ភ្នំពេញ ៖ ​មហាជន ​បាន​ធ្វើ​ការ​រិះគន់​ទៅលើ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ ហាក់ដូចជា​មិនបាន​ចូលរួម​ក្នុងការ​ថែរក្សា​បរិស្ថាន​អ្វី​បន្តិច​សោះ។

ជាក់ស្តែង​នៅក្នុង​រូបភាព​នេះ ​គឺ​អាជ្ញាធរ​បាន​យក​ស្លាក​បម្រាម​មក​ដាក់​បញ្ជរ​ប៉ុណ្ណឹង​ទៅ​ហើយ ក៏​នៅតែមាន​អ្នក​យក​សំរាម​មក​ចោល​ក្នុង​បំណង​ផ្គើន​នឹង​អាជ្ញាធរ ​ហើយ​ទីតាំង​ក្នុង​រូបភាព​នេះ​គឺ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៣៦៩​ ភូមិ​ព្រែកតាពៅ​ ខាងជើង​ផ្សារ​ជនជាតិ​ខ្មែរ​ឥស្លាម ​សង្កាត់​ព្រែកប្រា ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ។

បើ​តាម​ការ​លើកឡើង​របស់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​៣៦៩​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ​សំរាម​ដែល​គេ​ឃើញ​នៅ​ទីតាំង​ខាងលើនេះ​ គឺ​ពុំ​មាន​អ្នក​មកពី​ចម្ងាយ​យក​មក​បោះចោល​ឡើយ​ ហើយ​មិន​គួរ​ណា​ភ្នាក់ងារ​ទទួលបន្ទុក​ផាក​ពិន័យ​អ្នក​ចោល​សំរាម​ ហាក់​មានតែ​ឈ្មោះ​ចាំ​បើក​លុយ​ពី​សាលា​ខណ្ឌ​ច្បារអំពៅ ​ដោយ​ពុំ​ទទួលខុសត្រូវ​នូវ​ភារកិច្ច​របស់ខ្លួន​ រួច​ដាក់បន្ទុក​តែ​ទៅលើ​កម្លាំង​ប្រជា​ការពារ​សាលាខណ្ឌ​ច្បារអំពៅ​ ដែល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដើរ​តែ​ប្រមូល​សំរាម​សឹង​ទូទាំង​មូលដ្ឋាន​ខណ្ឌ។

ជា​សំណូមពរ​របស់​មហាជន​និង​អ្នកដំណើរ​សុំ​ឲ្យ​មន្ត្រី​ទទួលបន្ទុក​ចាំ​ផាកពិន័យ​ គួរតែ​ដាក់​កម្លាំង​ចាំ​ឃាត់​អ្នក​ចោល​សំរាម​បែប​អនាធិបតេយ្យ​យកមក​ផាកពិន័យ​ឲ្យ​ធ្ងន់ធ្ងរ​ ព្រោះ​​បើ​ពុំដូច្នោះ​ទេ​មូលដ្ឋាន​យើង​មិន​អាច​លុបបំបាត់​សំរាម​អស់​ឡើយ៕




Source: Kampuchea Thmey Daily