កំពង់ឆ្នាំង ៖ កុមារីអាយុ៩ឆ្នាំម្នាក់ ត្រូវជនពុំស្គាល់អត្តសញ្ញាណចាប់អារ.ក ឲ្យរងរបួស ក្រោយពីប៉ុនប៉ងធ្វើអំពើអ្វីមួយមិនបានសម្រេច ខណៈដែលម្ដាយក្មេងស្រីរងគ្រោះចេញទៅធ្វើការនៅរោងចក្រ ហើយត្រូវបានកុមារីរងគ្រោះស្រែកឲ្យគេជួយ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ភូមិច្រកសង្កែ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ។
លោក ដួង ហុង អធិការនគរបាលស្រុកសាមគ្គីមានជ័យ ក្រោយពី ចុះពិនិត្យករណីនេះ បានឲ្យដឹងថា កុមារីរងគ្រោះមាន ឈ្មោះ វ ស ន អាយុ៩ឆ្នាំ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។ ដោយមុនពេលកើតហេតុ កុមារីរងគ្រោះនៅផ្ទះតែម្នាក់ឯង ព្រោះតាមទម្លាប់ម្ដាយកុមារីរងគ្រោះ បានងើបពីយប់ ជិះរថយន្តចេញទៅធ្វើការជាកម្មកររោងចក្រ ដោយទុកកូនឲ្យដេកនៅផ្ទះតែម្នាក់ឯង។
នៅព្រឹកថ្ងៃកើតហេតុនេះ ឆ្លៀតម្តាយកុមារីនោះមិននៅផ្ទះ មានជនពុំស្គាល់មុខម្នាក់ បានមកចាប់អារ .ក ក្មេងស្រីរងគ្រោះ ប៉ងធ្វើអ្វីមួយ ដែលលោកមិនហ៊ានបញ្ជាក់បានទេ ព្រោះមិនដឹងថា ដោយសារគំនុំ ឬប៉ងរំលោភ ឬជាអំពើប្លន់ក៏មិនអាចថាបាន តែសង្ស័យជារឿងប៉ុនប៉ងរំលោភច្រើនជាង ព្រោះពេលធ្វើសកម្មភាព កុមារីនោះបានស្រែកឲ្យគេជួយ ទើបជនដៃដល់ស្ទុះរត់គេចខ្លួនបាត់។
ក្រោយពេលមានការភ្ញាក់ផ្អើល សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុភ្លាមៗ ដោយបានយកកុមារីរងគ្រោះរងរបួស នៅ ក ប្រវែង៥សង់ទីម៉ែត្រ ទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ នៅក្នុងភូមិកើតហេតុ។
លោកអធិការនគរបាលស្រុកសាមគ្គីមានជ័យបានបន្តថា តាមការសាកសួរ កុមារីរងគ្រោះ បានប្រាប់ថា ពេលយប់ មើលមិនច្បាស់ទេ តែសង្ស័យថា បើមិន ពូកុក ក៏ពូឈីតដែរ ព្រោះយប់ងងឹតមើលមិនសូវឃើញ។ ទោះបីបែបនេះក្តី លោកអធិការបានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ កុក បានម្នាក់ហើយ តែមិនទាន់សាកសួរនៅឡើយទេ ចំណែក ឈ្មោះ ឈីត បានរត់គេចខ្លួនបាត់។
លោកអធិការស្រុកបានបញ្ជាក់ថា ទោះបីមិនទាន់ដឹងច្បាស់ថា ជនដៃដល់ជានរណាក្តី សមត្ថកិច្ច បានរកឃើញវត្ថុតាង មានស្បែកជើងបន្សល់ទុកនៅកន្លែងកើតហេតុមួយគូ និង ខោអាវ មួយកំប្លេ ចោលនៅក្នុងវត្ត ជិតកន្លែងកើតហេតុ។ ចំណែកជនសង្ស័យ ឈ្មោះ កុក ដែលឃាត់ខ្លួន ជាទម្លាប់ មិនដែលឃើញងូតទឹកពីព្រឹកសោះ តែនៅព្រឹកថ្ងៃកើតហេតុ បែរជាងូតទឹកពីព្រឹកខុសពីធម្មតា។
ដោយឡែក ឈ្មោះ ឈីត ដែលគេចខ្លួន មិនដែលចេញទៅណាសោះ ម៉េចបាត់ខ្លួនទៅកើតដែរ។
ជនសង្ស័យទាំងពីរនាក់ សុទ្ធតែជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារដូចគ្នា។ ចំពោះព័ត៌មាននេះពេលមានលទ្ធផលថ្មី អ្នកយកព័ត៌មានយើងនឹងបន្តរាយការណ៍ជូនបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments