ព្រៃវែង ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម នៅក្នុងរថយន្ត ពេលសមត្ថកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យជាចោរលួចរថយន្ត។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២៣និង០០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជនរងគ្រោះ ដែលស្លាប់ ត្រូវបានគេស្គាល់ ឈ្មោះ យន សាវុធ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងម្នាក់ទៀត ឈ្មោះ វ៉ាន ខេមរិន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួស ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន។
រីឯជនដៃដល់ ឈ្មោះ ជឹម រតនៈ តួនាទីជាអធិការរងស្រុកព្រះស្ដេច និងត្រូវជាកូនប្រុស លោកឧកញ៉ា ជឹម សុខ។
បើតាមម្ដាយរបស់ ឈ្មោះ វ៉ាន ខេមរិន បានប្រាប់អ្នកព័ត៌មានយើងថា កូនគាត់មិនមែនជាចោរលួចរថយន្តទេ រីឯជនរងគ្រោះដែលស្លាប់ក៏ពុំមែនជាចោរដែរ។
ជុំវិញករណីខាងលើនេះ ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះដែលស្លាប់ បានទិញរថយន្ត ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF2679 ដោយបង់រំលោះ ពីម្ចាស់រថយន្ត ដោយនៅខ្វះលុយចំនួន៣,០០០ដុល្លារទៀត ហើយម្ចាស់ដើម ឈ្មោះ ផាន់ សុឌី ភេទប្រុស រស់នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្ន ជាជាងជួសជុលរថយន្ត នៅភ្នំពេញ។ ម្ចាស់ដើម បានជួលរថយន្តនោះ ឲ្យទៅជនជាតិចិន ក្រោយមក ជនរងគ្រោះ ឈ្មោះ យន សាវុធ បានទៅយករថយន្តនោះ ពីជនជាតិចិនទាំងទទឹងទិស រួចបើកពីភ្នំពេញ រត់គេចមក ផ្ទះជាមួយ ឈ្មោះ វ៉ាន ខេមរិន។ ទន្ទឹមនឹងនោះ ឈ្មោះ ផាន់ សុឌី គិតថាទិញរថយន្តឲ្យលុយមិនទាន់គ្រប់ផង បែរជាទៅយករថយន្ត ពីអតិថិជនអ្នកជួលទាំងទទឹងទិស ហើយគេចបាត់ទៀត ទើបខ្លួន ស្រាវជ្រាវតាមGPS បើកឡានតាមពីក្រោយ និងទូរស័ព្ទប្ដឹងសមត្ថកិច្ច ថាចោរលួចរថយន្តខ្ញុំហើយ។
ជាមួយគ្នានោះ សមត្ថកិច្ចPM ខេត្តព្រៃវែង បានបើករថយន្តដេញតាមពីក្រោយតាំងពីស្ពានអ្នកលឿង ត្រើយខាងកើត តាមបណ្ដោយផ្លូវជាតិលេខ១ ក៏បត់សំដៅទៅតាមផ្សារកំពង់សឹង និងស្រុកបាភ្នំ លុះដល់កន្លែងកើតហេតុខាងលើ ស្រាប់តែសមត្ថកិច្ចនគរបាលស្រុកព្រះស្តេច ដែលដឹកនាំដោយកូនរបស់ លោកឧកញ៉ា ជឹម សុខ ឈ្មោះ ជឹម រតនៈ មានតួនាទីជាអធិការរងស្រុកព្រះស្ដេច បានបាញ់ស្រោចជាច្រើនគ្រាប់ បណ្ដាលឲ្យជនសង្ស័យម្នាក់ស្លាប់ភ្លាមៗ ក្នុងរថយន្ត នៅក្នុងថ្លុកឈាមនិងម្នាក់ទៀតត្រូវឃាត់ខ្លួននៅអធិការស្រុកបាភ្នំ។
លោក ឈួន គឹម សាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានថ្លែងប្រាប់អ្នកយកព័ត៌មានយើង នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះថា កម្លាំងរបស់លោកមិនបានបាញ់ទេ គឺឆ្កោកពីក្រោយរថយន្តសង្ស័យប៉ុណ្ណោះ។
លោកបន្តថា អ្នកបាញ់ អាចជាសមត្ថកិច្ចនគរបាល ដែលគេស្ទាក់ពីមុខ ហើយនេះជាករណីសង្ស័យចោរលួចរថយន្ត។
ជុំវិញការបាញ់ស្លាប់មនុស្សដោយសង្ស័យថាចោរលួចរថយន្តនេះ លោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែងបានឲ្យភ្នាក់ងារកាសែត(កម្ពុជាថ្មី)ដឹងថា គឺសមត្ថកិច្ចរបស់លោកបានទទួលពាក្យបណ្ដឹងពីម្ចាស់រថយន្ត ហើយម្ចាស់រថយន្ត បានបើករថយន្តតាមមកពីក្រោយ និងមានកម្លាំងPMតាមមកជាមួយថែមទៀត លុះពេលដែលសមត្ថកិច្ចកំពុងដេញតាម ជនសង្ស័យដឹងខ្លួន ក៏បើកគេចចូលតាមស្រុកបាភ្នំ។ ពេលនោះ គឺសមត្ថកិច្ចបានស្ទាក់ឃាត់រថយន្តជនសង្ស័យ តែជនសង្ស័យមិនឈប់ ហើយថែមទាំងសំដៅបំបុកសមត្ថកិច្ចទៀត ក្រោយមកក៏មានការផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលឲ្យជនសង្ស័យស្លាប់តែម្តងទៅ។
លោកបានបន្តថា ការបាញ់នេះ គឺសមត្ថកិច្ចប្រើសិទ្ធិស្វ័យការពារ ចំណែកជនរងគ្រោះដែលស្លាប់នោះ គឺជាមុខសញ្ញាក្រុមចោរលួចរថយន្ត។ ទោះជាយ៉ាងណា មហាជន បានរិះគន់ទៅលើសមត្ថកិច្ចនគរបាលថា បើបាញ់ ក៏បាញ់ទៅចុះ តែបាញ់ទម្លាយកង់រថយន្តទៅ ចាំបាច់បាញ់សំដៅមនុស្ស បណ្តាលឲ្យជនរងគ្រោះដែលជាជនសង្ស័យស្លាប់បែបនេះទៅវិញ។ ពួកគាត់នៅរង់ចាំមើលថា តើសម្តេចក្រឡាហោម ស ខេង គិតបែបណាចំពោះមន្ត្រីនគរបាលដែលប្រព្រឹត្តបែបនេះ??៕
Source: Kampuchea Thmey Daily
0 Comments