ភ្នំពេញ ៖ ជាការពិតណាស់មួយរយៈពេលចុងក្រោយនេះ ត្រូវបានទស្សនិកជនអ្នកគាំទ្រវិស័យសិល្បៈគ្រប់មជ្ឈដ្ឋានសង្កេតឃើញថា មានតារាចម្រៀង អ្នកនិពន្ធ និងផលិតកម្មក្នុងស្រុកមួយចំនួនបាននិងកំពុងតែងាកមកចាប់អារម្មណ៍តាមរយៈការជ្រើសរើសយកចម្រៀងមរតកដើមរបស់វិរសិល្បករ-សិល្បការិនី ជើងចាស់ទៅធ្វើការកែច្នៃ កាឡៃសាច់ភ្លេង ដើម្បីច្រៀងឡើងវិញ ក្នុងគោលបំណងទាញយកប្រជាប្រិយភាព និងការគាំទ្រ។
ស្របពេលជាមួយគ្នានោះដែរ បើតាមការកត់សម្គាល់ក្នុងចំណោមនោះ គឺមានតារាចម្រៀងប្រុស-ស្រី ឬការនិពន្ធទំនុកច្រៀងឡើងវិញនៃបទមរតកដើមមួយចំនួន តែងទទួលបានការគាំទ្រ និងលើកសរសើរពីសំណាក់មហាជនដោយសារការរក្សាបាននូវតម្លៃ ឬប្រភពរបស់ម្ចាស់ដើម។ ប៉ុន្តែក៏មានតារា និងអ្នកនិពន្ធខ្លះទៀត បានធ្វើឲ្យប្រាសចាកពីអ្វីដែលជាចង់បានរបស់មហាជនដូចជា ៖ ការយកបទចម្រៀងមរតកដើមទៅកែច្នៃកាឡៃខុសសាច់ភ្លេង ឬទំនុកច្រៀង ស្រែកច្រៀងរឡេរឡូ ពិសេសគឺមិនបានរក្សាប្រភពដើម។
ជាក់ស្តែងដូចជាថ្មីៗនេះបានផ្ទុះការរិះគន់យ៉ាងគំហុក និងគួរឲ្យអាម៉ាស់បំផុតលើតារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេ និងជាអតីតអ្នកកំប្លែង នាយ ចឺម ដែលបានយកបទ មរកតដើម មកកែច្នៃ កាឡៃសាច់ភ្លេង និងទំនុកច្រៀងស្រែកស្ទើរបែកមេឃ បង្កការភ្ញាក់ផ្អើល និងការរិះគន់ពីទស្សនិកជនស្ទើរពេញមួយផ្ទៃប្រទេស ដែលជាហេតុធ្វើឲ្យប្រជាប្រិយភាពអាចធ្លាក់ចុះក្រោយចេញចម្រៀងមួយបទនេះមានចំណងជើងថា អូនមាន សមនឹងអ្នកមានដូចគ្នា ខណៈដែលបទនេះ គឺជាការចម្លងចម្រៀងមរតកដើមមានចំណងជើងថា នឹកភូមិភ្នំធំ ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា។
ដោយឡែក ទន្ទឹមពេលដែលកំពុងតែមានមហាជនជាច្រើនបានបង្ហាញការមិនពេញចិត្ត និងរិះគន់លើការចម្លងបទមរតកដើមមកច្រៀងនាំឲ្យខូចទម្រង់ដើម នៃសាច់ភ្លេង ទំនុកច្រៀងនេះដែរ ក៏មានការបញ្ចេញទស្សនៈជាច្រើនពីទស្សនិកជន។មិនតែប៉ុណ្ណោះថ្មីៗនេះមានម្ចាស់Account Facebookមួយដែលត្រូវបានគេស្គាល់ថាជាតន្ត្រីករផងនោះ បានបញ្ចេញទស្សនៈរិះគន់របស់ខ្លួនជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធករណីខាងលើ។
ផ្នែកតាមខ្លឹមសាររបស់ម្ចាស់Account Facebookឈ្មោះ តូណាក់ ដែលត្រូវបានគេស្គាល់ថា ជាតន្ត្រីកររូបនេះ បានលើកឡើងចែកជាកម្រិតស្វែងយល់ដូច្នេះថា កម្រិតការយល់ដឹងរបស់បុគ្គល ៖ ជាក្រុមមនុស្សទុទ្ទិដ្ឋិនិយមខ្លាំងជាតារា និងជាក្រុមហ៊ុនដែលបំពុលបង្វក់មនុស្សជំនាន់ក្រោយឲ្យបំភ្លេចអតីតកាល មិនស្គាល់អ្វីថា ជាមរតកដោយសារតែក្រុមខ្លួនបាន បំភ្លៃស្នាដៃ មនុស្សជំនាន់មុន ទាំងងងើល មិនខ្វល់ពីផលប៉ះពាល់ ឲ្យតែអាចបានផលប្រយោជន៍មកបក្សពួករបស់ខ្លួន ...!។
