ប៉េតង់ ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសិក្សាស្តីពីគ្រូបង្វឹកកីឡាប៊ូល និងប៉េតង់កម្រិតបឋម វគ្គទី២ កាលពីចុងសប្ដាហ៍។
វគ្គនេះ មានរយៈពេល៥ថ្ងៃ ដោយមានសិក្ខាកាមចូលរួមចំនួន ៣២នាក់ ស្រី៦នាក់នៅពហុកីឡដ្ឋានជាតិ ។វគ្គសិក្សាចំនួន២បានបើកឡើងក្នុងពេលតែមួយ ដែលនេះជាវគ្គកាដូឲ្យដោយលោកClaude AZEMA ប្រធានសហព័ន្ធប៉េតង់អន្តរជាតិ និង លោកVictor NATAF ជានាយកបច្ចេកទេសសហព័ន្ធកីឡាប៉េតង់អន្តរជាតិ។
សម្រាប់លោក Claude AZEMA បានបើកវគ្គមួយដោយឡែក ដើម្បីបង្រៀនដល់អ្នកជំនាញបច្ចេកទេស ចៅក្រមអាជ្ញាកណ្ដាលដែលវគ្គនេះមានសិក្ខាកាមចំនួន៣០រូប។ ចំពោះ លោក Victor NATAF បង្រៀនដល់គ្រូបង្វឹក ព្រោះពេលនេះកម្ពុជាបានបញ្ចូលប្រភេទកីឡាប៉េតង់នេះ ទៅតាមសាលារៀន។ ជាមួយនឹងការបញ្ចូលតាមសាលារៀនបែបនេះ ធ្វើឲ្យសាលារៀននីមួយៗខ្វះខាតគ្រូបង្វឹកជាច្រើន។ សិក្ខាកាមទាំង៣២រូប ដែលមកពីវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា ដែលនឹងក្លាយខ្លួនជាគ្រូអប់រំកាយតាមសាលារៀននោះ ពួកគេមានតួនាទីដើម្បីរំលែកបទពិសោធន៍ទាំងនេះដល់សាលារៀន និង បង្ហាត់សិស្សានុសិស្ស។
ចំពោះ លោក Claude AZEMAវិញ លោកផ្ដោតទៅលើប្រការដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតប៉េតង់ជើងឯកពិភាពលោកនាចុងឆ្នាំនេះ។ ជាមួយនឹងការទទួលធ្វើជាម្ចាស់ផ្ទះនេះកម្ពុជាត្រូវតែមានមន្ត្រីបច្ចេកទេសដែលមានសមត្ថភាព និង ប្រកបដោយវិជ្ជាជីវៈ។
កីឡាប៉េតង់កម្ពុជា ចាប់ផ្ដើមមានមុខមានមាត់តាមរយៈកីឡាការិនី កែ ឡេង ដែលគ្រងជើងឯកពិភពលោកបាន៣រជ្ជកាល ជាមួយគ្នានេះកីឡាការិនី អ៊ុក ស្រីមុំ និង កីឡាករសុខ ចាន់មាន ក៏ជាអ្នកធ្លាប់គ្រងជើងឯកពិភពលោកបានមួយជំនាន់ដែរ។ នេះជាកត្តាធ្វើឲ្យប្រមុខប៉េតង់អន្តរជាតិចាប់អារម្មណ៍ជាមួយនឹងប៉េតង់កម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments