តាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពហែកឯកសារ និងទាត់ធាត់មន្ត្រីជំរឿនម្នាក់ក្នុងពេលកំពុងបំពេញភារកិច្ច។
ករណីហិង្សាដាក់មន្ត្រីជំរឿននេះ កើតឡើងកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងត្រគៀត ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ ប៉ូលិសស្រុកត្រាំកក់បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មិន សុក ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងត្រគៀត ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។ ចំណែកជនរងគ្រោះមានឈ្មោះ យ៉ាង សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ ជាមន្ត្រីជំរឿន រស់នៅភូមិរំពាក់ពេន ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។ ប៉ូលិសស្រុកត្រាំកក់ បានបញ្ជាក់ថា ជនរងគ្រោះ ក្នុងពេលចុះបំពេញការងារជំរឿនប្រជាជននៅទីតាំងខាងលើ ស្រាប់តែជនសង្ស័យឈ្មោះ មិន សុក បានរារាំងមិនឲ្យលោក យ៉ាង សុភាព ចុះបំពេញឯកសារនិងធ្វើការងារនៅផ្ទះខ្លួននោះទេ។ ពិសេសគ្រាន់តែឃើញមន្ត្រីជំរឿនចុះបំពេញការងារភ្លាម ស្រាប់តែជនសង្ស័យស្ទុះទៅដណ្តើមយកឯកសារការងារ ដែលលោកយ៉ាង សុភាព ចុះធ្វើបានចំនួន៥៧គ្រួសារ និងផែនទីប្លង់ជំរឿនយកទៅហែក និងដុតចោលទាំងអស់។ មិនតែប៉ុណ្ណោះ ឈ្មោះ មិន សុក បានទាត់លោក យ៉ាង សុភាពចំនួន៤ជើងទៀតផង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments