Ad Code

ឆ្នាំនេះ ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​មិន​ធ្វើ​ឲ្យ​អ្នកទស្សនា​ខកបំណង​ឡើយ



សៀមរាប ​៖ ​ព្រឹត្តិការណ៍​សម​រាត្រី (Equinox) រដូវប្រាំង (Vernal Equinox) បានបង្ហាញ​វត្តមាន​ដ៏​ត្រចះត្រចង់​នៃ​ដួងព្រះអាទិត្យ​រះ​ចំ​កណ្តាល​ប្រាង្គ​ប្រាសាទអង្គរវត្ត បង្កើតបាន​នូវ​ទស្សនីយភាព​ពណ៌​មាស​ដ៏​ស្រស់ត្រកាល​ទាក់ទាញ​ចិត្ត​អ្នកទស្សនា​ជាតិ​-​អន្តរជាតិ​ជាច្រើន​ពាន់​នាក់​នា​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦និង៣០​នាទី​។



​ថ្វីត្បិតតែ​ព្រះអាទិត្យ​មិន​រះ​ចំ​កណ្តាល​ប្រាង្គ​ប្រាសាទអង្គរវត្ត​ពេញលក្ខណៈ តែ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​បាន​ធ្វើ​ឲ្យ​អ្នកទស្សនា​ដោយ​ផ្ទាល់​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់ នូវ​ភាព​ស្រស់ស្អាត​នៃ​ធម្មជាតិ​ជះ​ពន្លឺ​មាស​មកលើ​កំពូល​ប្រាសាទអង្គរវត្ត​។



សូម​បញ្ជាក់​ដែរ​ថា ជា​រៀងរាល់​ឆ្នាំ ព្រឹត្តិការណ៍​សម​រាត្រី (Equinox) តែងតែ​កើតមាន​២​ដង គឺ​នៅ​រដូវប្រាំង (Vernal Equinox) កើត​ទ្បើង​នៅ​ខែមីនា និង​សម​រាត្រី​រដូវវស្សា (Autumnal Equinox) កើត​ទ្បើង​នៅ​ខែកញ្ញា​។ ព្រឹត្តិការណ៍​ព្រះអាទិត្យ​នេះ​ជា​អច្ឆរិយការណ៍​របស់​អង្គរវត្ត មិនមែន​ជា​របកគំហើញ​ថ្មី​នោះ​ទេ តែ​ជា​បទ​សិក្សា​ដែល​អ្នកស្រាវជ្រាវ​ធ្លាប់​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​ខ្លះៗ​មក​ហើយ​។ បទ​សិក្សា​នោះ គឺ​ស្វែងយល់​អំពី​ទំនាក់ទំនង​រវាង​សំណង់​ស្ថាបត្យកម្ម​បុរាណ​និង​តារាសាស្ត្រ ដើម្បី​បញ្ជាក់ថា វា​មិនមែន​ជាហេតុ​ចៃដន្យ ឬ​ជា​អព្ភូត​ហេតុអ្វី​នោះទេ តែ​នេះ​ជាការ​ដឹង​ជាមុន​ផ្នែក​តារាសាស្ត្រ​នៃ​អ្នកប្រាជ្ញ​បុរាណ​ដែល​ដឹកនាំ​កសាង​ប្រាសាទអង្គរវត្ត​។



អង្គរវត្ត​ត្រូវ​បាន​ស្ថាបនា​ទ្បើង​ដោយមាន​ការសិក្សា​គន់គូរ​យ៉ាង​ល្អិតល្អន់​របស់​អ្នកប្រាជ្ញ​បណ្ឌិត​សម័យ​អង្គរ រួមផ្សំ​គ្នា​រវាង​ទ្រឹស្តី​គណិតសាស្ត្រ វិស្វកម្ម និង​តារាសាស្ត្រ​។ នេះ​ក៏​ជា​ហេតុផល​វិទ្យាសាស្ត្រ​មួយ ដែល​បំពេញ​ចម្លើយ​ចំពោះ​សំណួរ​ដែល​សួរ​មិនចេះចប់​ថា ហេតុដូចម្តេច​បានជា​អង្គរវត្ត​បែរមុខ​ទៅ​ទិស​ខាងលិច​៕







Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu