មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានធ្វើការគោរពវិញ្ញាណក្ខន្ធដល់អតីតមេដឹកនាំបដិវត្តន៍វៀតណាមលោកហូជីមិញកាលពីថ្ងៃសៅរ៍ មុនពេលចាប់ផ្តើមដំណើរដ៏ឆ្ងាយវិលត្រឡប់ទៅផ្ទះវិញឆ្លងកាត់ប្រទេសចិន បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់គាត់ជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅទីក្រុងហាណូយបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយ។
លោកគីមបានជិះរថភ្លើងរបស់គាត់នៅស្ថានីយព្រំដែន Dong Dang ក្នុងប្រទេសវៀតណាមមុនពេលធ្វើដំណើរទៅភាគខាងជើងឆ្ពោះទៅកាន់ប្រទេសចិនតាមផ្លូវទៅកាន់ទីក្រុងព្យុងយ៉ាង។ ដំណើរនេះគឺមានចម្ងាយ៤,០០០គីឡូម៉ែត្រដែលត្រូវគេរំពឹងថានឹងចំណាយពេលពីរថ្ងៃកន្លះ។
លោកគីមបានបញ្ឈប់ដំណើរមិនធម្មតាមួយនៅវិមានបេតុងដ៏រឹងមាំដែលជាកន្លែងសាកសពរបស់វីរបុរសឯករាជ្យវៀតណាមត្រូវបានតាំងបង្ហាញ។
នៅថ្ងៃខួបជាប្រវត្តិសាស្ត្ររបស់កូរ៉េខាងជើង លោកគីមតែងតែធ្វើការគោរពដល់អ្នកកាន់តំណែងមុនរបស់គាត់គឺឪពុករបស់គាត់ឈ្មោះគីមជុងអ៊ីលនិងជីតាគីមអ៊ីលស៊ុងនៅឯវិមានអនុស្សាវរីយ៍នៅជាយក្រុងព្យុងយ៉ាង។
ប៉ុន្តែគាត់មិនត្រូវបានគេដឹងថា ធ្លាប់បានធ្វើអ្វីស្រដៀងគ្នានេះសម្រាប់មេដឹកនាំបរទេសទេ។
មេដឹកនាំកូរ៉េខាងជើងបានកែសម្រួលខ្សែបូរនៅលើកម្រងផ្កាដ៏ធំដែលមានឈ្មោះនិងសាររបស់គាត់ថា “ការចងចាំស្រឡាញជាទីបំផុតដល់លោកប្រធានហូជីមិញ” មុនពេលឱនក្បាល។
លោកគីមបានធ្វើទស្សនកិច្ចនៅប្រទេសចិនចំនួន៤ដងប៉ុន្តែមិនមានសេចក្តីរាយការណ៍ណាមួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសនេះដែលថា គាត់បានធ្វើដំណើរទៅកាន់ចេតិយរបស់លោកម៉ៅសេទុងនៅក្នុងទីក្រុងប៉េកាំងទេ។
ប៉ុន្តែជីតារបស់លោកគីមគឺជាមិត្តភក្តិជិតស្និទ្ធរបស់លោកហូជីមិញនិងបានផ្តល់ឲ្យគាត់នូវអ្នកបើកយន្តហោះចម្បាំងនិងអ្នកឯកទេសសង្គ្រាមផ្លូវចិត្តអំឡុងពេលសង្គ្រាមរបស់គាត់ប្រឆាំងនឹងរបបដែលគាំទ្រដោយអាមេរិកនៅវៀតណាមខាងត្បូង។
ដំណើរទស្សនកិច្ចរបស់លោកគីមទៅកាន់ប្រទេសវៀតណាមគឺជាដំណើរលើកដំបូងដោយមេដឹកនាំកូរ៉េខាងជើងមួយរូបចាប់តាំងពីឆ្នាំ១៩៦៤មកនៅពេលដែលលោកគីមអ៊ីលស៊ុងក៏បានធ្វើដំណើរតាមផ្លូវដែកសម្រាប់ដំណើររបស់គាត់ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments