ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២មីនា បានដំណើរការធ្វើជំរឿនប្រជាពលរដ្ឋចល័ត ឬឆ្លងកាត់រាជធានីភ្នំពេញដែលមិនមានអាសយដ្ឋានអចិន្ត្រៃយ៍ នៅរាជធានីភ្នំពេញ ដែលបានធ្វើឡើងជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការធ្វើជំរឿនប្រជាសាស្ត្រ ដែលមានរយៈពេល១០ឆ្នាំម្តង ដើម្បីបានទិន្នន័យពិតប្រាកដ នៃចំនួនប្រជាពលរដ្ឋ និងងាយស្រួលក្នុងធ្វើផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលឲ្យចំគោលដៅ។
ក្នុងការចុះធ្វើជំរឿន កាលពីយប់ថ្ងៃទី២មិនា នោះ មានការចូលរួមពី លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ,លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធ និងមន្ត្រីជំរឿនជាច្រើននាក់ទៀត។
លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកដែលបានចូលរួមក្នុងការធ្វើ ជំរឿននៅយប់ថ្ងៃទី២មិនានេះ នៅបេនឡានផ្សារដើមគរ បានឲ្យដឹងថា និយាយ ដោយឡែក តែខណ្ឌទួលគោកមួយ មានមន្ត្រីជំរឿនចំនួន៣៧៧នាក់ ដែលនឹងចុះស្រង់ព័ត៌មានធ្វើជំរឿននៅយប់ថ្ងៃទី២មិនាទៅលើបងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់រាជធានីភ្នំពេញ ឬចល័ត។នៅយប់នោះដែរ មន្ត្រីជំរឿនបានចុះទៅធ្វើជំរឿនតាមបេនឡាន,មន្ទីរពេទ្យ,ផ្ទះសំណាក់ជាដើមនៅមុនការធ្វើជំរឿនទូទៅប្រជាជនកម្ពុជានៅពាក់កណ្ដាលយប់ម៉ោងសូន្យ ថ្ងៃទី៣មិនា ឆ្នាំ២០១៩។
សម្ដេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួម និងផ្តល់កិច្ចសហការជាមួយមន្ត្រីជំរឿនឲ្យបានល្អប្រសើរ និងទទួលបានលទ្ធផលល្អ។ ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តការងារធ្វើជំរឿនទូទៅប្រជាជននៅរាជធានីភ្នំពេញ ឆ្នាំ២០១៩ ដោយបានគូសបញ្ជាក់ថា គ្រប់ទីតាំង អង្គភាព ស្ថាប័ន ឬគ្រឹះស្ថាននានា ទាំងវិស័យសាធារណៈ និងវិស័យឯកជនដូចជាសណ្ឋាគារ ផ្ទះសំណាក់ មណ្ឌលកម្សាន្ត មន្ទីរពេទ្យ ផ្សារ ចំណត់ឡាន កំពង់ផែ ព្រលានយន្តហោះជាដើម ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមផ្តល់កិច្ចសហការជាមួយមន្ត្រីជំរឿនក្នុងការធ្វើសម្ភាសន៏ជំរឿន។
ដោយឡែក ទីតាំងអង្គភាពមួយចំនួនដែលមានលក្ខណៈជាគ្រួសារស្ថាប័នដូចជា ៖ វត្តអារាម,ពន្ធនាគារ អន្តេវាសិកដ្ឋាន និងមណ្ឌលប្រមូលផ្ដុំនានា ត្រូវផ្តល់កិច្ចសហការ និងចូលរួមជាមួយមន្ត្រីជំរឿនក្នុងការរាប់សម្ភាសន៍អ្នករស់នៅតាមស្ថាប័ន ឬគ្រឹះស្ថានទាំងនោះចាប់ពីថ្ងៃទី៣ ដល់១៣ ខែមិនា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments