​វត្តមាន​ជម្រក​មូស​ខ្លា នៅ​តាម​ផ្ទះសម្បែង ឬ​ទីធ្លា​សាធារណៈ​។

ក្រសួងសុខាភិបាល បាន​អះអាងថា ជំងឺគ្រុនឈាម ជា​ជំងឺ​អាច​កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ ដែល​បង្កឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​បឺត​ឈាម​អ្នក​ដែល​មាន​វីរុស​ន​ឈាម ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​។ មូស​ខ្លា កកើត​កូនចៅ​នៅក្នុង​ទឹកថ្លា​ស្អាត និង​ចូលចិត្ត​រស់នៅ​ជិត​មនុស្ស ហើយ​ហើរ​ក្នុង​ចំងាយ​មិន​លើសពី​១៥០​ម៉ែត្រ​ពី​ជម្រក​កកើត​មូស​។



ជំងឺគ្រុនឈាម​មាន​រោគសញ្ញា​ដូចតទៅ​គឺ ២​ទៅ​៣​ថ្ងៃ​ក្រោយពី​មូស​ខ្លា​ញី​ខាំ អ្នកជំងឺ​មាន​ក្តៅ​ខ្លួន​ពី ៣៩ ទៅ ៤០ អង្សា​សេ​អម​ដោយ​រោគសញ្ញា​ផ្សេងៗ​ទៀត​ដូចជា មុខ​ក្រហម ឈឺ​ប្រឡង់​កែវភ្នែក​ចាក់​ទៅ​ក្រោយ ឈឺក្បាល ចង់​ក្អួត​ឬ​កួត ឈឺពោះ ឈឺ​សាច់ដុំ ឈឺសន្លាក់​ដៃជើង ស្នាម​អុចៗ​ក្រហម​លើ​ស្បែក ឬ​ មាន​ហូរឈាម​តាម​អញ្ចាញ​ធ្មេញ​ជាដើម​។

យោង​តាម​ការស្រាវជ្រាវ​បាណក​សាស្ត្រ របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ​នៃ​ក្រសួងសុខាភិបាល រួម​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត បាន​បញ្ជាក់​ឲ្យឃើញ​ថា ​មូស​ខ្លា​ចូលចិត្ត​ពង និង​បង្កបង្កើត​កូនចៅ ក្នុង​សំបក​កង់ឡាន​និង​សំបក​កង់​ម៉ូតូ​ចាស់ៗ ចំនួន​១១​ដង ច្រើនជាង​វត្ថុ​ដក់​ទឹក ឬ​ដាក់​ទឹក​ផ្សេងៗ​។

នៅក្នុង​ខែមករា ឆ្នាំ​២០១៩​កន្លង​មក​នេះ កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​បាន​ធ្វើ​ការ​អង្កេត​បាណក​សាស្ត្រ​នៅ​តាម​ទីតាំង​ដែល​ជ្រើសរើស​សម្រាប់​ធ្វើ​ការសិក្សា និង​ពិនិត្យ​តាមដាន​ស្ថានភាព​មូស​ខ្លា​ក្នុង​រាជធានី​ភ្នំពេញ នា​រដូវប្រាំង​នេះ ដែល​លទ្ធផល​បានបង្ហាញ​ឲ្យ​ឃើញ​ថា ​មូស​ស្ទើរតែ​ទាំងអស់​សុទ្ធតែ ជា​មូស​អង្កាម​។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ថ្លែង​នៅក្នុង​សេចក្តី​ក្រើនរំលឹក​ក្រសួងសុខាភិបាល​ដោយ​អំពាវនាវ​និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​ចូលរួម​លប់​បាត់​ជម្រក​មូស​ខ្លា​ដោយ​ប្រកាន់ខ្ជាប់​នូវ​ការរស់នៅ​គំរូ​ល្អ​គឺ​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​ជា​គ្រួសារ​គំរូ​ព្រោះ​ផ្ទះ​ខ្ញុំ​និង​លំនៅឋាន​របស់ខ្ញុំ​គ្មាន​ដង្កូវទឹក​។

ជាមួយគ្នានេះ​ដែរ ​លោករ​ដ្ឋ​មន្ត្រី​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​សំអាត​លំនៅឋាន​ឲ្យ​បាន​ស្អាត​លុប​បំបាត់​កុំ​ឲ្យ​មាន​វត្ថុ​ដែល​អាច​ដក់​ទឹកបាន​ដូចជា​សំបក​កង់ឡាន កង់ ដូង​ព្រោះ​វត្ថុ​ទាំងនេះ​ជា​ជម្រក​នៃ​ការ​កកើត​ដង្កូវទឹក​ហើយ​វិវត្តន៍​ទៅជា​មូស​ខ្លា​ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា ​នៅពេល​សង្ស័យថា​មាន​កើត​ជំងឺគ្រុនឈាម​ត្រូវ​ប្រញាប់​ទៅកាន់​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ផ្ទះ​បំផុត​ ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា​បើ​ទុក​យូរ​អាចធ្វើ​ឲ្យ​អ្នកជំងឺ​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu