ស្ទឹងត្រែង ៖ ប្រាសាទបុរាណមួយកន្លែង ស្ថិតនៅក្នុងភូមិអន្លង់ស្វាយ ឃុំអូររី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលអ្នកភូមិហៅតៗគ្នាថា ប្រាសាទភ្នំ បានទទួលរងនូវការបាក់បែក ដោយសារជនអគតិមួយចំនួន ព្រោះតែចង់បានប្រយោជន៍ផ្ទាល់ខ្លួន ហ៊ានជីកកកាយតួប្រាសាទជាច្រើនកន្លែង បណ្តាលឲ្យខូចខាតស្ទើរបាត់រូបរាងដើម ទម្រាំក្រសួង-មន្ទីរជំនាញដែលពាក់ព័ន្ធភ្ញាក់រលឹកថែរក្សាការពារចង់ហួសពេល។
លោក ឡា ពុទ្ធី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តស្ទឹងត្រែង បានសម្តែងការសោកស្តាយក្រោយជនទុច្ចរិតមួយចំនួន បានប្រព្រឹត្តិនូវទង្វើល្មើសច្បាប់បំផ្លាញកេរដំណែលដូនតា ដែលជាទ្រព្យសម្បត្តិវប្បធម៌ជាតិដ៏មានតម្លៃ។ លោកប្រធានមន្ទីរបានបន្ថែមថា ថ្វីត្បិតការអភិរក្សប្រាសាទបុរាណនេះជាតួនាទីភារកិច្ចរបស់មន្ទីរវប្បធម៌មែន ប៉ុន្តែបើពឹងផ្អែកមកលើតែមន្ត្រីជំនាញតែមួយមុខមិនអាចធានាដល់ការការពារឲ្យបានគ្រប់ជ្រុងជ្រោយបាននោះទេ ពោលគឺទាមទារឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះផ្ទាល់ ចូលរួមសហការសាមគ្គីយកចិត្តទុកដាក់ថែរក្សាទាំងអស់គ្នាទើបអាចការពារមរតកទាំងនេះបានឋិតថេរយូរអង្វែង។
លោក ឡា ពុទ្ធី បានឲ្យដឹងទៀតថា កាលពីអំឡុងឆ្នាំ២០១៨ ក្រសួងវប្បធម៌បានចាត់អោយមន្ត្រីជំនាញខាងបុរាណវត្ថុ សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត និងមានការចូលរួមពីអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បានចុះមកសិក្សា និងវាស់វែងដើម្បីកំណត់ឲ្យបានច្បាស់លាស់រវាងបរិវេណតំបន់ហាមឃាត់របស់ប្រាសាទ និងដីលំនៅឋានស្រែចំការប្រជាពលរដ្ឋ។ ក្នុងនោះក្រុមមន្ត្រីជំនាញបានកំណត់តំបន់ហាមឃាត់ជាពីរផ្នែក៖ ទី១-ជាចំណុចកណ្តាលហៅថាតំបន់ស្នូលទុក៣០ម៉ែត្រមិនអោយអ្នកណាមកប៉ះបាល់ធ្វើអីទាំងអស់ គឺដើម្បីអភិរក្សប្រាសាទ។ ទី២- តំបន់ការពារ ត្រូវបានទុក២៥០ម៉ែត្រជុំវិញបរិវេណប្រសាទ ដោយមិនអនុញ្ញាតអោយបនប្អូនប្រជាពលរដ្ឋណាម្នាក់ចូលមកកាប់ទន្ទ្រានព្រៃឈើ សាងសង់លំនៅឋាន ឬធ្វើស្រែចំការឡើយ ដើម្បីរក្សាលំនាំដើមរបស់ប្រាសាទ។
លោក ផៃ សារី និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននេះបានអះអាងថា នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ រូបរាងប្រាសាទនៅរក្សាបានទ្រង់ទ្រាយដើមស្អាតល្អ តែក្រោយមកប្រហែលក្នុងឆ្នាំ២០០០មានជនខិលខូចមួយចំនួនបានចូលមកលួចជីកកកាយ ដើម្បីរកវត្ថុបុរាណ ធ្វើអោយតួប្រាសាទរងនូវការបែកបាក់ ខូចខាតជាច្រើនកន្លែង ស្ទើរតែបាត់បង់តួប្រាសាទ។ ពួកគាត់បានទទួលស្គាល់ថា នេះជាកំហុសធ្វេសប្រហែសរបស់ពួកគាត់ ដែលពេលកន្លងគិតតែរវល់ការងារគ្រួសារ មិនបានយល់ដឹងពីគុណតម្លៃនៃសម្បត្តិវប្បធម៌ជាតិ ដែលបុព្វបុរសដូនតាខិតខំកសាងទុកឲ្យកូនចៅជំនាន់ក្រោយ។ ពួកគាត់បានប្តេជ្ញាថា នឹងខិតខំថែរក្សាការពាសម្បត្តិវប្បធម៌ជាតិនេះឲ្យបានគង់វង្សចាប់ពីពេលនេះតទៅ ដោយមិនអនុញ្ញាតឲ្យឈ្មួញទុច្ចរិត មកកាយគាស់បន្តទៀតទេ។
លោកតា ប៊ួ ប៉ុញ អាយុ៨៦ឆ្នាំ បានអះអាងថា អ្នកភូមិក្នុងតំបន់នេះមានជំនឿថាទីតាំងប្រាសាទខាងលើនេះមានទសបារមីស័ក្តិសិទ្ធិខ្លាំងពូកែ ដោយអ្នកភូមិចាត់ទុកទីនេះជាទីសក្ការបូជា ពេលអ្នកភូមិជួបរឿងឧបទ្រពចង្រៃតែងមកបន់ស្រន់ទីនេះ ដើម្បីសូមអោយបារមីថែរក្សាប្រាសាទ ជួយឃុំគ្រងអោយចៀសចាកផុតពីគ្រោះចង្រៃផ្សេងៗ ហើយជាលទ្ធផលឃើញថា ទទួលបាននូវភាពសមប្រកបដូចបំណង និងថា បើមានជនណាយកវត្ថុផ្សេងៗចេញពីទីនេះ នឹងទទួលរងនៅគ្រោះថ្នាក់ផ្សេងៗ ជាក់ស្តែងជនដែលបានជីកកកាយប្រាសាទត្រូវបានទទួលរងនូវភាពវិនាសនិងស្លាប់ទាំងខ្លួនអស់ថែមទៀតផង៕
Source: Kampuchea Thmey Daily
0 Comments