រតនគិរី ៖ កម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបរថយន្តឡង់គ្រីស័រកែច្នៃចំនួន២គ្រឿង រួមទាំងឈើកកោះជាច្រើនកំណាត់ បម្រុងដឹកចូលមកក្រុងបានលុង។
ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី។
ក្រុមឈ្មួញ បានចូលទៅកាប់ឈើនៅក្នុងតំបន់អភិរក្សការពាររបស់រដ្ឋ ដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថានខេត្តហើយត្រូវបានទន្ទ្រានកាប់យ៉ាងអនាធិបតេយ្យបំផុត ពីសំណាក់ក្រុមឈ្មួញទាំងនោះ មិនមានអាជ្ញាធរមូលដ្ឋានទប់ស្កាត់ និងបង្ក្រាបឡើយ មានតែឃុបឃិតជាមួយឈ្មួញ។
លោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេស និងសន្តិសុខ នៃទីបញ្ជាការអាវុធហត្ថខេត្ត បានឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី៣មីនានេះ ថា កម្លាំងរបស់លោកបានចុះបង្ក្រាប និងរឹបអូសឈើខាងលើនេះ គឺមានបទបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងនោះដែរ លោកវរសេនីយ៍ឯក ផាន់ សុផាត មេបញ្ជាការរងទទួលបន្ទុកក្រុមការងារ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងផ្ទាល់ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបានរថយន្តឡង់គ្រីស័រកែច្នៃ និងឈើកកោះជាច្រើនកំណាត់ផងដែរ។
លោកថា ឈើខាងលើនេះ ជាប្រភេទឈើកកោះសុទ្ធ ហើយលោកមិនទាន់បានរាប់ចំនួនឈើនៅឡើយទេ កំពុងតែទម្លាក់ចុះមកដី។
បច្ចុប្បន្ន រថយន្តឡង់គ្រីស័រកែច្នៃ២គ្រឿង និងឈើកកោះជាច្រើនកំណាត់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបានប្រគល់ទៅឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខណ្ឌដើម្បីចាត់ការបន្តតាមនីតិវិធី។
គួរបញ្ជាក់ផងដែរថា មេបញ្ជាការអាវុធហត្ថស្រុកវើនសៃ ម្ដេចមិនចុះបង្ក្រាបបទល្មើសព្រៃឈើ បានជាមានបទបញ្ជាពីថ្នាក់លើចុះទៅបង្ក្រាបទៅវិញ? ឬមួយបានផលប្រយោជន៍ពីបទល្មើសទាំងនោះហើយមើលទៅ ទើបមិនបានធ្វើការបង្ក្រាបបែបនេះ ឬមួយខ្លាចបែកឆ្នាំងបាយប្រចាំខែទេដឹង?៕
Source: Kampuchea Thmey Daily
0 Comments