ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្នើឲ្យ ក្រសួងទូរគមនាគមន៍នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាមចែករំលែកផ្នែកបច្ចេកវិទ្យា និងព័ត៌មានគ្នាទៅវិញទៅមក ជាពិសេសការជួយអភិវឌ្ឍធនធានមនុស្សដល់កម្ពុជា ព្រោះវាជាកត្តាសំខាន់ដែលអាចឲ្យកម្ពុជាអភិវឌ្ឍផ្នែកបច្ចេកវិទ្យា។
សម្តេចតេជោ ហ៊ុន សែន បានស្នើបែបនេះទៅកាន់លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលត្រូវបានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារកាលពីល្ងាចថ្ងៃទី១៤ ខែ មិនានៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឲ្យដឹងថា នៅក្នុងជំនួបនោះ លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍នៃវៀត ណាមបានជម្រាបជូនសម្តេចតេជោថា នេះជាលើកទីមួយហើយដែលលោកបានអញ្ជើញមកការទស្សនកិច្ចកម្ពុជា បន្ទាប់ពីត្រូវបានតែងតាំងជារដ្ឋមន្ត្រីនៃក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម។
លោកបានគោរពរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាពនៃវិស័យព័ត៌មាននិងទូរគមនាគមន៍វៀតណាម។ ដោយលោកបានលើកឡើងថា ប៉ុន្មានឆ្នាំថ្មីៗនេះវៀតណាមបានបង្កើតឡើងនូវបច្ចេកវិទ្យាដើម្បីការពារសន្តិសុខបណ្ដាញព័ត៌មាន ដែលនោះគឺជាបច្ចេកវិទ្យាសម្រាប់តាមដាន និងវិភាគទិន្នន័យដែលអាចធ្វើឲ្យអាចទប់ស្កាត់បាននូវឧក្រិដ្ឋកម្មព័ត៌មានវិទ្យា។
ជាមួយគ្នានោះ លោកក៏បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីអំពីលទ្ធផលនៃជំនួបពិភាក្សាការងាររវាងរូបលោកជាមួយនឹងរដ្ឋមន្ត្រីក្រសួងទូរគមនាគមន៏កម្ពុជាពាក់ព័ន្ធនឹងបញ្ហា E-gorvement និង E-commerce. ក៏ដូចជាការរៀបចំទីក្រុងឆ្លាតវៃ និង ការឯកភាពគ្នាលើការដាក់ឲ្យដំណើរការប្រើប្រាស់ប្រព័ន្ធ 5G ការប្រើប្រាស់ប្រព័ន្ធបង់ប្រាក់តាម electronic និងសហប្រតិបត្តិការលើការផ្លាស់ប្ដូរព័ត៌មាននិងការអភិវឌ្ឍធនធានមនុស្ស ។ ជាមួយគ្នានេះ លោកក៏បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា វៀតណាមនឹងផ្ដល់អាហារូបករណ៍ដល់មន្ត្រីកម្ពុជា ៤ រូបដើម្បីទៅសិក្សាអំពីបច្ចេកវិទ្យាព័ត៌មានវិទ្យានេះនៅប្រទេសវៀតណាម។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍និងអបអរសាទរចំពោះការរីកចម្រើនរបស់វិស័យ ITC របស់វៀតណាម ពិសេសប្រព័ន្ធបច្ចេកវិទ្យាការពារសន្តិសុខ។ សម្តេចបានស្នើឲ្យភាគីទាំងពីរធ្វើយ៉ាងណាចែករំលែកផ្នែកបច្ចេកវិទ្យានិងព័ត៌មានគ្នាទៅវិញទៅមកនិងការជួយអភិវឌ្ឍធនធានមនុស្សដល់កម្ពុជា ព្រោះវាជាកត្តាសំខាន់ដែលអាចជួយឲ្យកម្ពុជាអាចគ្រប់គ្រងបាននូវបណ្តាញព័ត៌មាននិងទប់ស្កាត់បាននូវឧក្រិដ្ឋកម្មព័ត៌មានវិទ្យា៕
Source: Kampuchea Thmey Daily
0 Comments