កំពង់ស្ពឺ ៖ ដោយសារខឹងប្រពន្ធមិនព្រមលស់ចិញ្ចៀន បុរសម្នាក់ បានទាញកាំបិតផ្គាក់ ដេញកាប់ប្រពន្ធ និង ឪក្មេក រត់ពេញភូមិ។
ករណីអំពើហិង្សាក្នុងគ្រួសារខាងលើ បានកើតឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៩និង២០នាទីព្រឹក ក្នុងភូមិត្រពាំងក្រឡូង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនបង្កអំពើហិង្សាមាន ឈ្មោះ មឿន នី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានទាញកាំបិតផ្គាក់ ប្រវែង៥៧សង់ទីម៉ែត្រ ដេញកាប់ទៅលើឪពុកក្មេក ឈ្មោះ មិន មួន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ និងប្រពន្ធខ្លួនឯង ឈ្មោះ មួន ភឿក អាយុ៤២ឆ្នាំ ប៉ុន្តែមិនបណ្ដាលឲ្យរងរបួសឡើយ។
នគរបាលបានឲ្យដឹងថា ចំពោះមូលហេតុ នៃអំពើហិង្សានេះ ដោយសារតែជនសង្ស័យបានយកចិញ្ចៀនមាសទៅបញ្ចាំគេយកលុយចាយអស់ ហើយមកដល់ផ្ទះប្រាប់ប្រពន្ធឲ្យយកលុយទៅលស់មកវិញ។ ពេលប្រពន្ធសួរដេញដោល លោកប្ដីខឹង ក៏កើតជារឿងឈ្លោះប្រកែកខ្លាំងតែម្ដង។
ខណៈពេលមានជម្លោះ ឪពុកក្មេកចូលជួយអន្តរាគមន៍កុំឲ្យឈ្លោះគ្នា ក៏កើតជាកំហឹង ស្ទុះទាញកាំបិតផ្គាក់ ដេញកាប់ផ្អើល អ្នកភូមិមកជួយឃាត់ប្រគល់ជូនសមត្ថកិច្ចនគរបាលភ្លាមៗ និងដកហូតបានកាំបិតផ្គាក់មួយ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments