បន្ទាយមានជ័យ ៖ យុវជនម្នាក់គ្មានលទ្ធភាពទិញទូរស័ព្ទថ្លៃៗប្រើប្រាស់ មិនខិតខំប្រឹងទៅធ្វើការដើម្បីសន្សំលុយយកទៅទិញប្រើ សុខចិត្តលួចទូរស័ព្ទថ្លៃៗរបស់គេ ទុកប្រើខ្លួនឯង ត្រូវអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួន កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្នុងរោងបុណ្យ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមកបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ីង សេងហួរ ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបំភ្លឺឲ្យដឹងថា នៅមុនពេលកើតហេតុនោះ ក្រុមគ្រួសារខ្លួន បានធ្វើបុណ្យខួប ១០០ថ្ងៃរបស់បងប្អូនស្ថិតនៅភូមិកំពង់ស្វាយ លុះដល់វេលាម៉ោង ៩យប់ខ្លួនបាន ងើបចេញពីរោងបុណ្យ និងបានភ្លេចទូរស័ព្ទដៃម៉ាក Iphone 6plus នៅលើតុរោងបុណ្យ ពេលត្រឡប់មកវិញ ស្រាប់តែបាត់រកមិនឃើញ ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថក្រុង តែម្តង។
ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ក៏បានចុះស្រាវជ្រាវរកមុខសញ្ញាឃើញនៅចំណុចក្នុងរោងបុណ្យមួយកន្លែងផ្សេងទៀត ស្ថិតក្នុងភូមិកំពង់ស្វាយ ហើយក៏ធ្វើការឃាត់ខ្លួនសួរនាំ ទើបដឹងថា មានឈ្មោះ មាន ឌី ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មកររត់តុតាមរោងការ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ រួមជាមួយវត្ថុតាងទូរស័ព្ទដៃ របស់ជនរងគ្រោះនៅនឹងខ្លួនរបស់ជនសង្ស័យផងដែរ។
ក្នុងនោះជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន ដើម្បីយកមកទុកប្រើប្រាស់ដោយខ្លួនឯង ព្រោះគ្មានលទ្ធភាពទិញទូរស័ព្ទថ្លៃៗប្រើប្រាស់ ហើយគិតថាពេលប្រើអស់ចិត្តនឹងយកទៅលក់ ដើម្បីយកប្រាក់ទៅឲ្យម្ដាយ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ ឃើញថា មានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ លួច កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់។ ចំណែកទូរស័ព្ទដៃ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនម្ចាស់ដើមវិញហើយផងដែរ៕
Source: Kampuchea Thmey Daily
0 Comments