Ad Code

ផឹក​ស្រា​ស្រវឹង ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ​វាយប្រហារ​ប្រពន្ធ​រហូត​ដល់​ស្លាប់



កំពង់ចាម ៖​ បុរស​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ពី​ប្រើ​​ហិង្សា​ វាយប្រហារ​ភរិយា​​របស់​ខ្លួន​រហូតដល់​ស្លាប់ ​ ព្រោះតែ​ប្រច័ណ្ឌ។

ប៉ូលិស​បាន​អោយ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៣ ​ខែ​មីនា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩ និង​០០​នាទី លោក​អនុសេនីយ៍ឯក ម៉ួ​ង ម៉​ង់​ឌី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជយោ បាន​ទទួល​ព័ត៌មាន​ថា នៅ​ចំណុច​ផ្ទះ​ឈ្មោះ ឃុ​ត ផុន ភេទ​ស្រី អាយុ​៧៧​ឆ្នាំ ក្នុងភូមិ​ត្រពាំង​ល្ពៅ ឃុំ​ជយោ ស្រុក​ចំការលើ មាន​ករណី​ឃាតកម្ម កើតឡើង។

ប៉ូលិស​បាន​បន្ត​ថា ក្រោយពី​បាន​ទទួល​ព័ត៌មាន​ភ្លាម ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប៉ែន ទៀង​ចំរើន អធិការ​នគរបាល​ស្រុក​ចំការលើ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ជយោ ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ ស្រាវជ្រាវ​ករណី​ឃាកម្ម នៅ​ចំណុច​ខាងលើ។

ប៉ូលិស​បាន​បន្ត​ថា ករណី​ខាង​លើ​​​នេះ ​កើតឡើង​កាលពី​ថ្ងៃ​នៅ​ថ្ងៃ​ទី​២៣ ​ខែ​មីនា ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១៨​និង​៤៥​នាទី ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ឈ្មោះ ច្រិច ដន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាតិខ្មែរ (​ជា​ប្តី​) នៅ​ភូមិ​ត្រពាំង​ល្ពៅ ឃុំ​ជយោ ស្រុក​ចំការលើ បាន​យក​ដំបង​ឈើ វាយ​ទៅលើ​ជនរងគ្រោះ​(​ជា​ប្រពន្ធ​) ឈ្មោះ ច​ន ថា អាយុ​៣៨​ឆ្នាំ ជាតិខ្មែរ បណ្តាលអោយ​របួស​ក្បាល និង​ដងខ្លួន​ជាច្រើន​កន្លែង​រហូតដល់​ស្លាប់។

ក្រោយ​ធ្វើ​សកម្មភាព​រួច ​ជនសង្ស័យ​បាន​រត់គេចខ្លួន បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​រហូតដល់​ម៉ោង​២០ និង​០០​នាទី​ថ្ងៃ​ដដែល បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​ចំណុច​លើផ្លូវ​ខេត្ត​លេខ​២២២ ក្នុងភូមិ​ត្រពាំង​ល្ពៅ ឃុំ​ជយោ។ បន្ទាប់មក​យើង​បាន​នាំ​ជនសង្ស័យ​ខាង​លើ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី។

តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ ​បានអោយដឹងថា ខ្លួន​ផឹក​ស្រា​ស្រវឹង ហើយ​មានទំនាស់​ជាមួយ​ប្រពន្ធ ដោយសារ​រឿង (​ប្រច័ណ្ឌ​)​ ​ ​ក៏​ជ្រុលដៃ​វាយ​ប្រពន្ធ​រហូតដល់​ស្លាប់៕
 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu