កំពង់ចាម ៖ ក្រុមសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ដឹកនាំដោយ លោក សេន ណាស៊ី និងលោក កៅ អ៊ីមរ៉ន បាននាំយកថវិកាសប្បុរសធម៌ និងសហភាពផ្ទាល់ឧបត្ថម្ភចំនួន១៦លានរៀល ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះខ្មែរឥស្លាម ១៦គ្រួសារ ដែលត្រូវបានអគ្គិភ័យលេបត្របាក់ផ្ទះអស់ចំនួន១៦ខ្នង ក្នុងមួយគ្រួសារទទួលបានថវិកា ១លានរៀល ដើម្បីយកដោះស្រាយក្នុងជីវភាពបានមួយគ្រា តាមវប្បធម៌ចែករំលែក ក្នុងគ្រាមានអាសន្ន។
អំណោយនេះ ត្រូវបានប្រគល់ជូនដល់ដៃបងប្អូនប្រជាពលរដ្ឋរងគ្រោះ កាលពីថ្ងៃអាទិត្យ១២ រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩។
លោកកៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ នៅវេលាម៉ោង ៣រសៀល មានគ្រោះអគ្គិភ័យមួយបានកើតឡើង នៅភូមិ ស្វាយតាណន់(ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមអស់ចំនួន១៦ខ្នង ព្រមទាំងខាតបង់ទ្រព្យសម្បត្តិនិងថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់។
អគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញនៅ រសៀល ម៉ោងប្រមាណ ៥:១៥នាទី ដោយមានការ ជួយ អន្តរាគមន៍ពីកងកម្លាំងជាមួយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តកំពង់ចាម១គ្រឿង នគរបាលស្រុកស្រីសន្ធរ២គ្រឿង ស្រុកកងមាស ១គ្រឿង និងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ១គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments