លោកគ្រូបង្វឹក Conor Nestor គ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀង បានសម្រេចជ្រើសរើសយកកីឡាករ សឿយ វិសាល ឲ្យកាន់តួនាទីជាប្រធានក្រុមសម្រាប់រដូវកាល២០១៩នេះទាំងក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) និង ពានរង្វាន់សម្តេចតេជោហ៊ុន សែន។
លោក Conor បានបញ្ជាក់ពីមូលហេតុដែលលោកបានសម្រេចជ្រើសរើសកីឡាករ សឿយ វិសាល ជាប្រធានក្រុម «សម្រាប់ខ្ញុំអ្នកពាក់ស្លាកប្រធានក្រុមមិនសំខាន់នោះទេ បើសិនជាពុំមានកីឡាករ១១នាក់នៅលើទីលានធ្វើការ និងទំនួលខុសត្រូវ ចឹងយើងមិនអាចជោគជ័យបាននោះទេ។ វិសាល ដែលពាក់ស្លាកប្រធានក្រុមទាំងនៅក្លិប និងក្រុមជម្រើសជាតិ មានភាពជឿជាក់ និងពុំសូវទទួលរងសម្ពាធ។ សម្រាប់ការគិតរបស់ខ្ញុំទៅលើគេផ្ទាល់តែម្តងវាជាការល្អសម្រាប់រូបគេក្នុងការពាក់វា។ ហើយខ្ញុំរំពឹងថា បើសិនជាមានកីឡាករវ័យក្មេងលេងនៅលើទីលាន រូបគេនឹងធ្វើការណែនាំ និងមានទំនួលខុសត្រូវ។ ខ្ញុំសប្បាយចិត្តពេលមានរូបគេប្រធានក្រុម ហើយខ្ញុំក៏ជឿជាក់ថា ក្នុងក្លិបរបស់យើងមានកីឡាករជាច្រើនអាចធ្វើជាប្រធានក្រុម»។
យោងតាមការបញ្ជាក់នៅលើវិបសាយផ្លូវការរបស់ខ្លួនថា សម្រាប់ការចាត់តាំងរបស់លោកគ្រូបង្វឹក Conor Nestor គឺក្រៅពីកីឡាករ សឿយ វិសាល ជាប្រធានក្រុម នោះកីឡាករ ជា សំណាង ជាប្រធានក្រុមទី២ ហើយកីឡាករ ប្រាក់ មុន្នីឧត្តម ប្រធានក្រុមទី៣ និង កីឡាករ ណុប តុលា ប្រធានក្រុមទី៤។
សូមរំលឹកថា ក្រោយទទួលបាន៣ពិន្ទុក្នុងជ័យជម្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងសប្ដាហ៍ដំបូង បានរុញឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឡើងឈរចំណាត់ថ្នាក់លេខ២ប្រចាំតារាងពោលគឺនៅពីក្រោមក្រុមគីរីវង់សុខសែនជ័យ ដែលឈរលេខ១ ពោលគឺខុសគ្នាត្រង់គ្រាប់បាល់ចំណេញដែលទាត់ចូលទីគូប្រកួត។ សម្រាប់ប្រកួតបន្ទាប់ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដោយប៉ះក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរនៅម៉ោង៣និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋានខេត្តសៀមរាប៕
Source: Kampuchea Thmey Daily
0 Comments