បាត់ដំបង ៖ ជនសង្ស័យមួយសំបុក ដែលជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មនៅលើផ្ទៃទឹក នាបឹងទន្លេសាប និងត្រូវបានកម្លាំងប៉េអិមប្រចាំស្នាក់ការសន្តិសុខ ៥០៨ បង្ក្រាបបាន រួមជាមួយនឹងថ្នាំញៀនជាច្រើនកញ្ចប់ផងដែរ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពចំនួន៥នាក់វិញហើយ។
គួរបញ្ជាក់ដែរថា កាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ កម្លាំងស្នាក់ការសន្តិសុខ ៥០៨ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលដឹកនាំដោយលោកអនុសេនីយ៍ត្រី ពៅ ទុំ ប្រធានស្នាក់ការសន្តិសុខ ៥០៨ ប្រចាំតំបន់បឹងទន្លេសាប បានចេញប្រតិបត្តិការទៅកាន់ចំណុចភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីក្តោបមុខសញ្ញា។
នៅក្នុងកិច្ចប្រតិបត្តិការនេះ លោកប្រធានស្នាក់ការ សន្តិសុខ ៥០៨ រួមនឹងកម្លាំងរបស់លោកបានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនជាក់ស្តែង ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្នុងនោះគឺ ៖
១.ឈ្មោះ ថា ចិន្តា ភេទស្រី អាយុ២៦ឆ្នាំ មេខ្លោងធំ
២.ឈ្មោះ ប៉ូ ហ៊ួយ ភេទស្រី អាយុ៥៤ឆ្នាំ
៣.ឈ្មោះ ផល ថា ភេទប្រុស អាយុ៥៨ឆ្នាំ
៤.ឈ្មោះ ថា សំ ភេទស្រី អាយុ២០ឆ្នាំ
៥.ឈ្មោះ ថា សល់ ភេទប្រុស អាយុ១៧ឆ្នាំ
៦.ឈ្មោះ មាន សុភក្រ័ ភេទប្រុស អាយុ៣៩ឆ្នាំ ជនទាំង៦នាក់ រស់នៅភូមិ/ឃុំ ខាងលើ និងមានមុខរបរនេសាទ។
ក្នុងការឃាត់ខ្លួនមុខសញ្ញាដែលតែងធ្វើសកម្មភាពចែកចាយយ៉ាងសកម្មនៅក្នុងតំបន់បឹងទន្លេសាបនេះដែរ កម្លាំងបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣០កញ្ចប់ ស្មើនឹងទម្ងន់៦,៥២ក្រាម ទូរស័ព្ទដៃ១គ្រឿង លុយដុល្លារ១៥៥ដុល្លារ និង លុយខ្មែរចំនួន៨១ម៉ឺនរៀល ដោយបច្ចុប្បន្នកំពុងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី ព្រោះបើយោងតាមចម្លើយសារភាពរបស់មេខ្លោង ឈ្មោះ ថា ចិន្តា បានរៀបរាប់ថា កន្លងមក បើទោះបីជាស្វាមីរបស់ខ្លួនត្រូវជាប់ពន្ធនាគារនៅខេត្តសៀមរាប ពីបទជួញដូរថ្នាំញៀនក៏ដោយ នាងនៅតែបន្តមុខរបរនេះដដែល ដោយមានឈ្មួញធំដែលមានទីលំនៅ នៅស្រុកពួក យកថ្នាំមកប្រគល់ឲ្យខ្លួននៅចំណុចចុងទឹក ( មេជ្រៃ ) ក្នុងទឹកដីខេត្តសៀមរាប ដើម្បីចែកចាយបន្ត។
លុះនៅព្រលប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងសមត្ថកិច្ច៥០៨ បានសំដែងនូវប្រតិកម្មយ៉ាងខ្លាំង ដែលស្ទើរតែធ្វើឲ្យអស់ទឹកចិត្តក្នុងការបំពេញការងារ ដោយសារតែពួកគេបានទទួលដំណឹងថា ជនសង្ស័យទាំង៦នាក់នោះ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាព ចំនួន៥នាក់វិញហើយ ដែលសំណុំរឿងនេះ គឺនៅក្នុងដៃលោកព្រះរាជអាជ្ញារង ប៉ង់ ចាន់សុយុទ្ធារ៉ា គឺមិនទាន់បានបញ្ជូនទៅដល់លោកចៅក្រមណាមួយនោះឡើយ ហើយចោទទៅលើស្ត្រីតែម្នាក់ប៉ុណ្ណោះ ដែលមាន ឈ្មោះ ថា ចិន្តា។
នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២១មីនា នេះ កម្ពុជាថ្មី បានសុំជួបលោកព្រះរាជអាជ្ញារង ប៉ង់ ចាន់សុយុទ្ធារ៉ា ដើម្បីសុំការបំភ្លឺជុំវិញការដោះលែងជនសង្ស័យទាំង៥នាក់ ដោយលោកបាននិយាយថា ដើមហេតុគឺប្តីរបស់នាងដែលជាប់គុកនៅខេត្តសៀមរាប បានផ្ដាំផ្ញើឲ្យនាងយកថ្នាំញៀនរបស់ខ្លួនដែលនៅសល់ យកទៅកម្ទេចចោលផង ទើបនាងយកកំប៉ុងថ្នាំនោះដាក់ក្នុងកាបូបស្ពាយ ធ្វើដំណើរទៅផ្ទះម្តាយដើម្បីសួរយោបល់ ក៏ស្រាប់តែសមត្ថកិច្ចទៅដល់ល្មម ព្រមទាំងបានឃាត់ខ្លួនមួយសំបុកមកតែម្តង។ ឯចម្លើយរបស់ស្ត្រីជាម្តាយក៏បានបញ្ជាក់ថា ខ្លួនក៏ធ្លាប់បានយកកាបូបថ្នាំទៅហុចឲ្យកូនដែរ ដើម្បីជួយលក់ឲ្យម៉ូយ ខណៈដែលកូនស្រីកំពុងរវល់។
លោកបានបន្តថា ហេតុដូច្នេះហើយទើបលោកសម្រេចលើកលែងជនទាំង៥នាក់ ឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយសារតែពួកគេមិនមានការពាក់ព័ន្ធ ហើយអ្វីដែលលោកហ៊ានធ្វើ គឺលោកហ៊ានទទួលខុសត្រូវ។
បើគេប្រៀបធៀបចម្លើយសារភាពរបស់ស្ត្រីដែលជាមេខ្លោងជួញដូរគ្រឿងញៀន ដែលបានសារភាពនៅកន្លែងប៉េអិម និងការសារភាពនៅក្នុងតុលាការ វាហាក់បីដូចជាមានការខុសគ្នាមេឃ និងដី និងស្ទើរតែគ្មានបន្ទុកដាក់ទៅលើមុខសញ្ញានេះផង ស្របពេលដែលបច្ចុប្បន្ន រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន កំពុងពង្រឹងទៅលើការបង្ក្រាបមុខសញ្ញាគ្រឿងញៀនឲ្យបានខ្លាំងក្លាផងនោះ។
បើទោះបីជាតុលាការធ្វើបែបនេះក៏ដោយ ក៏មន្ត្រីកងរាជអាវុធហត្ថមួយរូប បានលើកជាសំណួរ ២ ចំណុចថា បើមុខសញ្ញាមិនបានធ្វើសកម្មភាពទេ សមត្ថកិច្ចក៏មិនឈឺក្បាលទៅតាមប្រមាញ់បែបនេះដែរ ម្យ៉ាងទៀត គឺ ហេតុអ្វីបានជាតុលាការជឿជនល្មើសជាងជឿសមត្ថកិច្ចទៅវិញ ហើយអ្នកណាមួយដែលឮសម្ដីផ្ដាំផ្ញើរបស់ប្តីជនល្មើស?៕
Source: Kampuchea Thmey Daily
0 Comments