ភ្នំពេញ ៖ តំណាងពលរដ្ឋចំនួន៣១គ្រួសារ គឺលោកស្រី លី សុខងីម បានចេញមុខ ដើម្បីស្នើសុំឲ្យសម្ដេចហ៊ុនសែន ជួយរកយុត្តិធម៌ រឿងទំនាស់ដីធ្លីជាង៨០ហិកតា នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ក្រោយពីសម្ដេចតេជោបានដកតំណែងអភិបាលរងខេត្ដ២ រូប រួចមក។
ករណីទំនាស់ដីធ្លីទំហំជាង៨០ហិកតា នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នេះបានប្តឹងរហូតដល់តុលាការ រហូតបានចេញដីការក្សាការពារ ដោយភាគីទាំងសងខាងអះអាងថា ជាម្ចាស់កម្មសិទ្ធិរៀងៗខ្លួន ដែលមានភាគីម្ខាង គឺលោកមេធាវី ហាក់ សៀកលី បានការពារឲ្យកូនក្តីគាត់ជាមន្ត្រីប៉ូលិសពាក់ផ្កាយបី បានចោទប្រកាន់ អ្នកស្រីលី សុខងីម ថា បានក្លែងនិងលួចដីរបស់គាត់ ហើយតុលាការបានចេញដីការក្សាការពារ ប៉ុន្តែអ្នកស្រី បានបដិសេធ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ កាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ អ្នកស្រី លី សុខងីម ដែលជាម្ចាស់ដី ស្របច្បាប់ និងជាអ្នកបានទិញដីទាំងនោះពីប្រជាពលរដ្ឋជាង៣១គ្រួសារ បានធ្វើសន្និសីទកាសែតមួយ បកស្រាយ និងវាយបកទៅលើមេធាវី ហាក់ សៀកលី ដើម្បីឲ្យដឹងថា អ្នកណាជាម្ចាស់ដីពិតប្រាកដ។
អ្នកស្រី លី សុខងីម បានឆ្លើយតបនឹងការបកស្រាយរបស់លោកមេធាវីហាក់សៀកលី រួមទាំងកូនក្តី និងបញ្ជាក់បំភ្លឺជូនសាធារណជនថា នាងខ្ញុំ លី សុខងីម អាយុ ៣៩ ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ ៤៣ អឺ0ផ្លូវលេខ ១២៥ សង្កាត់វាលវង់ខណ្ឌ ៧មករា រាជធានីភ្នំពេញ និងប្រជាពលរដ្ឋ ៣១ គ្រួសារ បានរស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាំងពីឆ្នាំ ១៩៨៤ មកម្ល៉េះ គឺជាម្ចាស់ដីតាមទំហំដី៨៨ហិកតាយ៉ាងពិតប្រាកដ។
អ្នកស្រី លី សុខងីម បានលើកឡើងទៀតថា យើងខ្ញុំសូមជម្រាបសាធារណជន និងមេធាវីហាក់ សៀកលី ឲ្យបានជ្រាបថា ពាក្យដែលលោកមេធាវីលើកឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៩ ដែល លោកមេធាវីលើកឡើងថា កូនក្តីលោក បានទិញដីពីម្ចាស់ដីទាំងអស់ ជាជនជាតិខ្មែរ មិនមែនជនជាតិចិន ដូចការចោទប្រកាន់របស់យើងខ្ញុំឡើយ។
អ្នកស្រីសុខងីម បានអះអាងថា៖ ការបំភ្លឺខាងលើនេះ ជាការបំផ្លើស គ្មានការពិត ក្នុងចេតនាទុច្ចរិត គ្មានឯកសារយោងផ្លូវច្បាប់ បញ្ជាក់។ យើងខ្ញុំសូមឆ្លើយតបជាមួយនឹងផ្លូវច្បាប់ ដោយភ្ជាប់ឯកសារយោង ជូនសាធារណជន និងមេធាវីហាក់សៀកលី រួមទាំងកូនក្តីលោកមេធាវីផងដែរ កូនក្តីលោក បានទិញដីពីម្ចាស់ដើមជាអ្នកលក់ឲ្យគឺជនជាតិចិន ៣ នាក់ មានឈ្មោះដូចជាឈ្មោះ អ៊ាប ហ៊ឈន ឈ្មោះយេ ម៉ីហុង និងឈ្មោះតាំង អៀងទី។ ឈ្មោះជាជនជាតិចិនទាំងបីនាក់ ត្រូវបានក្រសួងមហាផ្ទៃ ធ្វើអធិការកិច្ចរកឃើញថា ពុំមានឈ្មោះជនជាតិចិនទាំងបីនេះ ចូលសញ្ជាតិខ្មែរតម្កល់ទុកនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មឡើយ។ តើផ្លូវច្បាប់កូនក្តីលោកទិញដីពីជនជាតិចិនទាំង ៣នាក់ ដែលមានអត្តសញ្ញាណប័ណ្ណក្លែងក្លាយ តើត្រឹមត្រូវតាមច្បាប់ទេ ហើយមានមនុស្សពិតប្រាកដដែរឬទេ បច្ចុប្បន្នគាត់រស់នៅឯណា បង្ហាញមុខឱ្យសាធារណជនបានឃើញ ផងខណៈដែលលោកមេធាវីថាកូនក្តីរបស់លោកទិញពីជនជាតិខ្មែរនោះ។ ម្យ៉ាងទៀតប្រជាពលរដ្ឋ ៣១គ្រួសារ ដែលរស់នៅលើដីតាំងពីឆ្នាំ ១៩៨៤ យើងខ្ញុំមិនបានលក់ដីឲ្យកូនក្តីលោកមេធាវីសោះ ចុះហេតុអ្វីលោកមេធាវីហ៊ានបកស្រាយបំភ្លឺការពិតថាកូនក្តីលោក ទិញពីម្ចាស់ដើមបែបនេះទៅវិញ។
អ្នកស្រីបានបន្តថា លោកជាមេធាវីបានលើកឡើងថា អត្តសញ្ញាណប័ណ្ណរបស់ជនជាតិចិនទាំងបី ត្រូវបានចេញឲ្យប្រើតាំងពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា មកម្ល៉េះ ដូច្នេះពុំអាចបន្សល់នូវឯកសារតម្កល់ទុកណាមួយ រហូតបច្ចុប្បន្នបានទេ។ ការបំភ្លឺខាងលើរបស់មេធាវីហាក់ សៀកលី គឺគ្មានហេតុផល គ្មានឯកសារផ្លូវច្បាប់ និងទម្លាក់កំហុសអោយទៅស្ថាប័នអត្តសញ្ញាណកម្មថា មិនចេះទុកឯកសារប្រជាពលរដ្ឋ។ អ្នកស្រីបានបន្ថែមថា បើពិតដូចការបកស្រាយរបស់លោកមេធាវី សូមលោកមេធាវីធ្វើលិខិតអញ្ជើញជនជាតិចិនទាំង៣នាក់ខាងលើ ចេញមកបំភ្លឺសាធារណជន និងភ្ជាប់ឯកសារផ្លូវច្បាប់ ថាតើជនជាតិចិនទាំងបីនាក់នោះ គាត់មានប័ណ្ណកម្មសិទ្ធិប្លង់រឹង ដោយរបៀបណា បើគាត់មិនដែលបានរស់នៅលើដីនោះទាល់តែសោះ ជាពិសេសអាជ្ញាធរមូលដ្ឋានភូមិឃុំស្រុក មិនដែលស្គាល់ជនជាតិចិនទាំងបីនាក់ខាងលើនោះទេ។ តើពួកគាត់ទិញដីពីអ្នកណា ម្យ៉ាងទៀត ចំពោះជនជាតិចិនទាំងបីនាក់ដែលលោកមេធាវីអះអាងថា ជាជនជាតិខ្មែរនោះ តើពួកគាត់ហ៊ានជួបតទល់ នឹងប្រជាពលរដ្ឋ ៣១គ្រួសារ ដែលជាសាក្សីរស់ដែរឬទេ។
អ្នកស្រីបានលើកឡើងថា លោកមេធាវីហាក់ សៀកលី បានលើកឡើងថា តាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃថា បានប្រើប្រាស់អត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ដើមទាំងបីនាក់ ពុំមានឯកសារតម្កល់ទុកនៅការិយាល័យអត្តសញ្ញាណកម្មទេ ការបញ្ជាក់បែបនេះ ពុំមែនបានសេចក្តីថា អត្តសញ្ញាណប័ណ្ណទាំងនោះ ក្លែងក្លាយឡើយ ដោយសារថាមានការផ្លាស់ប្ដូរគំរូ នៃការធ្វើអត្តសញ្ញាណប័ណ្ណច្រើនលើករួចមកហើយ។ អ្នកស្រីបានថា ការបំភ្លឺខាងលើនេះ ជាការបំផ្លើសគ្មានការពិត និងទម្លាក់កំហុសដល់ការិយាល័យអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលរាជធានីទាំងស្រុង។
អ្នកស្រីបានបន្តថា យើងខ្ញុំសូមឆ្លើយតបជាមួយ នឹងផ្លូវច្បាប់ និងបង្ហាញឯកសារយោង ជូនលោកមេធាវីហាក់ សៀងលី រាល់ឯកសារបញ្ជាក់អត្តសញ្ញាណទាំងអស់ របស់ប្រជាពលរដ្ឋកម្ពុជា សុទ្ធតែត្រូវបានក្រសួងមហាផ្ទៃ តម្កល់ទុករាល់គ្រប់ឯកសារ មិនថាអត្តសញ្ញាណប័ណ្ណគំរូថ្មី ឬក៏គំរូចាស់ គឺមានតម្កល់ទុកច្បាប់ដើម។ ម្យ៉ាងវិញទៀត បើផ្អែកលើអធិការកិច្ច ក្រសួងមហាផ្ទៃ និងរបាយការណ៍បំភ្លឺរបស់អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់យ៉ាងច្បាស់ហើយថា ជនជាតិចិនទាំង ៣នាក់ខាងលើ មិនមែនជាប្រជាជន ក្នុងភូមិពូធឿងទេ។ ជនជាតិចិនទាំងបីនាក់នោះ បានដីនៅទីនោះមកពីណា ទោះបីជាលោកមេធាវីហាក់ សៀកលី នេះលោកខំបកស្រាយបំផ្លើសការពិត បិទបាំងយ៉ាងណាក៏ដោយ មាសសុទ្ធកុំខ្លាចភ្លើង សូមលោកមេធាវី មេត្តាបង្ហាញភស្តុតាង ដើម្បីឲ្យមតិសាធារណជន ពិចារណាឡើងវិញ អំពីការបកស្រាយនេះ ក្នុងនាមលោកជាមេធាវី ជាអ្នកច្បាប់ ព្រោះថាច្បាប់មានពីរ ទី១ច្បាប់ធម្មជាតិ និងច្បាប់សង្គម។
លោកលោកម៉ែន មូនីតារា សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលតំណាងឲ្យអាណត្តិ ឲ្យអ្នកស្រីលី សុខងីម ដែលបានដាក់លិខិតជូនលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ បានបញ្ជាក់ថា ដើម្បីបញ្ជាក់ការពិតថាកូនក្តីខ្ញុំ ជាអ្នកកាន់កាប់ស្របច្បាប់លើដីទំនាស់ ដែលមានទំហំជាង៨០ហិកតា ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងកូនក្តីខ្ញុំ ឈ្មោះលី សុខងីម និងឈ្មោះឆាយ ណយ ឈ្មោះហូ សារ៉េត ឈ្មោះលីវ ម៉ូវ និងឈ្មោះម៉ុក ប៉ូប៊ុនរិទ្ធី ដែលកាន់កាប់ប្លង់៣៦ ប័ណ្ណ។ ដីនេះខ្ញុំសូមបញ្ជាក់ថា បើពិនិត្យលើប័ណ្ណ គឺខាងកើតទល់នឹងលូអូប្រៃ ដូច្នេះដីនេះស្ថិតនៅខាងលិចអូរ ហើយដីរបស់កូនក្តីខ្ញុំ ជាក់ស្តែងស្ថិតនៅខាងកើតលូអូរប្រៃ មិនស្ថិតនៅជាប់គ្នានោះទេ ហើយកូនក្តីខ្ញុំបានស្រាវជ្រាវដឹងទៀតថា ក្នុងឆ្នាំ ២០០៧ នៅពេលដែលអ្នកលក់រៀបចំដីឲ្យឈ្មោះឆាយ ណយ ឈ្មោះហូ សារ៉េត ឈ្មោះលីវ ម៉ូវ និងឈ្មោះម៉ុក ប៉ូប៊ុនរិទ្ធី ដែលកាន់កាប់ប្លង់ ៣៦ ប័ណ្ណ មានប្លង់បង្ហាញទីតាំងខុសគ្នា ពីពេលដែលគណៈកម្មការខេត្ត ដែលបានចុះវាស់វែង ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ អត្តសញ្ញាណ ក្នុងប័ណ្ណកម្មសិទ្ធិដើម សុទ្ធតែជាឈ្មោះជនជាតិចិន ដែលកូនក្តីខ្ញុំស្រាវជ្រាវដឹងថា អ្នកទាំងអស់នោះគ្មានអត្តសញ្ញាណប័ណ្ណក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ ហើយបច្ចុប្បន្នកូនក្តីខ្ញុំបានប្ដឹងសុំអន្តរាគមន៍ ចូលដល់ខុទ្ទកាល័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំសម្ដេចជួយរកយុត្តិធម៌ជូនកូនប្ដីខ្ញុំផង។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៣១ គ្រួសាររស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាម្ចាស់ដីដើមទំហំជាង ៨០ហិកតាបានដាក់លិខិតសុំអន្តរាគមន៍ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍រកយុត្តិធម៌ ឲ្យពួកគាត់ផង។ ប្រជាពលរដ្ឋទាំង ៣២ គ្រួសារនោះ បានលើកឡើងថា ពួកគាត់កាន់កាប់ដីរៀនដី ជាក់ស្តែង និងកាន់កាប់ដំណាំ រស់នៅរហូតមកទល់បច្ចុប្បន្ន តាំងពីឆ្នាំ ១៩៨៤ មកម្ល៉េះ។
ក្នុងសន្និសីទកាសែត នោះលោកយាយម្នាក់អាយុ៨២ឆ្នាំ ជាតំណាងប្រជាពលរដ្ឋម្ចាស់ដីដើម បានថ្លែងថា ក្នុងអំឡុងឆ្នាំ២០១២ និង ២០១៣ មានឈ្មោះហើយឈ្មោះឆាយ ណយ ឈ្មោះហូ សារ៉េត ឈ្មោះលីវ ម៉ូវ និងឈ្មោះម៉ុក ប៉ូប៊ុនរិទ្ធី បានប្ដឹងចោទប្រកាន់ពួកយើងខ្ញុំ ដែលជាម្ចាស់ដីពិតប្រាកដថា បានលក់ដីទៅឱ្យឈ្មោះលី សុខងីម អូង សន ហុង ស៊ីមអាន អួង ទិត្យជេដ្ឋា និងហុក វុធឌី រំលោភលើកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ទៅវិញ ហើយ ស្រាប់តែតំណាងអយ្យការ ចោទប្រកាន់ពួកយើងខ្ញុំ បញ្ជូនទៅចៅក្រមជំនុំជម្រះ កាត់ក្តីដាក់ទោសពួកយើងខ្ញុំ ដែលជាម្ចាស់ដីពិតប្រាកដយ៉ាងអយុត្តិធម៌ជាទីបំផុត។ សុំសម្ដេចជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្រោយពេលយើងខ្ញុំទាំងអស់គ្នា ក៏បានដឹងថាដីរបស់ពួកយើងខ្ញុំ កាន់កាប់ទាំងអស់ ត្រូវបានមន្ត្រីភូមិបាល និងអាជ្ញាធរពាក់ព័ន្ធ លួចឃុបឃិតគ្នាធ្វើប័ណ្ណកម្មសិទ្ធិទៅឲ្យជនជាតិចិនឈ្មោះអៀម ហ៊ឈន ឈ្មោះយេ ម៉ីហុង និងឈ្មោះតាំង អៀងទី ដែលមានអាសយដ្ឋាននៅភ្នំពេញ ហើយក៏មិនដែលបានរស់នៅក្នុងមូលដ្ឋានយើងសោះសព្វថ្ងៃនេះ។ តាមពួកយើងដឹង មិនត្រឹមតែដីរបស់ពួកយើងខ្ញុំទេ សូម្បីតែដីប្រជាជនមួយចំនួនទៀតក៏មានរឿងក្លែងបន្លំឯកសារ ដាក់ឈ្មោះជនបរទេស ដើម្បីយកឯកសារទាំងនោះ ប្រើប្រាស់ក្នុងគោលបំណងលាងប្រាក់របស់ជនបរទេស និងមន្ត្រីពាក់ព័ន្ធ ហើយដីដែលនៅសេសសល់ពួកគេប្រើឧបាយកលនោះ បន្តពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ក្នុងគោលបំណងបញ្ចៀសកុំឲ្យមានគេដឹងថា ឯកសារនោះក្លែងបន្លំ ដើម្បីលុបបំបាត់ភស្តុតាង។ ពិសេសរាល់អំពើនិងសកម្មភាពទាំងនោះ សុទ្ធតែមានមន្ត្រីជាន់ខ្ពស់ ក្នុងរដ្ឋាភិបាលនៅពីក្រោយខ្នង ដើម្បីការបើកដៃឲ្យមន្ត្រីតុលាការ និងអាជ្ញាធរពាក់ព័ន្ធធ្វើទុក្ខបុកម្នេញ មកលើពួកយើងដោយចោទប្រកាន់ និងចាប់ប្រជាជនដាក់គុកច្រវាក់ តាមការរៀបរាប់ចំរបស់ពួកគេ ដើម្បីបិទបាំងការពិតធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនយល់ច្រឡំថាប្រជាជនខិលខូច ទៅរំលោភកាន់កាប់ដីពួកគេទៅវិញ។ ទង្វើនិងសកម្មភាពទាំងនេះ ធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់ ត្រូវជាប់ពន្ធនាគារជាច្រើន នាក់ដោយសារប្រើល្បិចកល និងខ្មៅកខ្វក់ទាំងនេះ បណ្តាលឲ្យប្រជារាស្ត្របាត់បង់ដីផ្ទះសម្បែង រត់ភៀសខ្លួន ធ្វើចំណាកស្រុកជាបន្តបន្ទាប់ ។ ដូច្នេះទេ ពួកយើងខ្ញុំ ប្រសិនបើគ្មានកិច្ចអន្តរាគមន៍ ពីសម្ដេច ចុះទប់ស្កាត់និងរកយុត្តិធម៌ទាន់ពេលវេលាទេ យើងខ្ញុំទាំង ៣១គ្រួសារ ក៏ត្រូវទទួលរងទណ្ឌកម្ម តាមផ្លូវតុលាការបាត់បង់ផ្ទះសម្បែង ព្រាត់ប្រាស់ប្រពន្ធកូនឪពុក ឬរត់ចោលស្រុកលើប្រជាជនដទៃទៀត ។អាស្រ័យដូចនេះ សូមសម្ដេចមេត្តាជួយរកយុត្តិធម៌ ដោយបដិសេធ នឹងលុបចោល និងទុកជាមោឃៈ នូវប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យទាំង២០ តាមសំណូមពររបស់យើងខ្ញុំផង។
អ្នកស្រីម្ចាស់ដីជាង៨០ហិកតា បានបន្ថែមថា បន្ទាប់ពីមានការប្ដឹងតវ៉ា គ្នារវាងភាគីទាំងសងខាងតាំងពីឆ្នាំ ២០១៦មក តុលាការចេញសេចក្តីសម្រេចរក្សាការពារ ចាត់ចែងជាបណ្តោះអាសន្ន បង្គាប់ឲ្យកូនបំណុល និងតតិយជន បុគ្គលការកាន់កាប់ដី និងរុះរើសំណង់អាណាធិបតេយ្យ ព្រមព្រៀងចាកចេញពីលើដីកម្មសិទ្ធិរបស់ម្ចាស់បំណុល ដែលមានទីតាំងស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសម្គាល់សិទ្ធិចំនួន៣៦ប័ណ្ណ។
