តាកែវ ៖ ស្ត្រីជនសង្ស័យក្នុងករណីចោរកម្មម្នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួន និងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ បន្ទាប់ពីសកម្មភាពលួចម៉ូតូបានសម្រេចមួយថ្ងៃ។
ហេតុការណ៍ចាប់ខ្លួនជនសង្ស័យក្នុងករណីលួចនេះ ធ្វើឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៧និង៣០នាទីព្រឹក ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី នៅចំណុចខាងជើងផ្សារត្រាំខ្នារ ស្ថិតក្នុងភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី។
ប៉ូលិសស្រុកបាទីបានប្រាប់ថា ជនសង្ស័យមានឈ្មោះ នាល នី ភេទស្រី អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងគៀប ឃុំត្រពាំងក្រសាំង ស្រុកបាទី បច្ចុប្បន្នស្នាក់នៅផ្ទះជួលទួលពង្រ រាជធានីភ្នំពេញ បានធ្វើសកម្មភាពលួចម៉ូតូកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចខាងជើងផ្សារត្រាំខ្នារ ស្ថិតក្នុងភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី។ ចំណែកម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដា សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០០៣ ជារបស់ឈ្មោះ សួង ង៉ន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខណៈដែលម្ចាស់បញ្ឈរទុកនៅចំណុចក្បែរផ្សារត្រាំខ្នារ។
ប៉ូលិសស្រុកបាទីបានបន្តថា ជនសង្ស័យត្រូវបានប្រជាពលរដ្ឋប្រទះឃើញដោយមានភិនភាគដូចនៅក្នុងកាមេរ៉ាសុវត្ថិភាពដែលថតបានពេលធ្វើសកម្មភាពលួច ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចដើម្បីឃាត់ខ្លួនសាកសួរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញស្រុកបាទីកសាងសំណុំរឿង និងស្រាវជ្រាវស្វែងរកបក្ខពួកដើម្បីចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments