ជនមូស្លីមបានធ្វើការអធិស្ឋាននៅវិហារឥស្លាមដ៏ធំរបស់ទីក្រុង Christchurch នៅថ្ងៃសៅរ៍ជាលើកដំបូងចាប់តាំងពីខ្មាន់កាំភ្លើងបានសម្លាប់រង្គាលអ្នកថ្វាយបង្គំនៅទីនោះខណៈពេលប្រទេសនូវែលសេឡង់ព្យាយាមវិលត្រលប់ទៅរកភាពធម្មតាឡើងវិញបន្ទាប់ពីសោកនាដកម្មនេះ។
វិហារឥស្លាម Al Noor ត្រូវបានគ្រប់គ្រងដោយប៉ូលិសសម្រាប់ការស៊ើបអង្កេតនិងហេតុផលសន្តិសុខបន្ទាប់ពីខ្មាន់កាំភ្លើងឈ្មោះ Brenton Tarrant បានវាយប្រហារជនមូស្លីមដែលប្រមូលផ្តុំគ្នានៅទីនោះនិងនៅវិហារឥស្លាមតូចមួយទៀតសម្រាប់ការអធិស្ឋានថ្ងៃសុក្រកាលពីថ្ងៃទី១៥ខែមីនាដោយសម្លាប់មនុស្សចំនួន៥០នាក់។
ប៉ុន្តែវិហារ Al Noor ត្រូវបានប្រគល់ទៅឲ្យសហគមន៍ឥស្លាមមូលដ្ឋានវិញនៅថ្ងៃសៅរ៍ហើយបានចាប់ផ្តើមអនុញ្ញាតឲ្យក្រុមតូចៗចូលទៅក្នុងបរិវេណរបស់ខ្លួននៅពេលថ្ងៃត្រង់។
លោក Saiyad Hassen អ្នកស្ម័គ្រចិត្តម្នាក់នៅវិហារ Al Noor បាននិយាយថា “យើងបានអនុញ្ញាតឲ្យមនុស្សចំនួន១៥នាក់ក្នុងមួយលើកដើម្បីទទួលបានភាពធម្មតា”។ លោកបានបន្ថែមថា មិនទាន់មានផែនការបើកឡើងវិញពេញលេញនៅឡើយទេ។
ក្នុងចំណោមអ្នកទីមួយដែលបានចូលគឺលោក Vohra Mohammad Huzef ដែលបានរួចផុតពីការបង្ហូរឈាម។ លោក Huzef ដែលជាវិស្វករស៊ីវិល Christchurch មកពីប្រទេសឥណ្ឌាបាននិយាយថា មិត្តរួមបន្ទប់របស់គាត់ពីរនាក់ត្រូវបានសម្លាប់ហើយគាត់អាចរស់បានដោយសារតែលាក់ខ្លួននៅក្រោមសាកសព។
ការវាយប្រហារនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រទេសដែលមានប្រជាជនចំនួន៤.៥លាននាក់មួយនេះហើយបានបង្កឲ្យមានភាពភ័យរន្ធត់នៅទូទាំងពិភពលោក។
ប្រទេសនូវែលហ្សេឡង់មានភាពស្ងប់ស្ងាត់កាលពីថ្ងៃសុក្រដើម្បីកត់សម្គាល់រយៈពេលមួយសប្ដាហ៍ចាប់តាំងពីការសម្លាប់រង្គាលនេះខណៈជនមូស្លីមបានអំពាវនាវឲ្យការអធិស្ឋានត្រូវបានផ្សាយទូទាំងប្រទេសហើយបន្ទាប់មកមានការស្មឹងស្មាធរយៈពេលពីរនាទីសម្រាប់អ្នកស្លាប់៕ AFP
Source: Kampuchea Thmey Daily
0 Comments