ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅ ប្រជាជននៅកម្ពុជាឆ្នាំ២០១៩ បានថ្លែងសារអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមជំរឿនឲ្យបានគ្រប់ៗគ្នា ព្រោះការធ្វើជំរឿនប្រជាជន ជាការងារដ៏ធំរបស់ប្រទេសជាតិ មានសារៈសំខាន់ណាស់ ដែលសារអំពាវនាវនេះបានធ្វើនៅឡើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ។
លោក ឆាយ ថន បានបញ្ជាក់ថា តាងនាមស្ថាប័នអនុវត្តន៍ផ្ទាល់ ការងារជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ខ្ញុំសូមអំពាវនាវជូនដល់សម្តេច អ្នកឧកញ៉ា លោក លោកជំទាវ លោក លោកស្រី មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ វិស័យឯកជន ម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនក្នុងក្រុង ក្រុមហ៊ុនក្នុងព្រៃ និងម្ចាស់ទីកន្លែងដទៃទៀត ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ការធ្វើជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា បាននិងកំពុង ចាប់ផ្តើមពីថ្ងៃទី០៣ ខែមីនានេះ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។
លោកបាន លើកឡើងថា ការធ្វើជំរឿនប្រជាជន ជាការងារដ៏ធំរបស់ប្រទេសជាតិ មានសារៈសំខាន់ណាស់ ហើយជាការងារស្ថិតិពិត ប្រាកដ។ ការធ្វើជំរឿនប្រជាជន ជាការងារដែល ប្រទេសទាំងអស់នៅលើពិភពលោក គេធ្វើគ្រប់ៗគ្នា»។ នេះបើតាមទេសរដ្ឋមន្ត្រី ឆាយ ថន បានបញ្ជាក់បន្ថែម។
ការធ្វើជំរឿនប្រជាជនកម្ពុជានេះ នឹងអាចផ្តល់ទិន្នន័យប្រជាសាស្ត្រ ពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំ តាក់តែងគោលនយោបាយ បានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាពនៃការអភិវឌ្ឍ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។ ជំរឿនប្រជាជនគឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ អំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស។
លោក ឆាយ ថន បានថ្លែងបន្តថា ជំរឿនប្រជាជន គឺអនុវត្តន៍លើវិសាលភាពពេញផ្ទៃប្រទេស ដែលអាចផ្តល់ព័ត៌មាន អំពីប្រជាជនក្នុងមូលដ្ឋាន រហូតដល់មូលដ្ឋានថ្នាក់ ទាបបំផុត ដែលជាតម្រូវការ មិនអាចមានប្រភពទិន្នន័យណា មកជំនួសបាន។ ទិន្នន័យជំរឿននឹងផ្តល់ជាសូចនាករ តាមដាន ត្រួតពិនិត្យការ សម្រេចបានការអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦-២០៣០ ដោយមិនទុកចោលអ្នកណាម្នាក់ឡើយ។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានបញ្ជាក់ថា ការកាត់បន្ថយភាពក្រីក្រ ការគិតគូរកំណើនសេដ្ឋកិច្ច ត្រូវមានទិន្នន័យជំរឿន។ ការទទួលបានការអភិវឌ្ឍទាំងអស់គ្នា នៅឆ្នាំ២០៣០ ដោយមិនទុកអ្នកណាម្នាក់ចោលនោះ ត្រូវចាប់ផ្តើម គិតគូររាប់បញ្ចូលប្រជាពលរដ្ឋទាំងអស់នៅ ក្នុងជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ទាំងក្មេង ចាស់ ប្រុស ស្រី មន្ត្រីរាជការ សម្តេច អ្នកឧកញ៉ា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ជនជាតិដើមភាគតិច ជនជាតិបរទេស ជនពិការ ជនអត់ផ្ទះសំបែង ជនអនាថា ត្រូវរាប់សម្ភាសន៍ជំរឿន ឲ្យអស់ដើម្បីពួកគាត់ ទទួលបានការអភិវឌ្ឍ ប្រកបដោយសមធម៌ និងដែលនាំឲ្យប្រទេសជាតិ សម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនាំទៅឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍៕
Source: Kampuchea Thmey Daily
0 Comments