ភ្នំពេញ ៖ ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះសម្បែងចំនួន៥២ គ្រួសារ នៅភូមិព្រែកទាល់២ សង្កាត់ស្ទឹងមានជ័យ១ បានទទួលការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ថ្នាក់ដឹកនាំអង្គការមូលនិធិកុមារកម្ពុជា និងអាជ្ញាធររាជធានីភ្នំពេញគ្រប់លំដាប់ថ្នាក់រួមនឹងសប្បុរសជនិងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត។
លោកស្រីពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះសម្បែងចំនួន៥២ គ្រួសារ និងបានពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅកន្លែងកើតហេតុ ព្រមទាំងបាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនរួមមានសម្ភារៈថវិកាគ្រឿងឧបភោគបរិភោគជាច្រើនសម្រាប់ផ្តល់ជូនជនរងគ្រោះក្នុងការប្រើប្រាស់ និងការរស់នៅប្រចាំថ្ងៃបណ្ដោះអាសន្ន ដែលនៅក្នុងនោះ ក្នុងមួយគ្រួសារទទួលបានអង្គរ២៥ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរ ទឹកដោះគោ១កេស ទឹកក្រូច១កេស ក្រមា២ សារ៉ុង២ ភួយ១ និងថវិកា៤០ម៉ឺនរៀល ព្រមទាំងបានប្រគល់សម្ភារៈថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់អង្គការមូលនិធិកុមារកម្ពុជាផងដែរ។
លោកស្រី ពេជ ចន្ទមុន្នី បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង៥២ គ្រួសារ ដែលលោកទាំងពីរបានគិតគូរយកចិត្តទុកដាក់សុខទុក្ខជាប់ជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។ លោកស្រីបញ្ជាក់ថា គ្រាន់តែសម្ដេចទាំងពីរបានទទួលព័ត៌មានភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានចាត់ឲ្យក្រុមការងារចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ និងបានផ្ដល់នូវអំណោយជាសម្ភារៈ ថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនភ្លាមៗផងដែរ។ លោកស្រីបញ្ជាក់ថា ដោយយល់ពីការលំបាក និងជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកបានសម្រេចសាងសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះចំនួន៥២គ្រួសារ។
លោក Scott Neeson បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះដោយបានផ្ដល់ទាំងសំភារៈថវិកា គ្រឿងឧបភោគបរិភោគ និងជាពិសេសថែមទាំងបានសាងសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះចំនួន៥២ គ្រួសារបន្ថែមទៀត។ ប្រធានអង្គការរូបនេះក៏បានបញ្ជាក់ថានេះ គឺជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេច ហើយលោកបន្ថែមថា តាមរយៈការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំទាំងអស់នេះ លោកសង្ឃឹមថានឹងឃើញសហគមន៍មួយនេះក្លាយទៅជាសហគមន៍មួយដែលអភិវឌ្ឍ និងគ្មានគ្រឿងញៀន។
សូមបញ្ជាក់ថា ក្រៅពីការយកចិត្តទុកដាក់ពីសុខទុក្ខក្នុងការផ្ដល់នូវសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ និងការសាងសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះចំនួន៥២ គ្រួសារនៅតំបន់នេះអាជ្ញាធររាជធានីភ្នំពេញ ក៏នឹងគ្រោងតបណ្ដាញទឹកស្អាត នឹងធ្វើឯកសារពាក់ព័ន្ធមួយចំនួនដូចជាសំបុត្រកំណើត លិខិតស្នាក់នៅ សៀវភៅគ្រួសារជាដើម ហើយក្រៅពីនោះ ចំពោះកុមារាកុមារី ឬអ្នកជំងឺ ដែលមានជំងឺដោយសារអាកាសធាតុក្តៅនៅតំបន់នេះ ក៏ទទួលការព្យាបាលពីសំណាក់អង្គការមូលនិធិកុមារកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោផងដែរ៕
Source: Kampuchea Thmey Daily
0 Comments