លោកសុខ កល្យាណ ចៅក្រមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចាត់ចៃង ជាបណ្តោះអាសន្ន រង់ចាំតុលាការសុំបើកសំណុំរឿងអង្គសេចក្តីសុខស្ថាពរ ។ អ្នកស្រីបានបន្តថា ក្នុងពេលដែលតុលាការ ចេញដីការក្សាការពារ ស្រាប់តែភាគីទំនាស់ រួមជាមួយនឹងអាជ្ញាធរខេត្ត បានដឹកនាំកម្លាំង និងគ្រឿងចក្រ ទៅវាយបំផ្លាញផ្ទះរបស់អ្នកស្រីខ្ទេចខ្ទី ហើយសាងសង់ផ្ទះថ្មីជាកម្មសិទ្ធិរបស់ខ្លួន និងដាក់កងកម្លាំងប្រដាប់អាវុធការពារដីនោះ មិនឲ្យអ្នកស្រីនិងប្រជាពលរដ្ឋជាម្ចាស់ដីដើមចូលបានឡើយ។
សូមបញ្ជាក់ថា លោកមេធាវី ហាក់ សៀកលី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានអះអាងថា កូនក្តីរបស់លោក ពិត ជាម្ចាស់ដីស្របច្បាប់ ទាំង៣៦ប័ណ្ណ នៅក្នុងខេត្តព្រះសីហនុ ដោយបានពីការទិញលក់ត្រឹមត្រូវ តាំងពីអំឡុងឆ្នាំ២០០៧ មកម្ល៉េះ។ ប៉ុន្តែនៅអំឡុងឆ្នាំ២០១៣ ស្រាប់តែមានឈ្មោះ អ៊ួង ទិត្យជេដ្ឋា, ឈ្មោះ ហុក វុធឌី, ឈ្មោះ អួង សន និងឈ្មោះ ហុង សឹមអាន មកប្តឹងទាមទារដីនោះពីកូនក្តីរបស់លោក ស្ថិតនៅភូមិភូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានឈ្មោះ លី សុខងីម ជាមេខ្លោង ហើយខំបំភ្លៃការពិត ព្រោះតែចង់បានដីអ្នកដទៃដោយខុសច្បាប់។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ( និងមន្ត្រីអាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បានអនុវត្តដីការក្សាការពារ ដើម្បីយកដីខាងលើប្រគល់ជូនម្ចាស់ដីតាមផ្លូវច្បាប់។ នៅពេលនេះ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យលុបឈ្មោះដកចេញពីអភិបាលរងខេត្តព្រះសីហនុ ហើយបង្គាប់ឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ចុះស៊ើបអង្កេត អំពីទង្វើពុករលួយរបស់លោក ។ នៅពេលចុះអនុវត្តដីការសម្រេចការពារលេខ.
៩៣តរ/១៩ ចុះថ្ងៃទី១៦ខែមករា ឆ្នាំ២០១៩របស់សាលាដំបូងខេត្តព្រះសីហនុ នោះ លោក ផៃ ប៊ុនវណ្ណៈ បានបញ្ជាឲ្យគ្រឿងចក្រវាយបំផ្លាញផ្ទះរបស់ប្រជាពលដ្ឋម្ចាស់ដី និងដាក់កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ ដេញបង្ខំឲ្យប្រជាពលរដ្ឋ ចំនួន ៦គ្រួសារដែលជាអ្នកចាំដីឲ្យអ្នកស្រី លី សុខងីម ចាកចេញ។
អ្នកស្រី លី សុខងីម បានបញ្ជាក់បន្ថែមថា តាមលោកមេធាវី ហាក់ សៀកលី បានការពារក្តីឲ្យកូនក្តីរបស់លោកម្នាក់នោះ គឺអ្នកមានអំណាច ជាមន្ត្រីជាន់ខ្ពស់នៅស្ថាប័នប៉ូលិស ពាក់សក្តិផ្កាយបី៕
Source: Kampuchea Thmey Daily
0 Comments