កំពង់ចាម ៖ ដើម្បីចូលរួមចំណែកនៅក្នុងការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ការបណ្ដុះបណ្ដាលរបស់លោកគ្រូអ្នកគ្រូ និងការចូលរួមចំណែកកសាងវត្តអារាម នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម អំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី រួមមានកុំព្យូទ័រ laptop ចំនួន១ គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន១ គ្រឿង ម៉ាស៊ីនថតចម្លងចំនួន១គ្រឿង និងចាក់សាបផ្លូវដើរសម្រាប់សិស្សានុសិស្សនៅក្នុងបឋមសិក្សាព្នៅកើតចំនួន ៦៥០ម៉ែត្រការ៉េ និងកន្លែងលាងដៃសិស្ស ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាព្នៅកើត ស្ថិតក្នុងភូមិព្នៅកើត ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅចុងសប្ដាហ៍នេះ។
ដោយឡែក សម្រាប់វត្តសៀមបោយស្ថិតក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាមក៏បានទទួលអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ក្នុងនោះរួមមានស៊ីម៉ងត៍១០តោន ឥដ្ឋ១ម៉ឺនដុំ និងថវិកា១០ លានរៀលផងដែរ។
ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រីពេជចន្ទមុន្នី ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនិងការកសាងសមិទ្ធផលនានាដើម្បីជាគុណប្រយោជន៍រួមសម្រាប់សិស្សានុសិស្សរៀនសូត្រយកចំណេះវិជ្ជាកសាងអនាគតរបស់ពួកគេ និងសម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យទានកសាងអំពើល្អនៅក្នុងទីអារាមនេះ។
សូមបញ្ជាក់ថា ចំពោះការដោះស្រាយតាមសំណើខាងលើនេះ ត្រូវបានលោកហ៊ុន ម៉ាណែត ប្រកាសផ្តល់ជូនក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាចំនួន២ខ្នងស្មើ១០ បន្ទប់របស់សាលាបឋមសិក្សាព្នៅកើតស្ថិតនៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី9 ខែមីនាឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments