Ad Code

ខេត្ត​ត្បូងឃ្មុំ បើក​យុទ្ធនាការ​ ចុះ​អនុវត្ត​ការ​ធ្វើ​ជំរឿន​ហើយ



ត្បូងឃ្មុំ ​៖​ យប់​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៩​​ ឯកឧត្តម ឡុង ធា​ម អភិបាលរង​ខេត្ត​ត្បូងឃ្មុំ តំណាង​ឯកឧត្តម​បណ្ឌិត ជាម​ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​មន្ត្រី​ជំរឿន​ខេត្ត បើក​យុទ្ធនា​ការចុះអនុវត្ត​ការធ្វើជំរឿន​គ្រួសារ​ឆ្លងកាត់ និង​គ្រួសារ​គ្មាន​ផ្ទះសម្បែង​ទូទាំង​ខេត្ត​ត្បូងឃ្មុំ ក្រោម​ប្រធានបទ "​ជំរឿន​ទូទៅ​ប្រជាជន​ឆ្នាំ​២០១៩ ជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា"។

ឯកឧត្តម ឡុង ធា​ម អភិបាលរង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ៖ ជំរឿន​ទូទៅ​ប្រជាជន​នៅ​ទូទាំងប្រទេស ​​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩ ម៉ោង​០:០០ ដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ ម៉ោង​២៤:០០។

ឯកឧត្តម អភិបាលរង​ខេត្ត បាន​បន្តទៀតថា ៖ ក្រោម​សន្តិភាព​ និង​ការអភិវឌ្ឍ​ ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ក្នុង​ការ​ធ្វើជំរឿន​ទូទាំងប្រទេស​នេះ​ឡើង។ នេះ​ជា​ការធ្វើជំរឿន​លើក​ទី​៣ នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែលជា​ទូទៅ​បាន​និង​កំពុង ធ្វើឡើង​រៀងរាល់ ១០​ឆ្នាំ​ម្ដង ដើម្បី​ទទួលបាន​ទិន្នន័យ​ស្ថិតិ​ប្រជាសាស្ត្រ ជាក់លាក់ ប្រាកដប្រជា និង​សុ​ក្រឹត្យ សម្រាប់​ប្រើប្រាស់​ជា​ធាតុ​ចូលក្នុង​ការ រៀបចំតាក់តែង​គោលនយោបាយ​ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ និង​ដើម្បី​ធ្វើជា​សូចនាករ​ក្នុងការ​តាមដាន​ត្រួតពិនិត្យ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព របស់​កម្ពុជា ២០១៦-២០៣០ ដោយ​មិន​ទុកឱ្យ​នរណាម្នាក់​នៅឯ​ការ​ឡើយ។

ឯកឧត្តម ឡុង ធា​ម បញ្ជាក់​ឲ្យ​ដឹងថា ៖ ជំរឿន​គឺជា​ការរាប់​ចំនួន​ប្រជាជន ប្រុស ស្រី ក្មេង ចាស់ ជនជាតិខ្មែរ និង បរទេស ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា។ សកម្មភាព​នេះ ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ។ រាល់​ព័ត៌មាន​បុគ្គល ​ដែល​ទទួលបាន ក្នុង​ពេលធ្វើ​ជំរឿន នឹង​មិន​ត្រូវបាន​ប្រើប្រាស់​ក្នុង​បុព្វហេតុ​ផ្សេង​ឡើយ ក្រៅពី​ប្រើប្រាស់​ជា​សូចនាករ ក្នុង​ការ​ធ្វើផែនការ​ជាតិ និង​ឈរ​លើ​លាក់​ការណ៍​សម្ងាត់។

ឯកឧត្តម ឡុង ធា​ម អភិបាលរង​ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ដល់​ប្រជាជន​ទូទាំង​ខេត្ត​ត្បូងឃ្មុំ សូម​គាំទ្រ​សហការ និង​ចូលរួម​ក្នុង​កិច្ចការ​ដ៏​មាន​សារៈសំខាន់​នេះ ឱ្យបាន​គ្រប់ៗ​គ្នា ប្រកបដោយ​ភាព​ស្មោះស្ម័គ្រ គ្រប់គ្រាន់​ត្រឹមត្រូវ សុ​ក្រឹត្យ និង​ស្មោះត្រង់ ក្នុងការ​ផ្ដល់ព័ត៌មាន​តាមរយៈ​កិច្ចសម្ភាសន៍​របស់​មន្ត្រី​ជំរឿន ដើម្បី​ជា​មូលដ្ឋាន​នៃ​ការ​កសាង​ផែនការ​អភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង​ទាំង​អស់គ្នា៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu