កាលពីថ្ងៃសុក្រ ប្រធានាធិបតីចិនលោក Xi Jinping បានបញ្ជាឲ្យរដ្ឋាភិបាលមូលដ្ឋានទប់ស្កាត់គ្រោះមហន្តរាយឧស្សាហកម្មណាមួយបន្ថែមទៀត បន្ទាប់ពីការផ្ទុះរោងចក្រគីមីមួយបានសម្លាប់មនុស្សចំនួន៦២នាក់ ខណៈរាប់រយនាក់រងរបួសនិងបំផ្លាញតំបន់ឧស្សាហកម្មមួយនៅក្នុងគ្រោះមហន្តរាយប្រភេទនេះចុងក្រោយបង្អស់ដែលវាយប្រហារប្រទេស។
ការផ្ទុះកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងភាគខាងកើត Yancheng នៃខេត្ត Jiangsu គឺជាគ្រោះមហន្តរាយឧស្សាហកម្មដ៏អាក្រក់បំផុតមួយដែលបានវាយប្រហារប្រទេសចិនខណៈលោក Xi បានទទួលស្គាល់ថា ប្រទេសនេះបានជួបប្រទះគ្រោះថ្នាក់ធំៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
យោងតាមភ្នាក់ងារព័ត៌មាន Xinhua បានឲ្យដឹងថា លោក Xi ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅប្រទេសអ៊ីតាលីបានជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីជួយសង្គ្រោះអ្នកដែលជាប់នៅក្នុងនោះនិងត្រូវកំណត់រកមូលហេតុនៃគ្រោះថ្នាក់នេះឲ្យបានឆាប់បំផុត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ក្រុមប្រឹក្សារដ្ឋដែលជាគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិនបានបង្កើតក្រុមមួយដើម្បីស៊ើបអង្កេតការផ្ទុះនេះខណៈសមាជិកក្រុមប្រឹក្សារដ្ឋលោក Wang Yong បានធ្វើដំណើរទៅកន្លែងកើតហេតុដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនិងឆ្លើយតប។
ការផ្ទុះនេះបានផ្តួលរំលំអគារជាច្រើននៅក្នុងសួនឧស្សាហកម្មនិងបណ្តាលឲ្យមានអគ្គិភ័យដ៏ធំសម្បើមដែលបានឆាបឆេះរហូតដល់ពេលយប់ខណៈក្រុមអ្នកជួយសង្គ្រោះបានព្យាយាមស្វែងរកអ្នករស់រានមានជីវិតនៅក្នុងបំណែកនៃរោងចក្រនេះ។
យោងតាមរដ្ឋាភិបាលក្រុងបានឲ្យដឹងថា មនុស្សជាង៦០០នាក់បានទទួលការព្យាបាលបន្ទាប់ពីការផ្ទុះនេះ។ ក្នុងចំណោមពួកគេ មាន៣៤នាក់រងរបួសធ្ងន់ធ្ងរបំផុតហើយ៦០នាក់ទៀតរងរបួសធ្ងន់។ មនុស្ស២៨នាក់ក៏កំពុងបាត់ខ្លួនផងដែរ។
អ្នកជួយសង្គ្រោះរាប់រយនាក់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុហើយអាជ្ញាធរបាននិយាយថា មនុស្សប្រមាណ៤,០០០នាក់ត្រូវបានជម្លៀសចេញពីកន្លែងផ្ទុះ។
អាជ្ញាធរមូលដ្ឋានដែលកំពុងស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះបាននិយាយថា ចំនួនមនុស្សដែលមិនបានបញ្ជាក់ត្រូវបានគេនាំទៅឃុំឃាំងកាលពីថ្ងៃសុក្រ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments