សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានកោះហៅកីឡាករចំនួន២៣នាក់ថ្មីៗនេះឲ្យ ចូលក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដេស ខណៈសមាជិកស្ទើរតែទាំងអស់សុទ្ធតែជ្រើសរើសចេញពីក្រុមជម្រើសជាតិក្រោមអាយុ២២ឆ្នាំ (U22) ដែលទើបបញ្ចប់ភារកិច្ចក្នុងពានរង្វាន់ជើងឯកតំបន់អាស៊ាន AFF U22 Championship 2019 ថ្មីៗនេះ។
យោងតាមការបញ្ជាក់ពីមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកឡើងថា ក្រុមជម្រើសជាតិកម្ពុជា ត្រៀមកោះហៅប្រមូលផ្តុំកីឡាករចាប់ពីថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា នេះតទៅ ខណៈនៅពេលនេះស.ប.ក បានប្រកាសលក់សំបុត្រសម្រាប់ទស្សនិកជនចូលទស្សនាហើយនៅមុខច្រកចូលពហុកីឡដ្ឋានជាតិ ក្នុងប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយបង់ក្លាដេស ដែលធ្វើឡើងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ លើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ។ ចំណែកសំបុត្រមានបែងចែកជា២តម្លៃគឺ ប្រភេទ ទី១ តម្លៃ១០,០០០៛ និងប្រភេទទី២ ចំនួន៥,០០០៛។
ចំពោះថ្នាក់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា លើនេះមាន លោក ឈូក ពិសិដ្ឋ ជាអ្នកចាត់ការទូទៅរបស់ក្រុម ហើយលោក Felix G. Dalmas ជាគ្រូបង្គោល លោក អ៊ុង កងយ៉ានិត ជាជំនួយ លោក យុន វង្សរ៉ាត់ ចាគ្រូអ្នកចាំទី លោក លឹម ច័ន្ទមុន្នីឧត្តម មន្ត្រីផ្នែកគ្រប់គ្រងសម្ភារៈ លោក ស្រ៊ិន លាងខេង និងលោក ខាត់ ចាន់ហាក់ ជាគ្រូពេទ្យ លោក Shinya Kizaki។
ចំណែកកីឡាករទាំង២៣នាក់វិញមាន កែន ច័ន្ទសុភ័ក្រ, ឆេង ម៉េង, ទៀត គឹមហេង,ស៊ិន សុផាណាត់, សាន គឹមហេង, អ៊ិន សុដាវីដ,ស៊ិន កក្កដា,កែវ សុខសិលា, អ៊ុក សុវណ្ណ មកពីក្លិបវិសាខា កីឡាករ សឿត បារាំង, យើ មូស្លីម,សាវែង សំណាង, យើ សាហ្វី, អ៊ន ចាន់ប៉ូលីន, ប្រាក់ ធីវ៉ា ជាកីឡាករមកពីក្លិបភ្នំពេញក្រោន កីឡាករ ហ៊ុល គឹមហ៊ុយ, ទេស សម្បត្តិ,សេត រ៉ស៊ីប និងលី វ៉ាហេទ មកពីក្លិបបឹងកេត កីឡាករ ឈង់ ប៊ុនណាត មកពីក្រុមអង្គរថាយហ្គឺរ កីឡាករ ណារ៉ុង កក្កដា និងកាន់ ពិសាល មកពីក្លិបក្រសួងការពារជាតិ កីឡាករ ឃៀង ម៉េងហ៊ួរ មកពីក្លិបព្រះខ័នរាជស្វាយរៀង សៀង ចន្ធា មកពីមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី។
ក្រុមជម្រើសជាតិកម្ពុជា កំពុងតែដឹកនាំដោយលោក Keisuke Honda ធ្វើជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា មក Hondaនិងដៃស្តាំរបស់ខ្លួនគឺលោក Felix កាន់ការជាគ្រូបង្វឹក។ ក្រោមការគ្រប់គ្រងផ្ទាល់ពីអ្នកទាំង២ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតលើឆាកអន្តរជាតិចំនួន៧ប្រកួតមកហើយចាញ់ម៉ាឡេស៊ី ៣ទល់១ និងស្មើគ្នាជាមួយទីម័រខាងកើត ២ទល់២ និងបន្តចាញ់សឹង្ហបុរី ២ទល់១ ក្នុងប្រកួតមិត្តភាពអន្តរជាតិ ខណៈនៅក្នុងវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup កម្ពុជាបានចាញ់ម៉ាឡេស៊ី ១ទល់០ បន្តចាញ់មីយ៉ាន់ម៉ា ៤ទល់១ តែឈ្នះឡាវ ៣ទល់១ និងចុងក្រោយចាញ់វៀតណាម ៣ទល់០ ក្នុងវគ្គជម្រុះតាមពូល៕
Source: Kampuchea Thmey Daily
0 Comments