ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលីទៅតាមប្រពៃណីទំនៀម ទម្លាប់ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាភូមិករ សុំឲ្យមានសេចក្តីសុខ សេចក្តីចម្រើនតាមបែបសាសនានារសៀលថ្ងៃទី៣មីនា មុននឹងបើកការដ្ឋានសាងសង់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ.លូក្នុងរាជធានីភ្នំពេញជំហ៊ានទី៤ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ហើយពិធីបើកការដ្ឋានសាងសង់ផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី៤មីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរដែនដីអញ្ជើញចូលរួមជាច្រើននាក់។
សូមជម្រាបថា គ្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ.លូក្នុងរាជធានីភ្នំពេញជំហានទី៤ ត្រូវបានរាជរដ្ឋាភិបាលប្រទេសទាំង២កម្ពុជា.ជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារកាលពីថ្ងៃទី៧ខែសីហា ឆ្នាំ២០១៧ និងបន្ទាប់មកទីភ្នាក់ងារJICAជប៉ុន ក៏បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងជាមួយភាគីកម្ពុជានៅថ្ងៃទី១០តុលា ឆ្នាំ២០១៧។ នៅថ្ងៃទី២៧ធ្នូ ឆ្នាំ២០១៧រដ្ឋបាលរាជធានីភ្នំពេញបានចុះ ហត្ថលេខាជាមួយក្រុមហ៊ុនCTI Engineering International Co.Ltdសម្រាប់ធ្វើទីប្រឹក្សា បច្ចេកទេសដើម្បីសិក្សាលំអិតរៀបចំឯកសារដេញថ្លៃ,ត្រួតពិនិត្យការអនុវត្តគម្រោង ដែលមានតម្លៃនៃកិច្ចសន្យាចំនួន២៥៥.០០០.០០០យ៉េនជប៉ុន។
តាមរយៈការដេញថ្លៃនៅប្រទេសជប៉ុន ក្រុមហ៊ុនTOA Corporationត្រូវបានជ្រើសរើសជាក្រុមហ៊ុនម៉ៅការអនុវត្តគម្រោងក្នុងតម្លៃគម្រោង៣.២៩០.០០០.០០០យ៉េនជប៉ុន។
គម្រោងជំហានទី៤នេះបានចាប់ដំណើរការកាលពីថ្ងៃទី១ធ្នូ ឆ្នាំ២០១៨ ហើយគ្រោង បញ្ចប់ការសាងសង់នៅថ្ងៃទី៣១ខែតុលា ឆ្នាំ២០២១។ ការអនុវត្តគម្រោងនេះពិតជា មានសារសំខាន់ក្នុងការបញ្ចៀសបញ្ហាជន់លិចទីក្រុងដោយសារជំនន់ទឹកភ្លៀង និងជាផ្នែកមួយដ៏សំខាន់នៃយន្តការលើកកម្ពស់អនាម័យសាធារណៈដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច នគររូបនីយកម្ម និងការពង្រីកទីក្រុង៕
Source: Kampuchea Thmey Daily
0 Comments