បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង រវាងរថយន្តរអិល៣គ្រឿង បុកបន្តកន្ទុយគ្នាពេញតែផ្លូវជាតិ គ្រាន់តែភ្លៀងកក់ខែបន្តិចសោះ នៅវេលាម៉ោង៥ល្ងាច ថ្ងៃ៣ ខែមីនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ៣៧៤ ទៅ៣៧៥ ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូបស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅលើផ្លូវជាតិនេះ ក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ព្រមទាំងនៅភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតផងដែរ។ តែគ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេ គឺនៅភូមិសាស្ត្រឃុំកូប ស្រុកអូរជ្រៅ។
លោកវរសេនីយ៍ សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅឲ្យដឹងថា មុនពេលកើតហេតុនោះ មានរថយន្តធំ១គ្រឿងម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-5100 អ្នកបើកមាន ឈ្មោះ ប៊ន លេខ បើកពីទិសខាងលិច ទៅទិសខាងកើត លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែដាច់កង់ វិលរេមកខាងឆ្វេងវិញ បណ្តាលឲ្យទៅបុកនឹងរថយន្តតូច ម៉ាកតូយ៉ូតា កាមរី ពណ៌ប្រផេះ ពាក់ស្លាកលេខបន្ទាយមានជ័យ2A-4188 អ្នកបើកក្តាប់អត្តសញ្ញាណមិនបាន ស្របពេលនោះ មានរថយន្តរត់ទូ១គ្រឿងទៀត ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ2C-9348 បើកដោយ ឈ្មោះ ប៉ូ រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅខេត្តកំពង់ធំ បានបុកពីក្រោយរថយន្តហ៊ីយ៉ាន់ដាយ ពេញទំហឹង បណ្តាលឲ្យដាច់កង់ខាងមុខ។
លោក សេស វិបុល បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះមួយចំនួនដែលរបួសធ្ងន់ ស្រាលបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដើម្បីធ្វើការសង្គ្រោះភ្លាមៗផងដែរ។ ឯរថយន្តខាងលើ នគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅទាំងអស់។
ចំណែកនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឲ្យដឹងថា នៅម្តុំលើផ្លូវជាតិនេះដែរ ក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងនៅភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ក៏មានគ្រោះថ្នាក់ចរាចរណ៍២ករណីទៀត ដែលមានការបុកគ្នា និងរអិលធ្លាក់ពីផ្លូវដែរ តែចំពោះមូលហេតុគ្រោះថ្នាក់ខាងលើ គឺមកពីកត្តាបច្ចេកទេស និងមកពីមេឃភ្លៀង បង្កឲ្យរអិល ហើយពិបាកមើលឧបសគ្គខាងមុខផង៕
Source: Kampuchea Thmey Daily
0 Comments