បាត់ដំបង ៖ ភ្លៀងធ្លាក់១មេ បានអង្រួនចិត្តប្រជាពលរដ្ឋនៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបងឲ្យមានការសប្បាយរីករាយ ខណៈដែលដំណាំគ្រប់ប្រភេទរបស់ពួកគាត់រងការខូចខាត ពីកម្ដៅព្រះអាទិត្យ ស្ទើរទាំងស្រុង កុំថាឡើយបានលក់ ត្រឹមតែបម្រើការក្នុងគ្រួសារស្ទើរមិនបានគ្រប់ផង។
តែជាអកុសល ក្រៅពីប្រជាពលរដ្ឋសាទរនឹងភ្លៀង១មេនេះ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងផងដែរ ត្រូវបានខូចខាត ដោយការវាយប្រហារពីខ្យល់កន្ត្រាក់ ដែលបានលាយឡំជាមួយនឹងទឹកភ្លៀង។
តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចមកថា កាលពីព្រលប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងថ្មីៗនេះនៅវេលាម៉ោង១៩និង៥០នាទី មានភ្លៀងធ្លាក់១មេ បានលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋរស់នៅក្នុងភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបងចំនួន២ខ្នងផ្ទះ បានប៉ើងដំបូលស័ង្កសីទាំងស្រុង។
តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះចំនួនពីរខ្នងដែលបានខូចខាតពីខ្យល់កន្ត្រាក់នោះរួមមាន ឈ្មោះ ពេជ ផាន ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំ៥x៦ម៉ែត្រ ប៉ើងដំបូលស័ង្កសីចំនួន១២សន្លឹក និង ផ្ទះ ឈ្មោះ យឹម រីក ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ/ឃុំជាមួយគ្នាខាងលើ។ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ៦×៧ម៉ែត្រ បានប៉ើងដំបូលខូចខាតអស់ស័ង្កសីចំនួន១៦សន្លឹក។
សមត្ថកិច្ចបានឲ្យដឹងដែរថា ក្រៅពីមានការខូចខាតផ្ទះចំនួន២ខ្នង ក្នុងហេតុការណ៍នេះដែរ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ឬសត្វណាមួយនោះទេ ហើយបច្ចុប្បន្ន សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន កំពុងជួយជួសជុលជូនពួកគាត់ឲ្យបានរស់នៅឡើងវិញផងដែរ៕
Source: Kampuchea Thmey Daily
0 Comments