ប្រភពបានលើកឡើងថា វិធីសាស្ត្រកែប្រែក្នុងតម្លៃ នៃឆន្ទៈ ៖ អ្នកអាចកែសម្រួលចង្វាក់សាច់ភ្លេងថ្មី ឬថតច្រៀងសាជាថ្មីជាមួយនឹងបច្ចេកទេសសំឡេងថ្មីបានទាំងឧបករណ៍តន្ត្រីថ្មីៗ (កាលជំនាន់នោះបច្ចេកទេសមិនទាន់ទំនើបដូចបច្ចុប្បន្ននេះ) ដើម្បីឲ្យបទនោះរឹតតែមានគុណភាពល្អ និងសំឡេងថ្មី ..។ ផ្ទុយទៅវិញ អ្នកគួរតែរក្សាMelody ដើម នឹងរឹតតែសំខាន់ទៅទៀត គឺ ឈ្មោះ និង សំណេរអត្ថបទដើម (ទំនុកច្រៀង) របស់កវីនិពន្ធជំនាន់នោះដោយត្រឹមត្រូវ...ទើបគេហៅថាការសម្រួលតន្ត្រីថ្មី។
បើតាមតន្ត្រីកររូបនេះបាននិយាយទៀតថា លទ្ធផលប្រកបដោយប្រសិទ្ធភាព ៖ បច្ចុប្បន្ននេះអ្នកខ្លះ ក៏អាចយកបទចម្រៀងចាស់ៗទាំងនោះមកបកស្រាយឡើងវិញបានយ៉ាងពីរោះ និង ជក់ចិត្តផងដែរដោយតាមវិធីសាស្ត្រខាងលើ មើលទៅរឹតតែមានសភាពរស់រវើករួមផ្សំនឹងការផលិតរូបភាពវីដេអូថ្មីៗប្លែកៗ នៃបទចម្រៀងទាំងនោះ ទាំងបទមនោសញ្ចេតនា និងបទកន្ត្រាក់អារម្មណ៍ជាដើម។
តារាចម្រៀងអាជីពខ្លះមានអ្នកគាំទ្រច្រើនលើសលប់រៀងៗខ្លួនរួចទៅហើយ បើទោះជាច្រៀងបទអ្វីក៏អ្នកគាំទ្រនៅតែជាអ្នកគាំទ្រដដែល...!។
ផ្ទុយទៅវិញ បើក្រុមហ៊ុនអ្នក និងអ្នកផ្ទាល់ មានឆន្ទៈចង់យកបទចាស់ៗ ទាំងនោះមកផលិតសាជាថ្មីតាមសេចក្តីត្រូវការជាមួយវិធីសាស្ត្រខាងលើនោះ តើវាមិនល្អទេឬ? អ្នកជាអ្នកសិល្បៈជំនាន់ថ្មី អាចយកបទចម្រៀងជំនាន់ចាស់មកច្រៀងបានយ៉ាងល្អ ហើយមានការគាំទ្រពីមហាជនធ្វើឲ្យអ្នកគាំទ្ររបស់អ្នកផ្ទាល់បានស្គាល់ និងចេះបកស្រាយតាមបាន ទើបវាជាគុណតម្លៃ ហើយក៏ជាគុណសម្បត្តិដ៏ធំក្នុងការជួយថែរក្សាស្នាដៃមរតកដើមរបស់កវី និពន្ធ និង វីរកវីនិពន្ធ នាជំនាន់នោះ។ មិនមែនច្រៀងស្រែករឡេរឡូ ហើយកែទំនុកច្រៀងមិនទទួលកំហុសអញ្ចឹងទេ វាច្រើនបទពេកហើយ កុំឲ្យលើសទៀត(ផឹកទឹកកុំភ្លេចប្រភព បានម្លប់ កុំភ្លេចក្តៅ) រិះគន់ដើម្បីស្ថាបនា។ នេះជាការលើកឡើងរបស់ម្ចាស់Account Facebookឈ្មោះ តូណាក់។
សូមបញ្ជាក់ថា ការបញ្ចេញទស្សនៈខាងលើនេះ បានធ្វើឡើងក្រោយពេលមានបុគ្គលមួយចំនួនដែលបានរក្សាជំហរ នៃការគាំទ្រតារាចម្រៀង នាយ ចឺម ខណៈដែលមានការរិះគន់យ៉ាងស្ពឹកមុខក្រោយពេលចម្លងបទមរតកដើមមកស្រែកច្រៀងស្ទើរផ្អើលអ្នកគាំទ្រ។ មិនត្រឹមតែប៉ុណ្ណោះក៏មានម្ចាស់Account Facebook ឈ្មោះ Boty Phen ដែលអះអាងខ្លួនថា ជាអ្នកធ្វើបទឲ្យ នាយ ចឺម ល្បីជាច្រើនកន្លងមក បានចេញខ្លួនប្រឆាំងនឹងការរិះគន់របស់មហាជនបែបនេះថា ក្នុងនាមជាអ្នកភ្លេងដូចគ្នាមិនគួរយកការច្រណែនដែលខ្ញុំធ្វើបទល្បីៗច្រើនជាង ស្របពេលខ្លួនមិនមានបទល្បីអ្វីល្បីសោះនោះ។
ប្រភពដដែលបានបន្ថែមថា សូមទោសបងៗអ្នកភ្លេងរៀមច្បងដ៏ល្អលើលោក ខ្ញុំធ្វើបទបែបនេះឲ្យ ចឺមល្បីច្រើនមកហើយ តែយ៉ាងហោចណាស់ក៏គ្រាន់បើជាងអ្នកភ្លេងខ្លះលួចបទរបស់គេ(ខ្ញុំ)យកទៅច្រៀង ធ្វើជារបស់ខ្លួនធ្វើព្រងើយនោះដែរ៕
Source: Kampuchea Thmey Daily
0 Comments