ប៉ូលិសបាននិយាយកាលពីថ្ងៃសៅរ៍ថា អ្នកទេសចររុស្ស៊ីម្នាក់ដែលប៉ុនប៉ងរត់ពន្ធសត្វស្វាអូរ៉ង់អ៊ូតង់ចេញពីប្រទេសឥណ្ឌូនេស៊ីនៅក្នុងវ៉ាលីរបស់គាត់ដើម្បីនាំយកទៅផ្ទះនិងរក្សាទុកធ្វើជាសត្វចិញ្ចឹមត្រូវបានចាប់ខ្លួននៅលើកោះបាលី។
លោក Andrei Zhestkov ត្រូវបានឃាត់ខ្លួននៅព្រលានយន្តហោះ Denpasar កាលពីយប់ថ្ងៃសុក្រខណៈពេលឆ្លងកាត់កន្លែងត្រួតពិនិត្យសន្តិសុខមុនពេលឡើងជិះយន្តហោះតាមការគ្រោងទុកវិលត្រលប់ទៅប្រទេសរុស្ស៊ីវិញ។
មន្ត្រីដែលមានការសង្ស័យបានបញ្ឈប់គាត់និងបើកវ៉ាលីរបស់គាត់ហើយបានរកសត្វស្វាអូរ៉ង់អ៊ូតង់ឈ្មោលអាយុពីរឆ្នាំមួយក្បាលដែលកំពុងដេកក្នុងកន្ត្រកផ្តៅ។
មន្ត្រីរបស់ទីភ្នាក់ងារអភិរក្សកោះបាលីឈ្មោះ I Ketut Catur Marbawa បានប្រាប់ AFP កាលពីថ្ងៃសៅរ៍ថា “យើងជឿថា សត្វស្វាអូរ៉ង់អ៊ូតង់ត្រូវបានគេបញ្ចុកថ្នាំអាឡែរហ្សីដែលធ្វើឲ្យវាដេកហើយយើងបានរកឃើញថ្នាំគ្រាប់នេះនៅក្នុងវ៉ាលីរបស់គាត់”។ ប៉ូលិសក៏បានរកឃើញសត្វតុកកែមានជីវិតពីរក្បាលនិងបង្គួយប្រាំក្បាលនៅក្នុងវ៉ាលីផងដែរ។
លោក Zhestkov បានប្រាប់អាជ្ញាធរថា ប្រភេទសត្វដែលត្រូវបានការពារទាំងនេះត្រូវបានផ្តល់ជាកាដូដោយមិត្តភក្តិរបស់គាត់ដែលជាអ្នកទេសចររុស្ស៊ីម្នាក់ទៀតដែលបានទិញសត្វនេះក្នុងតម្លៃ៣,០០០ដុល្លារពីទីផ្សារតាមផ្លូវនៅកោះជ្វា។
គាត់បានអះអាងថា មិត្តភក្តិរបស់គាត់បានបញ្ចុះបញ្ចូលគាត់ថា គាត់អាចនាំយកសត្វស្វានេះទៅផ្ទះដើម្បីធ្វើជាសត្វចិញ្ចឹមបាន។
លោក Marbawa បាននិយាយថា ជនជាតិរុស្ស៊ីរូបនេះអាចប្រឈមនឹងការជាប់គុក៥ឆ្នាំនិងពិន័យជាប្រាក់៧,០០០ដុល្លារសម្រាប់ការរត់ពន្ធនេះ។
យោងតាមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិបានឲ្យដឹងថា ស្វាអូរ៉ង់អ៊ូតង់គឺជាប្រភេទសត្វជិតផុតពូជយ៉ាងធ្ងន់ធ្ងរដោយមានប្រហែលតែ១០០,០០០ក្បាលប៉ុណ្ណោះនៅទូទាំងពិភពលោក៕ AFP
Source: Kampuchea Thmey Daily
0 Comments