តាកែវ ៖ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបានខេត្តតាកែវ បានដាស់តឿនមន្ត្រីប៉ូលិសនៅតាមមូលដ្ឋានគ្រប់ស្រុកក្រុងទាំង១០ ទូទាំងខេត្តតាកែវ ធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់រាល់បទល្មើសនានា ឲ្យមានប្រសិទ្ធភាពខ្ពស់ ជាជាងកើតហេតុរួចហើយ ទើបចុះបង្ក្រាបយកស្នាដៃ។
ជាមួយនឹងការដាស់តឿនមន្ត្រីប៉ូលិសគ្រប់ស្រុក/ក្រុងទាំង១០ ឲ្យបំពេញភារកិច្ចមានប្រសិទ្ធភាពខ្ពស់នោះ លោកស្នងការ ក៏បានធ្វើការកោតសរសើរដល់កងកម្លាំងរបស់ខ្លួន ជាមួយនឹងកិច្ចការងារខិតខំប្រឹងប្រែងធ្វើការងាររួមគ្នា លើការងារបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសនានា ដែលកើតមានឡើងនៅក្នុងមូលដ្ឋានកន្លងមកផងដែរ។
លោកស្នងការបញ្ជាក់ថា បទល្មើសឧក្រិដ្ឋ ដែលកើតមានឡើងក្នុងឆ្នាំ២០១៨កន្លងទៅ មានចំនួន១៧៥លើក ក្នុងនោះសមត្ថកិច្ចអាចធ្វើការបង្ក្រាបបានចំនួន១៧៣ករណីទៅហើយ ដែលស្មើនឹង៩៨%។ នេះ ជាចំណុចជោគជ័យមួយលើការងារដោះស្រាយ និងស្វែងរកយុត្តិធម៌ទៅដល់ជនរងគ្រោះផងដែរ។
ជាមួយនឹងភាពជោគជ័យនេះ លោកឧត្ដមសេនីយ៍ទោ សុខ សំណាង បានមានប្រសាសន៍សង្កត់ធ្ងន់ថា នេះជាលទ្ធផលល្អប្រសើរមួយ ហើយសូមឲ្យស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ បន្តការយកចិត្តទុកដាក់លើការងារនេះបន្ថែមទៀត ដើម្បីបន្តស្រាវជ្រាវ និងបង្ក្រាបឲ្យអស់រាល់បទល្មើសឧក្រិដ្ឋដែលកើតមានឡើង នៅក្នុងទឹកដីខេត្តតាកែវរបស់យើង ពិសេស មន្ត្រីប៉ូលិសនៅតាមមូលដ្ឋាន ត្រូវមានវិធានការទប់ស្កាត់បទល្មើសនានាឲ្យមានប្រសិទ្ធភាពខ្ពស់។
ការថ្លែងបែបនេះ គឺ លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ របស់ស្នងការនគរបាលខេត្តតាកែវ និងផ្សព្វផ្សាយទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ឆ្នាំ២០១៩ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការនគរបាលខេត្តតាកែវ៕
Source: Kampuchea Thmey Daily
0 Comments