ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បានចាប់ផ្តើម​ធ្វើការ​អំពាវនាវ​ឲ្យ​មានការ​ផ្សះផ្សា​ជាមួយ​ប្រទេស​អ៊ីតាលី​បន្ទាប់ពី​ជម្លោះ​ការទូត​មួយ​រវាង​ប្រទេសជិតខាង​ទាំងពីរ​ដែល​ជំរុញ​ឲ្យ​ទីក្រុង​ប៉ារីស​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន។

ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មាន​ភាព​តានតឹង​ដោយសារតែ​ការប៉ះទង្គិច​គ្នា​ម្តង​ហើយ​ម្តងទៀត​រវាង​រដ្ឋាភិបាល​និយម​កណ្តាល​របស់លោក Macron និង​រដ្ឋាភិបាលចម្រុះ​ប្រជា​និយម​របស់​ប្រទេស​អ៊ីតាលី​។​

កាលពី​ខែកុម្ភៈ ទីក្រុង​ប៉ារីស​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត Christian Masset អស់​រយៈពេល​មួយ​សប្ដាហ៍​ដើម្បី​តវ៉ា​ចំពោះ​ការវាយប្រហារ​មិនមាន​មូលដ្ឋាន​និង​ការទាមទារ​ចម្លែកៗ​ដោយ​រដ្ឋាភិបាល​អ៊ីតាលី​។​

លោក Macron បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​នៅលើ​កញ្ចក់​ទូរទស្សន៍​អ៊ីតាលី​ថា “​មានការ​សន្ទនា​គ្នា​និង​មានការ​ប្រែប្រួល​ជាច្រើន​ហើយ​ខ្ញុំ​គិតថា យើង​ជំពាក់​ប្រជាជន​របស់​យើង ប្រវត្តិសាស្ត្រ​របស់​យើង​និង​អឺរ៉ុប​”​។​

នៅក្នុង​ស្មារតី​នៃ​ការផ្សះផ្សារ លោក Macron បាន​និយាយថា លោក​នឹង​ទទួល​សម​ភាគី​អ៊ីតាលី​លោក Sergio Mattarella ក្នុង​ទីក្រុង Amboise ភាគ​កណ្តាល​ប្រទេស​បារាំង​នៅ​ថ្ងៃទី​២​ឧសភា​ដើម្បី​អបអរ​ខួប​លើក​ទី​៥០០​នៃ​ការស្លាប់​របស់លោក Leonardo da Vinci ជាមួយ​យុវជន​បារាំង​និង​អ៊ីតាលី​។ លោក​បាន​បន្ថែមថា “​យើង​នឹង​ពិភាក្សា​អំពី​អនាគត​និង​បញ្ហា​អឺរ៉ុប​”​។​

លោក Macron បាន​និយាយថា ប្រធានាធិបតី​ទាំងពីរ​មានបំណង​លុបបំបាត់​ការយល់ច្រឡំ​ដែល​ជួនកាល​អាច​កើតឡើង​នៅក្នុង​ជីវិត​នយោបាយ​ឬ​សេដ្ឋកិច្ច​។​

ដោយ​លើកលែងតែ​សំណួរ​ទាក់ទង​នឹង​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ទីក្រុង Lyon និង Turin ដែល​គាត់​បាន​សង្កត់ធ្ងន់ថា​មាន​សារៈសំខាន់​នោះ​, លោក Macron មិនបាន​លើកឡើង​ពី​ប្រធានបទ​ផ្សេងៗ​ទៀត​ដូចជា​ការគាំទ្រ​របស់​ថ្នាក់ដឹកនាំ​អ៊ីតាលី​លើ​ក្រុមអ្នកតវ៉ា “​អាវកាក់​ពណ៌​លឿង​” នៅ​ប្រទេស​បារាំង​ឬ​ការច្របាច់បញ្ចូលគ្នា​រវាង​ក្រុមហ៊ុន​ផលិត​នាវា​បារាំង​ឈ្មោះ Chantiers de l'Atlantique និង Fincantieri របស់​អ៊ីតាលី​ទេ​។​
​ផ្ទុយទៅវិញ គាត់​បាន​និយាយ​យ៉ាងយូរ​អំពី​សេចក្ដីស្រឡាញ់​របស់គាត់​ចំពោះ​ប្រទេស​អ៊ីតាលី​និង​ការធ្វើដំណើរ​របស់គាត់​៕ AFP



[caption id="attachment_1032218" align="alignnone" width="700"] ​[/caption]

Source: Kampuchea Thmey Daily